ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​កសិកម្ម​ អញ្ជើញ​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​សាច់​១​ឆ្នាំ ចិញ្ចឹម​បាន​៦​វគ្គ នៅ​ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម​

​ភ្នំពេញ ​៖ បន្ទាប់ពី​អញ្ជើញ​ចុះ​ពិនិត្យ ដំណាំ​កសិកម្ម ស្វាយចន្ទី ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​៥​មករា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បន្ត​ដំណើរ ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​សាច់ នៅ​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ក្នុង​មួយ​ឆ្នាំ​អាច​ចិញ្ចឹម​បាន​៦​វគ្គ។​

ក្រសួង​បាន​ឲ្យ​ដឹងថា កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​សាច់ បាន​អនុវត្ត​តាមច្បាប់ ​ស្ដីពី​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ដោយ​ជ្រើស​យក​ក្រុមហ៊ុន​ស៊ី​ភី​ កម្ពុជា ​ធ្វើជា​ដៃគូ​ក្នុង​ការ​វិនិយោគ​នេះ ដោយ​ក្រុមហ៊ុន​ជា​ភាគី​ផ្គត់ផ្គង់​ពូជ ចំណី បច្ចេកទេស ថ្នាំ​ការពារ និង​ថ្នាំ​ព្យាបាល ហើយ​ក្រុមហ៊ុន​ទទួល​ទិញ​មាន់​វិញ​ក្នុង​តម្លៃ​កុងត្រា​។​

​ម្ចាស់​កសិដ្ឋាន​បាន​ឲ្យ​ដឹងថា ​បច្ចុប្បន្ន​កសិដ្ឋាន​មាន​រោង​ចិញ្ចឹម​២​រោង ក្នុង​១​រោង អាច​ចិញ្ចឹម​មាន់​សាច់​បាន​ចំនួន​១.៥​ម៉ឺន​ក្បាល ហើយ​លក់​ក្នុង​តម្លៃ​៦​ពាន់​រៀល​/​គីឡូក្រាម​។ ក្នុង​១​វគ្គ (​ចាប់ពី​ថ្ងៃ​ដាក់​កូន រហូតដល់​ថ្ងៃ​ចាប់​លក់​មាន​រយ​:​ពេល​ពី ៣៥-៤៥​ថ្ងៃ​) អាច​ទទួល​បាន​កម្រៃ​សុទ្ធ​(​ដក​ថ្លៃ​ភ្លើង កម្មករ និង​បង់​រំ​លោះ​ឲ្យ​ក្រុមហ៊ុន​៣០% នៃ​ប្រាក់ចំណូល​) ប្រមាណ​១៨​លាន​រៀល ហើយ​១​ឆ្នាំ​ អាច​ចិញ្ចឹម​បាន​៦​វគ្គ ដូច្នេះ​សរុប​មក​ក្នុង​១​ឆ្នាំ អាច​ទទួល​បាន​ចំណូល​ប្រមាណ​១០៨​លាន​រៀល​។​

​នាឱកាស​នេះ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ជូន​ភាគី​ទាំងពីរ​(​ម្ចាស់​កសិដ្ឋាន និង​ក្រុមហ៊ុន​) ក៏ដូចជា​អ្នក​ផលិត និង​ដៃគូ​ឯកជន​នៅ​ទូទាំង​ប្រទេស​ជ្រាប​ថា ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ភាគី​ផលិត និង​ភាគី​អ្នកទិញ ជាអាទិ៍ ៖ រក្សា​បាន​នូវ​តម្លៃ​ថេរ​មួយ ធានា​បាន​នូវ​បរិមាណ​ផ្គត់ផ្គង់ និង​ការ​ផ្គត់ផ្គង់​មាន​និរន្តរភាព អ្នក​ផលិត​ទទួល​បាន​បច្ចេកទេស​ពី​ក្រុមហ៊ុន ឬ​ទុន​វិនិយោគ​បន្ថែម គុណភាព​ផលិតផល ​ត្រូវ​បាន​លើកកម្ពស់ និង​គាំទ្រ​ដោយ​ក្រសួង​ប្រសិន​បើ​កិច្ចសន្យា​នេះ​ ត្រូវបាន​ទទួលស្គាល់​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម អគ្គនាយកដ្ឋាន​ផលិត​កម្ម​សត្វ និង​សុខភាព​សត្វ និង​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​។

ហេតុផល​នេះ បច្ចុប្បន្ន​ក្រសួង ​បាននិងកំពុង​ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ បន្ត​ធ្វើ​ការ​ផ្សព្វផ្សាយ និង​អនុវត្តន៍​ច្បាប់​នេះ ឲ្យ​បាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ប្រយោជន៍​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ក្នុងស្រុក ធានា​ដល់​ការ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក កាត់បន្ថយ​ការ​នាំ​ចូល និង​ឈាន​ទៅ​ធ្វើការ​នាំចេញ​៕​