ព័ត៍មានទាន់​ហេតុការណ៏
Search

“​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២” គ្រោង​នឹងសិក្សា​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ ៖ គោលបំណង​ចំនួន​បី​បាន​លើក​ឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​គំរោង​ស្រាវជ្រាវ​«​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២»​ដែល​បាន​ធ្វើឡើង​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​នា​ព្រឹក​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៩ ក្រោម​ការដឹកនាំ​របស់​លោក​បណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។

លោក​បណ្ឌិត យ៉ង់ ពៅ បាន​មានប្រសាសន៍​ឲ្យ​ដឹង មូលហេតុ​អ្វី​ដែល​បានជា​ក្រុមការងារ​ស្រាវជ្រាវ​លើកយក​គម្រោង «​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២»​នេះ​មក​សិក្សា​?​ដោយសារតែ​យើង​ដឹង​ហើយ​ថា​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ (១១១៣-១១៥០ គ​.​ស​.) ជា​ព្រះរាជា​មួយ​អង្គ​ដែល​គេ​ស្គាល់​ថា​ចូលចិត្ត​ធ្វើសង្គ្រាម បាន​ចូលរួមចំណែក​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​អាណាចក្រ​។ ស្នាដៃ​របស់​ព្រះអង្គ​ដែល​មនុស្សជាតិ​ក្នុង​ពិភពលោក​ស្គាល់​គឺ «​ប្រាសាទអង្គរវត្ត​» ដែលជា​សំណង់​ប្រាសាទ​សាសនា​ធំជាងគេ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២​។ ប្រាសាទអង្គរវត្ត​ដែលជា​ស្នាដៃ​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ ត្រូវ​បា​គេ​ទទួលស្គាល់ថា ជា​ស្នាដៃឯក មាន​ទំហំ​ធំ និង​កម្ពស់​ស្កឹមស្កៃ​។ ក្រៅពី​ប្រាសាទអង្គរវត្ត ព្រះអង្គ​បាន​កសាង​ប្រាសាទធំ​ជាច្រើន​ទៀត ទាំង​ក្នុង​តំបន់​អង្គរ និង​នៅតាម​ខេត្ត​នានា​ក្នុង​ព្រះ​រាជណា​ចក្រ​កម្ពុជា​។

លោក​បណ្ឌិត​បាន​បញ្ជាក់​អំពី​គោលបំណង​នៃ​ការស្រាវជ្រាវ​នេះ​ គឺ​ផ្ដោត​សំខាន់​ទៅលើ​ចំណុច​មួយចំនួន​រួមមាន​ទី​១ សិក្សា​ស្រាវជ្រាវ​អំពី​គំនិត​នៃ​ការដឹកនាំ ទី​២ ស្នាដៃ​របស់​ព្រះអង្គ​ដែល​លេចធ្លោ​និង​ទី​៣ លក្ខណៈ​ពិសេស​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ ផងដែរ​។ គម្រោង​ស្រាវជ្រាវ​នេះ​គឺមាន​រយៈពេល​៤​ខែ ដោយ​សិក្សា​ផ្ដោត​ទៅ​ប្រាសាទ​មួយចំនួន​ក្នុង តំបន់​អង្គរ​៕