ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​តំណាង​ក្រុមហ៊ុន​មួយ ចោទ​ពីបទ​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​ជាង​២​ម៉ឺន​ដុល្លារ

ភ្នំពេញ​ ៖ បុរស​ម្នាក់​ជា​តំណាង​ក្រុមហ៊ុន​សុខា​មង្គល ត្រូវ​បាន​ប្រធាន​ក្រុមហ៊ុន​ដ្រេ​ហ្គ​ន​ស៊ី​ធី ប្តឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ នៅ ខណ្ឌ​សែន​សុខ ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​ទំនុកចិត្ត​ចេញ​សែក​(​ឬ​មូលប្បទានប័ត្រ​) គ្មាន​សាច់​នៅក្នុង​មុខ​ជំនួញ​ដែល​ពួកគេ​បាន​ទំនាក់ទំនង​គ្នា​រកស៊ី​​ខាង​សំណង់​។

​លោក ខាត់ គ​ន្ឋី អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​តំណាង​ក្រុមហ៊ុន សុខា​មង្គល មាន​ទីលំនៅ​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ជា​ជន​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​និង​ឃាត់ខ្លួន​នៅក្នុង​ករណី​ខាងលើនេះ​។

មន្ត្រី​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​បណ្តឹង​ចោទប្រកាន់​របស់​លោក ឡុង គឹម​ស្រ៊ឺ អាយុ​៣១​ឆ្នាំ មុខរបរ​ប្រធាន​ក្រុមហ៊ុន ដ្រេ​ហ្គ​ន ស៊ី​ធី មាន​ទីតាំងនៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌសែន​សុខ​។

តាម​បណ្តឹង​របស់​លោក ឡុង គឹម​ស្រ៊ឺ បាន​បញ្ជាក់​ថា កន្លងមក​លោក ខាត់ គ​ន្ឋី​ (​ជនសង្ស័យ​) បាន​មក​ទំនាក់ទំនង​ទិញ​ល្បាយ​បេតុង​ពី​ក្រុមហ៊ុន​របស់​លោក​យក​ទៅ​ចាក់​ឲ្យ​គេ​ដោយមាន​បង់ប្រាក់​ជា​បន្ត​បន្ទាប់​ធម្មតា​។ ក្រោយមក​លោក ខាត់​ គ​ន្ឋី បាន​ជំពាក់​លុយ​ថ្លៃ​ទិញ​បេតុង​មិនទាន់​សង​ទូទាត់​គ្នា​ទើប​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​ លោក​ក៏បាន​ហៅ​គាត់​មក​ពិភាក្សា​គ្នា​សង​លុយ​ឲ្យ​គ្រប់​ចំនួន​។

​ប្រភព​ដដែល​បាន​បន្ត​ថា នៅពេល​ជួបគ្នា​នោះ​ខាង​ភាគី​ក្រុមហ៊ុន​បានធ្វើ​កិច្ច​សន្យា​តម្រូវ​ឲ្យ​ភាគី​ឈ្មោះ ខាត់ គ​ន្ឋី សង​ប្រាក់​ជា​ដំណាក់កាល ដើម្បី​ជួយ​បន្ធូរបន្ថយ ​ព្រោះ​ចំនួន​លុយ​ច្រើន​រាប់​ម៉ឺន​ដុល្លារ ប៉ុន្តែ​នៅពេល​នោះ​គេ​មិន​ព្រម​ក៏បាន​សង​បង្គ្រប់​ដោយ​បាន​ចេញ​ជា​សែក (​មូលប្បទានប័ត្រ​) ចំនួន​៣​សន្លឹក​។

ជន​ដើម​ចោទ​ បាន​បញ្ជាក់​ថា ក្រោយមក​នៅពេល​គាត់​ទៅ​បើក​លុយ​ពី​ធនាគារ​តាមរយៈ​មូលប្បទានប័ត្រ​នោះ​ ស្រាប់តែ​គ្មាន​ទឹកប្រាក់​តាម​ចំនួន​បញ្ជាក់​ដូច​នៅ​លើ​ឯកសារ​នោះ​ទេ គឺ​ចេញ​សែក​ស្អុយ គ្មាន​សាច់ប្រាក់​សោះ​មក​ឆបោក​។ ដោយសារ​មាន​ឯក​សារ​គ្រប់គ្រាន់​ទើប​ភាគី​រងគ្រោះ​បានមក​ប្តឹង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ​ឲ្យ​ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ ខណៈដែល​ប៉ូលិស​មូលដ្ឋាន​បាន​អញ្ជើញ​គាត់​ឲ្យ​មក​ដោះស្រាយ តែ​គ្មាន​លុយ​សង​មក​ជនរងគ្រោះ​។

​ជនរងគ្រោះ​បាន​បញ្ជាក់​ថា ​ទឹកប្រាក់​ដែល​បាន​បាត់បង់​នោះ​មាន​ចំនួន ២០១៣០ដុល្លារ អាមេរិក (​ពីរ​ម៉ឺន​មួយ​រយ​សាមសិប​ដុល្លារ​) ដែល​ជនជាប់ចោទ​ឈ្មោះ ខាត់ គ​ន្ឋី បាន​ឆបោក តាមរយៈ​ការ​ចេញ​មូលប្បទានប័ត្រ​ជំនួស​សាច់ប្រាក់​សុទ្ធ។

ជនជាប់ចោទ​បាន​សារភាព​ថា មូលប្បទានប័ត្រ​នោះ​ពិតជា​គ្មាន​សាច់ប្រាក់​ពិត​មែន ដោយសារ​លោក​គ្មាន​ប្រាក់​សង​មក​ឲ្យ​ជនរងគ្រោះ​ជា​ម្ចាស់​ទំនិញ​បេតុង​ដែល​គាត់​បាន​ទិញ​យក​ទៅប្រើ​ប្រាស់​។

លោក ចែ សុង ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាប់ចោទ​យោង​តាម​បណ្តឹង​របស់​ដើមចោទ​ឈ្មោះ ឡុង គឹម​ស្រ៊ឺ ដែល​មាន​ឯកសារ​ភស្តុតាង​ចោទប្រកាន់​គ្រប់គ្រាន់​តាមច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114