ព័ត៍មានទាន់​ហេតុការណ៏
Search

កសិករ​ចិញ្ចឹម​មាន់​នៅ​ភូមិ​ខ្លែង​ពណ៌ ​ស្រុក​កំពង់លែង តស៊ូ​ជាថ្មី​ម្ដងទៀត ​ក្នុង​មុខរបរ​ចិញ្ចឹម​មាន់ ​

កំពង់ឆ្នាំង ​៖ ក្រោយពី​ទទួល​បរាជ័យ​ចំនួន​ពីរ​លើក ក្នុង​មុខរបរ​ចិញ្ចឹម​មាន់​កន្លងមកនេះ លោក គៀន វាសនា អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ខ្លែង​ពណ៌ ឃុំ​ត្រងិល ស្រុក​កំពង់លែង បាន​ក្រោក​ឡើង​តស៊ូ​ចិញ្ចឹម​មាន់​ម្តងទៀត ដោយ​សង្ឃឹមថា លោក​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​លោក​បាន​ព្យាយាម​រៀនសូត្រ​ពី​កសិដ្ឋាន​ចិញ្ចឹម​មាន់​នានា និង​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុងការ​ចិញ្ចឹម​មាន់ ដោយ​សង្ឃឹមថា​នឹង​ទទួល​បាន​នូវ​ភាពជោគជ័យ ព្រោះ​ការបរាជ័យ ​គឺជា​បទពិសោធន៍ ដើម្បី​ឈានទៅរក​ភាពជោគជ័យ ។​

លោក គៀន វាសនា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩ នេះ​បានបញ្ជាក់​ឲ្យ​ដឹងថា​ កាលពី​ពីរ បី​ឆ្នាំមុន​ លោក​ធ្លាប់បាន​ចិញ្ចឹម​មាន់​រាប់ពាន់​ក្បាល​ផងដែរ ប៉ុន្តែ​ដោយ​ការខ្វះ​បច្ចេកទេស និង​បទ​ពិសោធន៍ ក្នុងការ​ថែរក្សា ​និង​បំប៉ន​មាន់ បាន​ធ្វើ​ឲ្យ​លោក​ទទួល​បរាជ័យ​ដោយបាន​ខាតបង់​ប្រាក់​ជាង​៣.០០០​ដុល្លារ។ ប៉ុន្តែ​ពេលនេះ ​មិន​ដូច​មុន​ទេ ​លោក​បាន​ដើរ​រៀន​សូត្រ​នូវ​បច្ចេកទេស​ចិញ្ចឹម​មាន់​ពី​កសិដ្ឋាន​នានា នៅ​ក្នុង​ស្រុក​ និង​នៅតាម​ខេត្ត​មួយចំនួន​ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​កំពង់លែង ដែល​មកដល់ពេលនេះ​លោក​បានធ្វើ​ទ្រុងមាន់​ធំៗ​៣​ទ្រុង ដោយបាន​ទិញ​កូន​មាន់​ស្រែ​ពូជ​នៅក្នុង​ស្រុក​ចំនួន​មួយ​ពាន់​ក្បាល​មក​ចិញ្ចឹម​។

ដោយឡែក ​លោក ​ក៏បាន​ ទិញ​ពូជ​មាន់​មុង​ហ្គោ​លី​ឆ្អឹង​ខ្មៅ​សាច់​ខ្មៅ ចំនួន​១៤​ក្បាល​មក​ចិញ្ចឹម​សាក​ល្បង​ផងដែរ ដែលមាន់​ក្រមុំ​១​ក្បាល លោក​ទិញ​ពី​គេ​មក​ក្នុងតម្លៃ​៣០​ដុល្លារ និង​បារ មួយ​ក្បាល​៤០​​ដុល្លារ​។​

មាន់​ម៉ុង​ហ្គោ​លី​នេះ ​ចិញ្ចឹម​គឺ​ឆាប់​ធំធាត់ ហើយ​តម្លៃ​វា​ក៏​លក់​បាន​ថ្លៃ​ផង​ដែរ​ក្នុង​១​គីឡូ​ អាច​លក់​បាន​ថ្លៃ​៣​ម៉ឺន​រៀល។ ចំណែក​កូន​វា​ភ្ញាស់​មក​ក្នុង​រយៈពេល​មួយ​ខែ ក៏​អាច​លក់​បាន​ក្នុង​កូន​មួយ​ក្បាលៗ ៤​ម៉ឺន​រៀល​ផងដែរ។

ទាក់ទង​នឹង​ការចិញ្ចឹម​មាន់​ពេលនេះ ​លោក​បាន​កែច្នៃ​ធ្វើ​ម៉ាស៊ីន​កិន​ចំណី​មាន់​ដោយ​ខ្លួនឯង​ ដោយ​រក​បន្លែ​ធម្មជាតិ​នៅក្នុង​ស្រុក មានដូចជា​ ត្រកួន​កំប៉ោង ពោត កន្ទក់ និង​ចុងអង្ករ​ជាដើម យក​មក​កិន​បញ្ចូល​គ្នា​ធ្វើជា​ចំណី​មាន់ ហើយ​លោក​ក៏មាន​ជា​ម៉ាស៊ីន​សូន​ចំណី​មាន់​ជា​គ្រាប់ៗ​ផងដែរ សម្រាប់​ទុក​ឲ្យ​មាន់​ស៊ី​នៅ​រដូវ​ដែល​ខ្សត់​បន្លែ។​

លោក​បាន​បញ្ជាក់ថា​ ក្នុងការ​ចិញ្ចឹម​មាន់​ពេលនេះ លោក​ក៏បាន​ទិញ​ជន្លេន​ក្រហម​ ដែលជា​ចំណី​ពិសេស និង​ក៏​ជា​ថ្នាំ​ពិសេស​សម្រាប់​ឲ្យ​មាន់​ស៊ី ដើម្បី​មាន​សុខ​ភាព​ល្អ​គ្មាន​ជំងឺ​រាតត្បាត និង​ក៏​ឆាប់​ធំធាត់​ល្អ​ផងដែរ ដោយ​លោក​សង្ឃឹមថា នៅក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខនេះ លោក​នឹងមាន​មាន់​សាច់​ជាង​១​ពាន់​ក្បាល​ សម្រាប់​លក់​ចេញ ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ពី​៤​ទៅ​៥​ពាន់​ដុល្លារ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​សម្រាប់​ពង្រីក​មុខរបរ​ចិញ្ចឹម​ជា​បន្តបន្ទាប់​ទៀត​។​

លោក សុខ រិ​ន ប្រធាន​ការិយាល័យ​កសិកម្ម​កំពង់លែង​បាន​ឲ្យ​ដឹងថា​ មកដល់ពេលនេះ ​ក្នុង​ស្រុក​កំពង់លែង ដែលមាន​ឃុំ​ចំណុះ​ចំនួន​៥​ឃុំ មាន​កសិករ​ចិញ្ចឹម​មាន់​ជាង​១០​កន្លែង​ហើយ ក្នុង​នោះ​ពួក​គាត់​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ និង​ជា​កសិដ្ឋាន​ខ្នាតតូច ដោយ​ពួកគាត់​បាន​ទំនាក់ទំនង​ និង​សហការ​ជាមួយគ្នា​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ ពីគ្នា​ទៅវិញទៅមក​ក្នុងការ​ចិញ្ចឹម​មាន់​ស្រែ​ខាង​លើ​នេះ ឲ្យ​ទទួលបាន​ភាពជោគជ័យ សម្រាប់​កាត់បន្ថយ​ជីវភាព​រស់នៅ​ក្នុង​គ្រួសារ​។​

លោក​ប្រធាន​ការិយាល័យ​កសិកម្ម​កំពង់លែង ក៏បាន​អំពាវនាវ​ផង​ដែរ ដល់​ប្រជាកសិករ​យើង​ដែល​ប្រកបមុខរបរ​ចិញ្ចឹម​មាន់ ប្រសិនបើ​មាន​បញ្ហា​អ្វី​ជួប​ការលំបាក​នៅក្នុង​មុខរបរ​ចិញ្ចឹម​មាន់ ត្រូវតែ​រាយការណ៍​មក​ជា​បន្ទាន់ ដើម្បីឲ្យ​មន្ត្រី​កសិកម្ម​ស្រុក និង​ខេត្ត​ជួយ​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114