ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​កសិកម្ម បញ្ជា​ឲ្យ អគ្គនាយកដ្ឋាន និង​មន្ទីរ​កសិកម្ម ជួយ​រៀបចំ​សហគមន៍​ផលិត​បន្លែ រួមជា​មួយ​ដៃគូ​វិស័យ​ឯកជន ដើម្បី​ទទួល​ទិញ​កសិផល​របស់​កសិករ​

​កំពង់ចាម ​៖ នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ លទ្ធផល​ នៃ​ការដាំដុះ​បន្លែ​ស្ពៃក្ដោប​របស់​កសិករ ម៉ៅ ខុន នៅ​ភូមិ​ទី​៣ ឃុំ​ល្វា​លើ ស្រុក​ចំការលើ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម បញ្ជា​ឲ្យ អគ្គនាយកដ្ឋាន និង​មន្ទីរ​កសិកម្ម ជួយ​រៀបចំ​សហគមន៍​ផលិត​បន្លែ រួមជាមួយ​ដៃគូ​វិស័យ​ឯកជន ដើម្បី​ទទួល​ទិញ​កសិផល​របស់​កសិករ​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា កសិករ ម៉ៅ ខុន ដុះ​បន្លែ​ស្ពៃក្ដោប ស្ថិតក្នុង​គម្រោង​កម្មវិធី​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្បៀង អនុវត្ត​កម្មវិធី​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​ទទួលបាន​ថវិកា​ហិរញ្ញប្បទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ គម្រោង​មាន​គោលបំណង​បង្កើន​លទ្ធភាព​ផលិត​បន្លែ​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល ធានា​ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​ក្នុងស្រុក បង្កើន​កម្រិតជីវភាព កាត់បន្ថយ​ភាពក្រីក្រ និង​ចំណាក​ស្រុក​។​

​មានប្រសាសន៍​នាឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បានផ្តល់​ថវិកា​អនុវត្ត​គម្រោង ដែល​មាន​មន្ត្រី​បច្ចេកទេស​ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម រួមជាមួយ​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​បាន​ចុះមក​ជួយ​បណ្តុះ​បណ្តាល​បច្ចេកទេស ជាពិសេស​សូម​កោតសរសើរ​ដល់​កសិករ​ ម៉ៅ ខុន ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដាំ​បន្លែ​ដើម្បី​បង្កើត​មុខរបរ​បន្ថែម ធានា​សន្តិសុខ​ស្បៀង និង​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ តាម​ការបញ្ជាក់​របស់​កសិករ​រូបនេះ បាន​ឲ្យ​ដឹងថា ឆ្នាំ​កន្លងទៅ ​គាត់​ទទួលបាន​ប្រាក់ចំណូល​សុទ្ធ ជាង​ដប់​លាន​រៀល។​

​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ និង​បរិមាណ​ផ្គត់ផ្គង់ លោក​បាន​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជួយ​រៀបចំ​សហគមន៍​ផលិត​បន្លែ រួមជាមួយ​ដៃគូ​វិស័យ​ឯកជន ក្នុង​ការ​ចុះ​កិច្ចសន្យា​ប្រមូល​ទិញ​កសិផល​ឲ្យ​ទទួលបាន​តម្លៃ​សមរម្យ និង​ចុះមក​វាយតម្លៃ​លើ​ស្តង់ដារ​ផលិត​ដើម្បី​ផ្តល់​វិញ្ញាបនបត្រ GAP ដល់​អ្នក​ផលិត​ក្នុង​គោលបំណង​ធានា​ពី​ភាព​ត្រឹមត្រូវ គុណភាព និង​សុវត្ថិភាព ដើម្បី​បង្កើន​ការ​ជឿ​ទុក​ចិត្ត​ដល់​អ្នក​បរិភោគ​៕