ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ស្វាយរៀង​ខាប់ ឆ្នាំ​២០១៨ នៅ​ថ្ងៃ​សៅរ៍​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News

ពានរង្វាន់​បាល់ទាត់​មហាជន​ធំ​ជាង​គេ​ប្រចាំ​ខេត្ត​ស្វាយរៀង​ឈ្មោះថា ​«​ស្វាយរៀង ខាប់ (Svay Rieng Cup) លើក​ទី​៤ ឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង បាន​ស្វែង​រកឃើញ​ក្រុម​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ ក្រោយ​បញ្ចប់​ដំណើរ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ វគ្គ​៨​ក្រុម​ចុងក្រោយ ក៏ដូចជា​វគ្គ​១៦​ក្រុម​,​វគ្គ​៣២​ក្រុម​និង​វគ្គ​ចែក​ពូ​ល ជាដើម​។

ពានរង្វាន់ Svay Rieng Cup ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ចំនួន​៥២​ក្រុម​ចែកជា​១៣​ពូ​ល​ផ្សេងគ្នា​នៅ​កីឡដ្ឋាន​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម មួយ​នេះ​។ ក្រុម​ដែល​មាន​កៅអី​ឡើងទៅ​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​គឺ ក្រុម​អធិការ​នគរ​បាល​ក្រុង​បាវិត ប៉ះ ក្រុម​ស​.​ស​.​យ​.​ក ក្រុង​ស្វាយរៀង នៅ​វេលា​ម៉ោង​៤និង៣០​នាទី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ខណៈ​ក្រុម​ដែល​ចាញ់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់​ព័​ត្រ​គឺ​ក្រុម​សុ​ភក្តិ​ម៉ូ​ទ័​រ FC ជី​ភូ ជួប​ក្រុម ស​.​ស​.​យ​.​ក ស្រុក​រមាសហែក ដើម្បី​ដណ្តើម​កៅអី​ចំណាត់ថ្នាក់​លេខ​៣​ប្រចាំឆ្នាំ​ផងដែរ​។

នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ព្រមទាំង​មានការ​ប្រគំ​តន្ត្រី ដោយមាន​ការចូលរួម​ច្រៀង និង​សម្តែង​ដោយ កញ្ញា រ៉ា​ប៉ី ម្ចាស់​បទ​មាន់​ស្រែ និង​DJ Rose ហើយ​ថែមទាំង​មាន​ការបាញ់​កាំជ្រួច​អបអរសាទរ ក្រុម​ទទួលបាន​ជ័យលាភី​ផងដែរ​។​

សូម​បញ្ជាក់​ថា ​មុន​មកដល់​វគ្គ​ចុង​ក្រោយនេះ​ក្រុម​ក្រុម​អធិការ​នគរ​បាល​ក្រុង​បាវិត បាន​យកឈ្នះ​លើ​ក្រុម​សុភ​ក្តិ​ម៉ូ​ទ័​រ FC ជី​ភូ ដោយ​លទ្ធផល​១០​ទល់​២ កាលពី​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ស្រប​ពេល​ដែល​ក្រុម​ស​.​ស​.​យ​.​ក ក្រុង​ស្វាយរៀង ឈ្នះ​ក្រុម​ស​.​ស​.​យ​.​ក ស្រុក​រមាសហែក ៥​ទល់​០​។​

ការប្រកួត​ធ្វើឡើង​នៅ​លើ​ទីលាន​ស្មៅ​ធម្មជាតិ នៃ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ជាប់ៗ​គ្នា ខណៈ​នេះ​ជា​លើក​ទី​៤​បន្ទាប់ពី​បង្កើត​ចាប់តាំងពី​ឆ្នាំ​២០១៥​ដោយ​ត្រូវ​បាន​ផ្តួចផ្តើម​បង្កើត​ឡើង ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ដែល​មាន​លោក ឌី វិជ្ជា ជា​ប្រធាន ស្រប​ពេល​២​លើ​មុនដំបូង ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក ក្រុង​បាវិត ជា​ម្ចាស់​ជើងឯក​ទាំង​២​ឆ្នាំ​ជាប់ៗ​គ្នា​និង​ចុងក្រោយ​ក្រុមធារីលិញគួយ​ជា​ម្ចាស់​ជើង​ឯក​ម្តង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114