ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡដ្ឋាន​របស់​របស់​ក្លិប​អាស៊ី​អឺរ៉ុប អាច​ដំណើរការ​វិញ​បាន​នៅ​ពាក់កណ្ដាល​ខែមករា​នេះ​ក្រោយ

កីឡដ្ឋាន​AEU Sport Park របស់​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ត្រូវបាន​ទឹក​លិចលង់​ពី​ទឹកទន្លេ​ចតុមុខ កាលពី​ខែសីហា កន្លងទៅ ហើយ​គ្រោះធម្មជាតិ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ស្មៅ​លើ​ទីលាន និង របស់របរ​ក្នុង​ការិយាល័យ និង សម្ភារៈ​សំខាន់ៗ​មួយចំនួនទៀត​នៅ​ទីតាំង​ដែលមាន​ទំហំ​ប្រមាណ​៤​ហិច​តា រហូត​មិនអាច​ទទួល​រៀបចំ​ការប្រកួត​នានា​នៅ​ចុងរដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​។

យោងតាម​បញ្ជាក់​របស់លោក ម៉ែន ពិសិដ្ឋ អគ្គលេខាធិការ​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប បាន​បញ្ជាក់​ថា ​កីឡដ្ឋាន​របស់​ក្លិប​ខ្លួន​អាច​បើក​ដំណើរការ​សម្រាប់​ហ្វឹកហាត់​សាជាថ្មី​វិញ​បាន​នៅ​ចន្លោះ​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​២០ ខែមករា ខាងមុខ​។ ក្លិប​បាន​ជួសជុល​កីឡដ្ឋាន​នេះ​បូក​ទាំង​រៀបចំ​ផ្លូវ​និង ក្រវាត់​ការពារ​ទំនប់ បូក​រួម​ទាំង​រចនាសម្ព័ន្ធ​ខាងក្នុង​ទៀត​អស់​ប្រមាណ​ខ្ទង់​២០​ម៉ឺន​ដុល្លារ​អាមេរិក​។

ថ្នាក់ដឹកនាំ​ក្លិប​ខាងលើ​បន្ត​ថា «​និយាយ​ទៅ​ស្ថានភាព​ហ្នឹង​វា​ជិត​១០០​ភាគរយ​ហើយ តាម​ការកំណត់​របស់​អ្នកធ្វើ​ទីលាន​។ តាម​គេ​កំណត់​ឲ្យ​ចូល គឺ​ថ្ងៃ​២០ តែ​ក៏​អាច​មុន​ហ្នឹង​តិចតួច តែ​ជាក់លាក់​គឺ​ថ្ងៃ​២០​។ ពាក់ព័ន្ធ​នឹង​ទំនប់​ជុំវិញ គឺ​យើង​ឈូសឆាយ​ឡើងវិញ ហើយ​ធ្វើ​កន្លែង​រត់​តែម្ដង​។ ខាងៗ​របង​ហ្នឹង​យើង​ចាក់​បេតុង​ធ្វើជា​របង​តែម្ដង​»​។

​បើ​និយាយ​ពី​លទ្ធផល​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​កម្ពុជា ក្រុម​អាស៊ី​អឺរ៉ុប បាន​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម គឺជា​លទ្ធផល​ដ៏​ល្អ​របស់​ក្លិប​តាំងពី​បង្កើត​មក​។ តាមរយៈ​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​២២​ប្រកួត​ក្រុម​អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​គូប្រកួត​បាន​៨​លើក ហើយ​ស្មើគ្នា​បាន​៦​លើក​និង​ចាញ់​៨​លើក ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់ជាតិ​ក្រោយ​ចាញ់​ក្រុម​ជើងឯក​ក្រសួងការពារជាតិ ដោយ​លទ្ធផល​ទាំង​២​ជើង ១០​ទល់​២​។

គួរ​បញ្ជាក់​ថា ​កីឡដ្ឋាន AEU Sport Park មាន​ទីតាំងនៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល​ទើប​បើក​ដំណើរការ​នៅ​រដូវ​កាល​២០១៨​នេះ​។ ថ្នាក់ដឹកនាំ​ធ្លាប់​បាន​បញ្ជាក់​ថា ចំពោះ​ការសាងសង់​ដំបូង​នៅ​កីឡដ្ឋាន​នេះ​បាន​ប្រើប្រាស់​ថវិកា​អស់​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។ យ៉ាងណា​ក្លិប​ក៏​ត្រូវតែ​ជួសជុល​កីឡដ្ឋាន​របស់​ខ្លួន​ឡើងវិញ​ឲ្យ​បាន​រួចរាល់​មុន​ពេល​រដូវ​កាល​ថ្មីឆ្នាំ​២០១៩​ខាង​មុខ​មកដល់​៕