ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រួសារ​នាយ សាន ម៉ៅ បង្ខំចិត្ត​ដាក់​បញ្ចាំ​​​ផ្ទះ​ និង​រថយន្ត ​ខណៈ​ថ្លៃ​ព្យាបាល​នៅ​ខ្មែរ​រយៈពេល​២១​ថ្ងៃ ​ត្រូវ​ចំណាយ​អស់​ជិត​១​ម៉ឺន​ដុល្លារ​

ភ្នំពេញ ​៖ ​ដោយសារតែ​ស្ថានភាព​ជំងឺ​ហាក់​គ្មាន​ការ​ធូរស្រាល​ និង​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង ​តារា​កំប្លែង​វ័យ​ចំណាស់ ​ដែល​តែង​បង្ក​ភាព​សប្បាយ​រីករាយ​សើច​ក្អាកក្អាយ​ដល់​មហាជន​ខ្មែរ​គ្រប់​ស្រទាប់​វ័យ​ នាយ សាន ម៉ៅ កាលពី​ថ្មីៗ​នេះ​ ត្រូវបាន​ក្រុមគ្រួសារ​សម្រេច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទី​រពេទ្យ​របស់​ប្រទេស​ថៃ​។ ​ខណៈ​បច្ចុប្បន្ន​ក្រុមគ្រួសារ​របស់គាត់​ក៏​កំពុង​ជួប​ការខ្វះខាត​ខ្លាំង​រហូត​បង្ខំ​ចិត្ត​ដាក់បញ្ចាំ​ផ្ទះ ​និង​រថយន្ត​ផង​នោះ​។​

បើតាម​ការ​លើកឡើង​របស់​ អ្នកនាង ច​ន ច័ន្ទ​លក្ខណា ដែល​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​រៀប​រាប់​ថា តារា​កំប្លែង​មាន​ប្រជាប្រិយភាព​នាយ សាន ម៉ៅ ដោយ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្មែរ​ហាក់​មិនសូវ​ទទួល​បាន​ផល ​និង​កាន់តែ​មានការ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ផង​នោះ​ មុន​នេះ​នាយ ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ​ឯ​មន្ទីរពេទ្យ​មួយកន្លែង ​នា​ទឹកដី​ប្រទេស​ថៃ​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​និយាយ​បញ្ជាក់​បែបនេះ​ថា ​ពេលនេះ​ លោកពូ សាន ម៉ៅ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ ​ដែល​ស្ថិតនៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ កំឡុង​ពេល​លោកពូ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ខ្មែរ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​រយៈពេល​២១​ថ្ងៃ​ គាត់​ចំណាយ​អស់​ជិត​១០.០០០​ម៉ឺន​ដុល្លារ​។​

គ្រួសារ​របស់​លោកពូ​បាន​យក​ផ្ទះ និង ឡាន ទៅ​បញ្ចាំ​បាន​ថវិកា​ចំនួន​១៥.០០០​ដុល្លារ​ ដើម្បី​យក​លោកពូ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ​។​

តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ​បាន​បន្តទៀតថា ​ហើយ​មកដល់ពេលនេះ ​គឺ​គាត់​បាន​ចំណាយ​លើ​ថ្លៃ​រថយន្ត​សង្គ្រោះ​ពី ភ្នំពេញ​ដល់​ព្រំដែន​ខ្មែរ​ថៃ​អស់​៣.០០០​ដុល្លារ​ ហើយ​ថ្លៃ​រថយន្ត​សង្គ្រោះ​ពី​ព្រំដែន​ខ្មែរ​ថៃ​ ទៅ​ខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ ​គឺ​ចំណាយ​អស់​ជាង​៧.០០០​បាត​នេះ ​គ្រាន់តែ​ថ្លៃ​រថយន្ត​ដឹក​អ្នកជំងឺ​ទេ ថ្លៃ​ព្យាបាល​គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ។​ ពេលនេះ​ ស្ថានភាព​របស់​លោក​បាន​ធូរ​បន្តិច​ហើយ។ ខ្ញុំ​សូម​ជូនពរ​ឲ្យ​លោកពូ​ឆាប់​ជា​ពី​ជំងឺ​ទាំងឡាយ​។​

សូម​បញ្ជាក់​ថា​ តារា​កំប្លែង​ នាយ សាន ម៉ៅ កាលពី​ថ្មីៗ​កន្លង​នេះ​ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ដោយ​ភ្លាមៗ​នោះ​ ក៏បាន​ធ្វើ​ឲ្យ​មហាជន​ និង​អ្នក​សិល្បៈ​រួម​អាជីព​ជាច្រើន​បង្ក​ការ​ភ្ញាក់ផ្អើល ​និង​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​សុវត្ថិភាព ​ខណៈ​ខ្លះ​ទៀត​ក៏បាន​ជូនពរ​ឲ្យ​តារា​កំប្លែង​រូបនេះ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផង​នោះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114