ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​ភ្នំពេញ​ក្រោ​ន ប្រកាស​បង្ហាញ​សមាជិក​ថ្មី​៥​នាក់​ទាំង​កីឡាករ​ខ្មែរ​និង​បរទេស​ត្រៀម​រដូវ​កាល​ឆ្នាំ​២០១៩

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៥ ខែមករា ឆ្នាំ​២០១៩ នេះ បាន​ធ្វើ​ការ​ប្រកាស​បង្ហា​ញ​ជា​ផ្លូវការ​ពី​សមាជិក​ថ្មី​របស់ខ្លួន​ចំនួន​៥​រូប​ដោយ​ក្នុង​នោះ​មាន​កីឡាករ​ខ្មែរ​២​រូប​និង​បរទេស​៣​រូប ដើម្បី​ត្រៀមខ្លួន​ប្រកួត​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩ ខាងមុខ​។

ពិធី​បង្ហាញ​កីឡាករ​នេះ​ធ្វើឡើង​នៅ​កីឡដ្ឋាន RSN Stadium ក្នុង​រាជធានី​ភ្នំពេញ ខណៈ​កីឡាករ​ខ្មែរ​ទាំង​២​នាក់​នោះ​ មាន នៅ សុខ​សិលា និង​កីឡាករ វ៉ា សុខ​ថន​។ ចំណែក​កីឡាករ​បរទេស​វិញ​មាន​កីឡាករ​កូរ៉េខាងត្បូង​Kim Tae-woong កីឡាករ​ប្រេ​ស៊ី​ល Darlan Martins Benvido និង​Jhonata Sant’anna da Silva​។ ដូច្នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន គឺ​រកបាន​កីឡាករ​បរទេស​តាម​ការកំណត់​កូតា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រួចហើយ​។

យោង​តាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់​ថា ​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ប៉ុន្តែ​ដាច់ខាត​ក្នុង​ត្រូវ​តែ​មាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី១​រូប​។ ចំណែក​កីឡាករ​បរទេស​២​រូប​ផ្សេងទៀត​ដែល​ក្លិប​ធ្លាប់បាន​ចុះឈ្មោះ​កន្លងមក​មាន​កីឡាករ Paulo Victor ខ្សែបម្រើ​ប្រយុទ្ធ និង​អ្នកចាំទី Leonardo Oliveira Tavares​។

ថ្មីៗ​នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​តែងតាំង​ក្បាលម៉ាស៊ីន ថ្មី​ក្រោយ​ជម្រុះ​ថ្នាក់ដឹកនាំ​ចាស់​អស់​បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ចំណែក​ថ្នាក់ដឹកនាំ​ថ្មី​របស់​ក្លិប​មាន​ដូច​ជា លោក លី ហៀ​ង ជា​អ្នកចាត់ការ​ទូទៅ​ក្លិប ចំណែក លោក Leonardo Vitorino ជា​គ្រូ​បង្គោល​ថ្មី ស្រប​ពេល​ប្អូនប្រុស​របស់ខ្លួន Luis Fernando Vitorino កាន់​តំណែង​ជា​គ្រូបង្វឹក​អ្នកចាំទី​ឈុត​ធំ​។ អតីត​គ្រូ​វេ​ស្ទើ​ន លោក ស៊ុំ វណ្ណា បាន​ទទួល​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ឈុត​ធំ ខណៈដែល​អតីត​ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​។

​សូម​បញ្ជាក់​ថា ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន រក្សា​ចំណាត់ថ្នាក់​លេខ​៥​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣៦​ពិន្ទុ ពោលគឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន ទាត់​ប​ញ្ចូ​ល​ទី​គូប្រកួត​បាន​៤១​គ្រាប់ ហើយ​គេ​ទាត់​ចូល​វិញ​ចំនួន​៣៣​គ្រាប់​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​វិញ​ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​មកពី​ខេត្តសៀមរាប ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៤​ទល់៣​ក្រោយ​ប្រកួត​ស្មើ​គ្នា​ទាំង២ជើង​៤ទល់៤៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114