ព័ត៍មានទាន់​ហេតុការណ៏
Search

ស្បៃរឿង​នៅ​ចម្ការ​កសិករ​នា​ជើងភ្នំ​រ៉ាង​ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ​លូតលាស់​ល្អ​តែ​ទីផ្សារ​វា​ពឹង​ដង្ហើម​គេ​ដក​ថៃ​តែ​១​ច្រក​ប៉ុណ្ណោះ

បន្ទាយមានជ័យ ៖ ដំណាំ​ផ្កាស្បៃរឿង​នៅ​ចម្ការ​កសិករ​នា​ជើងភ្នំ​រ៉ាង​ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​មាន​ដើមដង ចេញ​ផ្កា​លូតលាស់​ល្អ ផល​ធារ​ក៏​ច្រើន។ ​កសិករ​ដាំ​ផ្កា​នោះ លើដី​ទំហំ​ប្រមាណ​៤​រ៉ៃ ១​រ៉ែ​ទំហំ​៤០​ម៉ែត្រ​គុណ​៤០​ម៉ែត្រ ក៏​ដូច​មន្ត្រី​ក្សេត្រសាស្ត្រ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ក៏​ដូច​អាជីវករ​លក់​ជី​បំប៉ន​និង​ថ្នាំ​សម្លាប់​សត្វល្អិត​ឲ្យ​ដឹង​ថ្ងៃទី​៣​ខែមករា ឆ្នាំ​២០១៩​នេះ​ថា ដោយសារ​កត្តា​អាកាសធាតុ ប្រែជា​ចុះ​ត្រជាក់​បង្ក​ពី​ឥទ្ធិពល​មូសុង​ឥសាន​នេះ​កត្តា​ដី កត្តា​បច្ចេកទេស​និង​ការប្រើ​ជី​បំប៉ន ថ្នាំ​សម្រាប់​សត្វល្អិត​ជាដើម នាំ​ឲ្យ​ផ្កាស្បៃរឿង​នេះ មាន​ដើមដង មាន​ផ្កា​ល្អ។

ក្នុង​នោះ​ក៏បាន​ប្រើ​ជីសរីរាង្គ​Amino Acid​អាមីណូអាស៊ីត​សញ្ញា​សត្វ​ក្រៀល​បាន​រយៈពេល​មួយ​ខែ​នោះ​ នាំ​ឲ្យ​បាន​លទ្ធផល​ដូចជា​១​ដើម​ធំ​លូតលាស់​បាន​លឿន​២​ស្លឹក​និង​ដើម​ឡើង​ពណ៌​ខៀវ​ក្រម៉ៅ​៣​ធាង​មែក​ របស់​ផ្កា​បែក​បាន​ច្រើន​៤​ទង ​ផ្កា​រីក​ធំ​ត្រូវ​តាម​តំរូវការ​របស់​ទីផ្សារ​ជាដើម​។​ល​។

ទោះបីជា​យ៉ាងណា ក៏​ប្រភព​ខាងលើ​បាន​ព្រមាន​ថា ផល​ផ្កាស្បៃរឿង​ពូជ​ថៃ​ទាំងនេះ បាន​នឹង​កំពុង​ហុច​ផល មានតម្លៃ​ថ្លៃ​ក៏ដោយ តែ​ទីផ្សារ​វា​ពឹង​ដង្ហើម​គេ​ដក​ថៃ​តែ​១​ច្រក​ប៉ុណ្ណោះ។ បើ​គេ​មិន​ទិញ ផ្កា​ទាំងនេះ​នឹង​រលួយ​ចោល​ទទេ។ ​ប៉ុន្តែ​កសិករ​ម្ចាស់​ផ្កា​ដែល​ជួល​ដី​គេ​ដាំ​នោះ បាន​និយាយ​បន្ធូរ​ភាព​តានតឹង​ថា​ មុននឹង​ដាំ យើង​មាន​កិច្ចសន្យា​ទទួល​ទិញ​ពី​ឈ្មួញ​ថៃ ​ហើយ​ថៃ​ត្រូវការ​ផ្កាស្បៃរឿង​នេះ​យ៉ាង​ខ្លាំង​ព្រោះ​ស្តេច​ថៃ​សព្វព្រះទ័យ​ណាស់ ​មិនអាច​ខ្វះ​បាន​ឡើយ៕