ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​ខ្មែរ​រួបរួម​ជាតិ រៀបចំខ្លួន ដើម្បី​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ​៖ ស្រប​ពេល​ដែល​ការបោះឆ្នោត​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​នឹង​ចូលមក​ដល់​នៅ​ខែឧសភា ខាងមុខ គណបក្ស​ខ្មែរ​រួបរួម​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ បាន​រៀប​ចំ​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ក្រុមប្រឹក្សា ឃុំ សង្កាត់ ទូទាំងប្រទេស ក្រោម​អធិបតីភាព​របស់លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស ដោយមាន​ការចូលរួម​ពី​សមាជិក​សមាជិកា​ប្រមាណ​ជាង​៣០០​នាក់​។

ថ្លែង​ទៅកាន់​អ្នកចូលរួម​លោក ញឹក ប៊ុនឆៃ បាន​ផ្តាំផ្ញើ​ឲ្យ​សមាជិក ក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងអស់​ត្រៀមខ្លួន ដើម្បី​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ​។ ជាមួយគ្នា​នោះ​លោក​ប្រាប់​ឲ្យ ធ្វើ​យ៉ាង​ណា​រៀបចំ​បេក្ខជន កុំ​ឲ្យ​មាន​អំពើពុករលួយ រៀបចំ​ឲ្យ​មាន​យុត្តិធម៌ ពីព្រោះ​គណបក្ស​មាន​បាវចនា​សំខាន់ គឺ​យុត្តិធម៌​ជា​សំខាន់​។

លោក​បញ្ជាក់​ថា ការបោះឆ្នោត​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តួអង្គ​នៃ​អ្នកបោះឆ្នោត គឺ​ក្រុមប្រឹក្សា ឃុំ សង្កាត់​។ ដូច្នេះ​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក​ទាំងអស់ រៀបចំ​ដាក់​បេក្ខភាព​ឲ្យ​បាន​ល្អ ដើម្បី​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​នេះ។ ជាពិសេស​អ្នក​ដែល​បាន​ចូលរួម​ជួយ​គណបក្ស​កន្លងមក “​ហើយ​ជៀសវាង​ដាច់ខាត​អំពើពុករលួយ អត់​មាន​យក​លុយ​គេ​ទេ ជម្រាបជូន​ឲ្យ​ហើយ​ថា គឺ​អត់​មាន​អំពើពុករលួយ​ទេ និយាយ​គ្នា​ឲ្យ​ច្បាស់​”​។

លោក ញឹក ប៊ុនឆៃ អះអាង​ថា រាជរដ្ឋាភិបាល​បានធ្វើ​វិសោធនកម្ម​ច្បាប់​នេះហើយ ដោយ​បង្កើន​ចំនួន​អាសនៈ​នៅ​ថ្នាក់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូច្នេះ​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាច​កើនឡើង​ថែមទៀត​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំពេញអង្គ​របស់​ខ្លួន ដើម្បី​អនុម័ត​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​២ គឺ​ទី​១. សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រាជ​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ទី​២. សេចក្តីស្នើ ច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ដើម្បី​ដោះស្រាយ​បញ្ហា​ថ្នាក់ក្រោម​ជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​លើកកម្ពស់​កា​រ​ផ្ដល់​សេវា ការអភិវឌ្ឍ​ឲ្យ​សមស្រប​ទៅនឹង​កំណើន​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​។

បើ​តាម​សេចក្ដីថ្លែងហេតុ​នៃ​សេចក្ដី​ស្នើច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ មាត្រា​មួយចំនួន​ត្រូវ​បាន​កែសម្រួល និង​បន្ថែម​ខ្លឹមសារ​ថ្មី​រួមមាន​ដូចជា កំណត់​បន្ថែម​នូវ​បុគ្គល​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា កំណត់​អំពី​ការ​បន្ថយ​រយៈពេល​ផ្ដល់​សុពលភាព​បញ្ជី​បោះឆ្នោត​ពី ៣៥ ថ្ងៃ​មក​១៥ ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត កំណត់​អំពី​ការ​បន្ថយ​រយៈពេល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ពី​៣០ ថ្ងៃ​មក​១៥ ថ្ងៃ​វិញ កំណត់​បន្ថយ​រយៈពេល​នៃ​ការឃោសនាបោះឆ្នោត​ពី​១៥ ថ្ងៃ​មក​៨ ថ្ងៃ​វិញ កំណត់​អំពី​ការ​ហែក្បួន​ទ្រង់ទ្រាយ​ធំ​ត្រូវធ្វើ​យ៉ាងច្រើន​២ ដង​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត កំណត់​អំពី​ភ្នាក់ងារ​គណបក្ស​នយោបាយ សិទ្ធិ តួនាទី និង​លក្ខខណ្ឌ​ផ្សេងៗ​។

យោងតាម​តារាង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៤ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ បាន​ឲ្យ​ដឹង​ថា ចំនួន ក្រុង ស្រុក ខណ្ឌ ទាំងអស់​មាន​ចំនួន​១៩៧ ហើយ​មាន​សមាជិក​សរុប​ចំនួន​២៩៣១នាក់​ រួម​ទាំង​សមាជិក​ក្រុមប្រឹក្សា រាជធានី ខេត្ត ចំនួន​៣៩៣ នាក់ និង​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ចំនួន ១១ ៤៥៩ នាក់​។

កាលពី​ថ្ងៃទី​៣០ ខែតុលា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្ដីសម្រេច​មួយ​ដោយ​កំណត់​យក​ថ្ងៃអាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​លើក​ទី ៣ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក​ខណ្ឌ ដែលជា​ការបោះឆ្នោត​អសកល​ដោយមាន​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​មុខតំណែង​ជា​អង្គ​បោះឆ្នោត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114