ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកជំនួញ​ខ្មែរ​ម្នាក់​ដែល​ល្បី​ថា​ទិញ​ភាគហ៊ុន​ក្លិប​មួយ​នៅ​លី​គ​កំពូល​ប្រទេស​ប៉ូឡូញ ត្រូវបាន​រំសាយ​ចោល​វិញ

កាលពី​ពាក់កណ្ដាល​ខែធ្នូ ថ្មីៗ​នេះ​វេប​សាយ​ប៉ូឡូញ polandin.com ចេញផ្សាយ​ថា​លោក លី វណ្ណា ដែលជា​អ្នកជំនួញ​ដើមកំណើត​ខ្មែរ​ម្នាក់ បាន​ចូលរួម​ទិញ​ភាគហ៊ុន​ក្លិប Wisla Krakow ម្ចាស់​ជើងឯក​១៣​សម័យកាល​នៃ​ក្របខណ្ឌ​កំពូល​ប្រទេស​ប៉ូឡូញ ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ខណៈ​ថ្មីៗ​នេះ​កិច្ចសន្យា​នេះ​ត្រូវបាន​ក្លិប​លុបចោល​វិញ​។

នៅ​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​សារព័ត៌មាន​ខាងលើ​បាន​ចេញ​ផ្សាយ​ពី​ការ​លុប​កិច្ចសន្យា​របស់​សមាគម​កីឡា Wisla Sport Association គឺ​ដោយសារ​ក្រុមហ៊ុន Alelega Luxembourg Sar របស់​អ្នកជំនួញ​ខ្មែរ​-​បារាំង លោក លី វណ្ណា មាន​ភាគហ៊ុន​៦០​ភាគរយ និង​ក្រុមហ៊ុន​អង់គ្លេស Noble Capital Partners Ltd., របស់លោក Mats Hartling ជា​ជនជាតិ​អង់គ្លេស​មាន​៤០​ភាគរយ មិនបាន​មិនបាន​បង់ប្រាក់​តាម​ពេល​កំណត់​។

​ក្នុង​កិច្ចសន្យា​របស់​ក្លិប​និង​ម្ចាស់​ភាគហ៊ុន​ថ្មី​ទាំង​២​នេះ​គឺ​ក្លិប​តម្រូវ​ឲ្យ​ម្ចាស់​ភាគហ៊ុន​ថ្មី​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​១២​លាន​ស្លូ​ទី (​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ដោះស្រាយ​បំណុល​ជាបន្ទាន់​នៅត្រឹម​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​ភាគី​ជា​ម្ចាស់​ភាគហ៊ុន​ថ្មី​មិនបាន​បង់ប្រាក់​តាម​ការ​សន្យា​គ្នា​ឡើយ ព្រមទាំង​ដាច់​ទំនាក់ទំនង​គ្នា​។ យ៉ាងណាក្តី​មាន​ដំណឹង​ក្រៅផ្លូវការ​មួយ​ថា​លោក លី វណ្ណា ដែលជា​ម្ចាស់​ភាគហ៊ុន​ធំ​កំពុង​ជួប​បញ្ហា​សុខភាព​កំពុង​ព្យាបាល​នៅ​សហរដ្ឋអាមេរិក​។

មិនសូវ​មាន​អ្នក​ស្គាល់​ប្រវត្តិ​របស់​លោក លី វណ្ណា ប៉ុន្មាន​នោះទេ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​បើតាម​ការស្រាវជ្រាវ​ក្នុង​អ៊ី​ធើ​ណែ​ត គេ​ដឹង​ថា ​លោក​មាន​ក្រុមហ៊ុន​ធំៗ​មួយចំនួន​នៅ​តំបន់​អឺរ៉ុប ជាពិសេស​គឺ​ក្រុមហ៊ុន​Alelega Luxembourg Sar​។ ដោយ​យកឈ្មោះ​នេះហើយ ដើម្បី​ទៅ​ច​ចារ​ទិញ​យក​ក្លឹប​ម្ចាស់​ជើងឯក​ប៉ូឡូញ​១៣​សម័យ​កាលនោះ​។ លោក មាន​ក្រុមហ៊ុន​ជាច្រើន​នៅ​បារាំង និង​ស្វី​ស​ជាដើម​។

​យោង​តាម​លោក Adam Pietrowski ភ្នាក់ងារ​បាល់ទាត់​ម្នាក់ បានបញ្ជាក់​ថា​ បុរស​ខ្មែរ ដែល​ជា​អ្នកជំនួញ​ម្នាក់​នេះ មាន​ភាគហ៊ុន​នៅ​ក្លឹប​ជាច្រើន ដូចជា New York City នៅ​អាមេរិក​, Slavia Praga នៅ​ស្លូ​វ៉ា​គី​, Yokohama FC នៅ​ជប៉ុន​, Vitoria Guimaraes និង​ក្រុម​នៅ​អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល​ជាដើម​៕