ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​វិសាខា ត្រៀម​ចេញទៅ​បោះជំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ នៅ​ដើម​សប្ដាហ៍​ក្រោយ​

ក្លិប​បាល់ទាត់​វិសាខា សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ត្រៀម​ចេញដំណើរ​ទៅ​បោះជំរុំ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ រយៈពេល​ខ្លី មុនពេល​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់​ខណៈ​ក្រុម​មួយ​នេះ​ជា​បេក្ខភាព​មិនអាច​រំលង​បាន​ក្នុងការ​ប្រជែង​យក​ជើងឯក​នៅ​រដូវ​កាល​ខាងមុខនេះ​។

លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​វិសាខា​ធ្លាប់​បាន​លើក​ឡើង​ថា «​យើង​មាន​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី​គឺ​ក្នុង​ខែ​១ គឺមាន pre-season tour នៅ​ថៃ​រយៈពេល​១៥​ថ្ងៃ ហើយ​មានការ​ប្រកួត​៣​ទៅ​៤​ប្រកួត​ដូច​ឆ្នាំមុន​ដែរ តែ​យើង​កំពុង​ទាក់ទង​ថា​តើ​យើង​លេង​ជាមួយ​ក្លិប​ណា​។ សម្រាប់​ថ្ងៃ​ដែល​យើង​ត្រូវ​ទៅ​គឺ​នៅក្នុង​ខែមករា​នេះ យើង​បានរៀបចំ​រួចហើយ​»​។ តាម​គម្រោង​ក្រុម​វិសាខា​នឹងធ្វើ​ដំណើរ​តាម​ច្រក​ក្រុង​ប៉ោយប៉ែត ហើយ​ឆ្លងដែន​ចូល​ទឹកដី​ថៃ ដោយ​បោះជុំរុំ​ហ្វឹកហាត់​ចាប់ពី​ថ្ងៃទី​០៧-១៨ ខែមករា ឆ្នាំ​២០១៩​។

សូម​បញ្ជាក់ថា ថ្មីៗ​នេះ ថ្នាក់ដឹកនាំ​ក្លឹប​វិសាខា បានសម្រេច​ប្តូរ​សមាសភាព​ដឹកនាំ​ថ្មី​ដោយ​ចាប់ពី​រដូវ​កាល​ឆ្នាំ​២០១៩ តទៅ​ដោយ​ប្រគល់​តួនាទី​ជា​ប្រធាន​ក្លិប​ជូន​លោកជំទាវ កែ សួន​សុ​ភី ស សុខា វិញ ស្រប​ពេល​ប្រធាន​ក្លិប​ចាស់ លោក​ស សុខា មិន​មាន​ពេលវេលា​គ្រាប់​គ្រាន់​ដើម្បី​ដឹកនាំ​ក្លិប ព្រោះ​លោក​កំពុង​មមាញឹក​ជាមួយ​តំណែង​ដែល​ទើប​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​ក្រុម​វិសាខា បាន​បង្កើតឡើង​ពីថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​លោក ស សុខា នៅ​កាលនោះ​។ បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​ជាង​៣០​នាក់ ដែល​មាន​លោក ហុក សុចិ​ត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរតួ​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​។ ក្រុម​វិសាខា​បាន​កសាង​កីឡដ្ឋាន​ថ្មី​ផ្ទាល់ខ្លួន មាន​ទីតាំងនៅ​តាមផ្លូវ​លេខ​៥៩៨ ខាងឆ្វេង​ដៃ​ខ្លោងទ្វារ Grand Phnom Penh​។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​ទស្សនិកជន​ប្រមាណ​ជាង​៥០០០​នាក់ ដែលមាន​ទីលាន​ជា​ស្មៅ​ធម្មជាតិ​។

​សូម​រំលឹក​ថា ​ចំពោះ​ក្រុម​វិសាខា បានបញ្ចប់​រដូវ​កាល​ចាស់​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២ ក្រោយ​ប្រកួត​២២​លើក ឈ្នះ​បាន​១៤​លើក ហើយ​ស្មើគ្នា​៣​លើក និង​ចាញ់​៥​លើក​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​វិសាខា បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ចាញ់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ២​ទល់​១៕