ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្ស​ប៊ែ​ល​ធី “​និទ្ទេស A” ៤២​រូប ចែករំលែក​បទពិសោធន៍​ដល់​សិស្ស​ថ្នាក់​ទី​១២ ឆ្នាំ​សិក្សា​ថ្មី​

​ភ្នំពេញ ​៖ ព្រឹក​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០១៩ សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​រៀបចំ​កម្ម​ពិធី​សំណេះ​សំណាល និង​ចែករំលែក​បទពិសោធន៍​ការសិក្សា​របស់​សិស្ស​ប៊ែ​ល​ធី និទ្ទេស A ចំនួន ៤២​រូប ជូន​ដល់​សិស្ស​ថ្នាក់​ទី​១២ ដែល​នឹងត្រូវ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​ថ្មី​២០១៨-២០១៩ នេះ ចំនួន ១,៤១៥​នាក់ ក្រោម​អធិបតីភាព​លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង និង​លោកស្រី​។​

​លោក ប៊ុត ឌី​ម៉​ង់ ប្រធានការិយាល័យ​ចំណេះ​ទូទៅ​​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នេះ សាលា ប៊ែ​ល​ធី​អន្តរជាតិ មាន​២២​សាខា ក្នុងនោះ​១៩​សាខា កំពុង​ដំណើរការ និង ០៣​​សាខា ​កំពុង​សាងសង់ ដែលមាន​សិស្ស​កំពុង​សិក្សា​៤១.៤៥១​នាក់​។ ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ កន្លងមកនេះ សិស្ស​ប៊ែ​ល​ធី​ ដែល​ចូលរួម​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដោយ​ជ្រើស​រើស​យក​ការ​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​១.០៣៤​នាក់ ក្នុងនោះ និទ្ទេស A ៤២​នាក់ (​និទ្ទេស A លេខ​២ ទូទាំងប្រទេស​) និទ្ទេស B ១២៥​នាក់ និទ្ទេស C ១៦៨​នាក់ និទ្ទេស D ២០៤​នាក់ និង​និទ្ទេស E ៤៩៦​នាក់​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប បាន​កោតសរសើរ​ចំពោះ​សិស្ស​និទ្ទេស​A ទាំង ៤២​រូប និង​សិស្ស​ជ័យលាភី​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ រហូត​ទទួលបាន​ជោគជ័យ​នាពេលនេះ​។

លោក​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ មាតាបិតា និង​អាណាព្យាបាល​សិស្ស​ទាំងអស់ ដែល​បាន​ផ្តល់ឱកាស និង​ជំរុញ​ឲ្យ​កូនៗ​បាន​សិក្សា​បន្ថែម​នៅផ្ទះ និង​គោរព​វិន័យ​សាលា​បានល្អ​។

លើសពីនេះ​ទៀត លោក​បណ្ឌិត ក៏បាន​កោតសរសើរ​ចំពោះ សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ដែល​រក្សាបាន ជើងឯក​លេខ​១ និង​លេខ​២ ទូទាំងប្រទេស​ជាប់ៗ​គ្នា រយៈពេល ០៤​ឆ្នាំ​ចុង​ក្រោយនេះ ដែល​រួមមាន ​៖
១-​ឆ្នាំ​២០១៨​នេះ សិស្ស ប៉េង គីមហេង ប្រឡង​ជាប់​និទ្ទេស A លេខ​២ ទូទាំងប្រទេស
២-​ឆ្នាំ​២០១៧ សិស្ស ស គីម​ស៊ា ប្រឡង​ជាប់ និទ្ទេស A លេខ​១ ទូទាំងប្រទេស
៣-​ឆ្នាំ​២០១៦ សិស្ស កាំ​ង ស៊ី​ញ​លី ប្រឡង​ជាប់ និទ្ទេស A លេខ​១ ទូទាំងប្រទេស
៤-​ឆ្នាំ​២០១៥ សិស្ស សេង ហ្គេ​ចលី ប្រឡង​ជាប់ និទ្ទេស A លេខ​២ ទូទាំងប្រទេស
​ក្នុង​ឱកាស​បញ្ចប់​កម្មវិធី លោក​បណ្ឌិត អគ្គនាយក និង​លោកស្រី បាន​ប្រគល់​លិខិត​សរសើរ និង​អាហារូបករណ៍​ឧកញ៉ា លី ឆេង សិក្សា​ថ្នាក់​បរិញ្ញាបត្រ ១០០% ជូន​ដល់​សិស្ស​និទ្ទេស A ទាំង ៤២​រូប ដែល​ត្រូវ​ទៅ​បន្ត​ការសិក្សា​ឯ​ក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក សិង្ហ​បុរី ថៃ ចិន ជប៉ុន និង​ប្រទេស​កាណាដា ព្រមទាំង ឧបត្ថម្ភ​ថវិកា​សម្រាប់​ការ ចំណាយ​ផ្សេងៗ​ក្នុង​ម្នាក់ៗ ២,០០០​ដុល្លារ​។

ដោយឡែក​សិស្ស និទ្ទេស A លេខ​២ ទូទាំងប្រទេស ប៉េង គីមហេង លោក​បណ្ឌិត បាន​ឧបត្ថម្ភ​ថវិកា ៥,០០០​ដុល្លារ សម្រាប់​ឆ្នាំ​ដំបូង និង​៥,០០០​ដុល្លារ សម្រាប់​ឆ្នាំ​បន្តបន្ទាប់ រហូតដល់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ នៅ​សហរដ្ឋអាមេរិក​។

ជាមួយគ្នានេះដែរ លោកគ្រូ​-​អ្នកគ្រូ​ថ្នាក់​ទី​១២ ដែល​បង្រៀន​សិស្ស​ជាប់​និទ្ទេស​A ក៏​ទទួល​បាន​លិខិត​សរសើរ និង​ថវិកា​លើកទឹកចិត្ត​ក្នុង​ម្នាក់ៗ ១០០​ដុល្លារ ផង​ដែរ៕

 

 

 

 

 

 

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114