ព័ត៍មានទាន់​ហេតុការណ៏
Search

ដំណាំ​សណ្ដែកកួរ​ បាន​ថ្លៃ​ជាង​បន្លែ​ដទៃទៀត

កណ្តាល​ ៖ សណ្ដែកកួរ​មាន​អ្នក​ដៃ​តិចតួច​ដោយ​ប្រជាកសិករ​យើង​ភាគច្រើន​ដែល​ដាំ​ដុះ​ភាគច្រើន​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ដោយសារ​ដំណាំ​នេះ​មាន​រយៈពេល​ខ្លី បាន​ផល​ច្រើន និង​មានតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​ក្នុងស្រុក។

លោក ផាន់​ណា ដែល​រស់​នៅ​ក្នុង​ឃុំ​ស្វាយ​ប្រទាល ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា ​កន្លង​មក គាត់​ធ្លាប់​ដាំ​បន្លែ​គ្រប់មុខ ហើយ​បាន​ងាក​មក​ដាំ​សណ្ដែកកួរ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏​ដោយសារតែ សណ្ដែកកួរ​បាន​ផល​ឆាប់រហ័ស​ដោយ​ប្រើ​រយៈពេល​ជាង​១​ខែ​ប៉ុណ្ណោះ​បាន​ផល និង​មាន​តម្រូវការ​ទីផ្សារ​ច្រើន​ផងដែរ។

លោក​ផាន់​ ណា​ បាន​រៀបរាប់​ពី​របៀប​ដាំ​សណ្ដែកកួរ​ដោយ​ឆូត​រង​បុក​ដាំ​ ដែល​មាន​លក្ខណៈ​ប្លែក​ពី​កសិករ​ដទៃ ហើយ​ដី​ក្រោយពី​កាប់​រាស់​រួចហើយ​ត្រូវ​ហាល​ដី​២​ដង​ទើប​ឆូត​ជា​ចង្អូរ និង​បុក​ដាំ​ដោយ​ក្នុង​ខែវស្សា​យើង​ប្រើ​គ្រាប់ពូជ​ច្រើន ជាង​ខែប្រាំង​ដោយសារ​បង្ការ​ជាំ​ទឹក​ច្រើន​នៅពេល​ភ្លៀង​ខុសពី​រដូវប្រាំង​យើង​ប្រើ​គ្រាប់​តិច​តែ​ត្រូវការ​ប្រើប្រាស់​ទឹក​ច្រើន​ទៅវិញ។ ក្នុង​រយៈពេល​ពូជ​ដែល​យើង​បុក​ដាំ​ហើយ​រយៈពេល​១​សប្តាហ៍​ពេល​បែកចេញ​ស្លឹក​មក​ហើយ​យើង​ធ្វើការ​ថែម​ជី និង​ស្រោច​ទឹក​បន្ថែម​រហូតដល់​ចេញ​ផ្កា។

លោក​ផាន់ ​ណា​ បន្ត​ទៀត​ថា ​ការ​ដៃ​សណ្ដែកកួរ​ក៏​មាន​ការថែទាំ​ច្រើន​ក្នុង​ការ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត និង​ការ​ត្រួត​ពិនិត្យមើល​ជាប្រចាំ​លើ​ដើម​សណ្តែកកួរ​ដែល​កំពុង​វិវត្តន៍​ចេញ​ផ្កា​ទទួល​បាន​ផល​ឆាប់។ ពូជ​សណ្ដែកកួរ​មាន​២​ប្រភេទ​គឺ​សណ្ដែកកួរ​មកពី​ស្រុក​ចិន និង​សណ្ដែកកួរ​មកពី​ម៉ាឡេ​ដែល​ជា​ពូជ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​កូរ​វែង​ល្អ​ដែល​មាន​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​ក្នុង​សណ្ដែកកួរ​១​ដើមៗ។ ចំពោះ​ទីផ្សារ​តម្លៃ​លក់​បោះ​ដុំ​ទៅ​ទីផ្សារ​បាន​១​គីឡូ ២៥០០​រៀល ហើយ​ឈ្មួញ​កណ្តាល​លក់​បន្ត​នៅក្នុង​ទីផ្សារ​បាន​ថ្លៃ​រហូតដល់​៤៥០០​រៀល។ ទិន្នផល​នៃ​ការដាំ​សណ្តែកកួរ​ក្នុង​១​រង​ដែលមាន​បណ្តោយ​៨​ម៉ែត្រ ក្នុងពេល​បាន​ផល​សរុប​អាច​បាន​ចំនួន​ក្នុង​១​ថ្ងៃ​បាន​ចាប់ពី​២០០​ទៅ​៣០០​គីឡូ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114