ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ប្រមាណ​ជិត​២០០​នាក់ ​ចូលរួម​ធ្វើ​តេស្ត​ត្រៀម​ចូលរួម​ឈុត U17​នៅ​ក្លិប​បឹង​កេត

ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា ​ក្លិប​នឹង​ធ្វើ​តេស្ត​ជ្រើសរើស​កីឡាករ​កម្រិត​យុវជន​បន្ថែម​ដើម្បី​ដាក់ចូល​ក្នុង​យុវជន​ថ្នាល​ក្រោម​អាយុ​១៧​ឆ្នាំ (U17) របស់ខ្លួន ខណៈ​បេក្ខជន​ភាគច្រើន​គឺ​ត្រូវ​តែ​មាន​ឆ្នាំ​កំណើត​ចាប់ពី​ឆ្នាំ​២០០២ ឡើងទៅ​។

យោង​តាម​ការ​បញ្ជាក់រ​បស់​ក្លិប​នៅលើ​វិ​ប​សាយ​ផ្ទាល់ខ្លួន​លើក​ឡើង​ថា ​មាន​បេក្ខជន​សរុប​ប្រមាណ ១៦៥​រូប បាន​ទៅ​ចុះឈ្មោះ​ដល់​ការិយាល័យ​របស់​ក្លិប​ដោយ​ក្នុង​នោះ​ភាគច្រើន​គឺ​មកពី​រាជធានី​ភ្នំពេញ (៧៥​នាក់ ) កំពង់ចាម ( ១៨​នាក់ ) កណ្តាល ( ១៨​នាក់ ) និង​ខេត្ត​ដទៃទៀត​រួមមាន ព្រៃវែង កោះកុង កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត តាកែវ ត្បូងឃ្មុំ បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ព្រះសីហនុ សៀមរាប ស្វាយរៀង​។

​បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ត្រូវ​ចូលរួម​ធ្វើតេស្ត​តាម​នៅ​ថ្ងៃទី ០៥-០៦ ខែ មករា ឆ្នាំ ២០១៩​ចាប់ពី​វេលា​ម៉ោង​៨និង០០​ព្រឹក​តទៅ នៅ​ទីលាន​បាល់ទាត់ LBN (​ក្រោម​ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងកើត​)​។

សម្រាប់​ព័ត៌មាន​បន្ថែម​បេក្ខជន​ទាំងអស់​ត្រូវ​ទាក់ទង​ទៅកាន់​ក្រុមការងារ​បឹងកេត តាមរយៈ​អាសយដ្ឋាន​ផ្ទះ​លេខ​B01 បូរី​សាន់វេ​ទួលគោក សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ឬ​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ 097 548 7777 / 078 333 749 / 096 7788117 រៀងរាល់​ម៉ោង​ធ្វើការ​។

​ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅក្រៅ​ស្រុក​វិញ​ក្រុម​ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President’s Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។ នៅ​ឆ្នាំ​២០១៨​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី២​ប្រចាំ​ទ្វីបអាស៊ី​ AF Cup ផងដែរ​តែធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​ដូច​គ្នា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114