ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច​ ៖ “​ជ្រើស​រើស​យក​ដើម​ស្រល់​ធ្វើជា​និមិត្តរូប​របស់​អ្នកនយោបាយ​”

ភ្នំពេញ ៖ លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា “​ខ្ញុំ​បាន​ជ្រើសរើស​យក​ដើម​ស្រល់​ធ្វើជា​និមិត្តរូប​របស់​អ្នកនយោបាយ​”​។ លោក​បាន​បញ្ជាក់​នៅក្នុង​ពិធី​ធ្វើ​បាឋកថា​ស្តីពី «​រដ្ឋាភិបាល​ដើម​ស្រល់​”​នា​ព្រឹក​ថ្ងៃទី​៥​ ខែមករា ​ឆ្នាំ​២០១៩ ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា។

តើ​រដ្ឋាភិបាល​ដើម​ស្រល់​មាន​អត្ថន័យ​យ៉ាងណា​? ហើយ​តើ​ហេតុអ្វី​បានជា​លោក​បណ្ឌិតសភាចា​រ្យ​មិន​លើកយក ដើម ត្នោត បេង ក្រញូង នាងនួន មក​ដាក់ បែរ​ជា​យក​ស្រស់​ទៅវិញ​?
លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បាន​មានប្រសាសន៍​បញ្ជាក់​ថា ស្រល់​នៅតែ​អាច​រក្សា​ភាព​ខៀវស្រងាត់​របស់​ខ្លួន​បាន​នៅក្នុង​សីតុណ្ហភាព ដក​៤០​អង្សា​នៅក្នុង​តំបន់​ប៉ូល​និង​នៅ​តំបន់​អាហ្វ្រិក បូក​៤០​អង្សា​នៅក្នុង​វាល​ខ្សាច់​សាហា​រ៉ា​បាន​។ ប៉ុន្តែ បេង ក្រញូង នាងនួន ត្នោត​មិនអាច​ដុះ​បាន​នៅក្នុង​តំបន់​សាហា​រ៉ា​បានទេ តែ​អាច​ដុះ​បាន​នៅក្នុង​តំបន់​អាហ្វ្រិក​។

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បន្ត​ថា រដ្ឋាភិបាល​មិនមែន​កើតឡើង​តែ​នៅ​ប្រទេស​ឥណ្ឌា​ដែល​មាន​ដើមត្នោត ឬក៏​ភូមា​ដែល​មាន​ដើមត្នោត ឬក៏​កម្ពុជា ដែល​មាន​ដើមត្នោត​នោះ​ទេ អ្នកណា​ក៏​មាន​រដ្ឋាភិបាល​ដែរ ចាប់ពី​សតវត្ស​ទី​១៩​ឡើង​ម​ក​គឺ​រដ្ឋាភិបាល​គ្រប់គ្រង​តាមច្បាប់​នីមួយៗ​។

”​ដូច្នេះហើយ​ទើប​ខ្ញុំ បាន​ជ្រើសរើស​យក​ដើម​ស្រល់​ធ្វើជា​និមិត្តរូប​របស់​អ្នកនយោបាយ​”​។ ទន្ទឹម​នឹង​នោះ​ដែរ លោក​បណ្ឌិតសភា​ចា​រ្យ ប្រធាន​ក៏បាន​លើកឡើង​អំពី​ឫស​កែវ​ដែល​រឹងមាំ​បំផុត​របស់​រដ្ឋាភិបាល​ដែល​រួមមាន​ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​បណ្តា​ក្រសួង​ដទៃ​ផ្សេងៗ​ទៀត​ដែល​មាន​តួនាទី​សំខាន់ៗ​ក្នុង​ការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114