ព័ត៍មានទាន់​ហេតុការណ៏
Search

លោក គង់ គាំ ថា លោក​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ ក្នុងនាម​សាក្សី​លើ​សំណុំរឿង​ក្បត់ជាតិ​របស់​លោក កឹម សុខា

​ភ្នំពេញ ​៖ អតីត​មនុស្ស​ជំនិត​របស់ លោក សម រ​ង្ស៉ី ហើយ​ជា​អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយរូប​នៅក្នុង​ជួរ​អតីត​គណបក្សប្រឆាំង លោក គង់ គាំ បាន​អះអាងថា លោក​នឹង​ចូល​បំភ្លឺ​ជូន​ចៅក្រម​ស៊ើបសួរ​ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ ខាងមុខ តាម​ការកោះហៅ​បំភ្លឺ​របស់​ចៅក្រម​ស៊ើបសួរ​។​

ចៅក្រម​ស៊ើបសួរ នៃ​សា​សា​ដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី កាលពី​ខែធ្នូ ឆ្នាំ​២០១៨ បានចេញ​ដីកា​មួយ​កោះហៅ ​លោក គង់ គាំ ចូលខ្លួន​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នាទី​២៣ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ជាន់​ទី​៤ បន្ទប់ “​គ​” ពាក់ព័ន្ធ​នឹង​សំណុំរឿង “​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​” របស់លោក កឹម សុខា​។​

ទាក់ទង​នឹង​ការកោះហៅ​ឲ្យ​បំភ្លឺ​នេះ លោក គង់ គាំ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​រសៀល​ថ្ងៃទី​០៧​មករា ថា លោក​បានទទួល​ដីការ​កោះអញ្ជើញ​របស់​ចៅក្រម​ហើយ ហើយក៏​យល់ព្រម​ចូលទៅ​បំភ្លឺ​ផងដែរ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​ទទួល​ហើយ ខ្ញុំ​បាន​យល់​ព្រមទៅ​បំភ្លឺ​តាម​ការអញ្ជើញ​របស់​ចៅក្រម​ហើយ​បាទ “​។ លោក​បញ្ជាក់ថា “​ខ្ញុំ​គ្មាន​ឯកសារ និង​ដឹងអី​ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​មិនអាច​រុញ​រា និង​បដិសេធ​នូវ​ការចង់បាន​ព័ត៌មាន ដើម្បី​ឲ្យ​គ្រប់​ជ្រុងជ្រោយ​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ជាកា​វិនិច្ឆ័យ​លើ​ជនជាប់ចោទ​នោះ​ឲ្យ​មាន​ពន្លឺយុត្តិធម៌​ថែមទៀត​នោះបានទេ​បាទ​”​។​

ចំពោះ​ការចោទប្រកាន់​របស់​ចៅក្រម​ស៊ើបសួរ​លើ​ លោក កឹម សុខា ពីបទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​នោះ លោក គង់ គាំ អះអាងថា “​មេធាវី​ដើមចោទ​បានដាក់​បន្ទុក​ទៅលើ​ជនជាប់ចោទ ហើយ​មេធាវី​ជនជាប់ចោទ​ត្រូវ​ព្យាម​យាម​ដោះ​បន្ទុក​ពី​ជនជាប់ចោទ ខ្ញុំ​គ្រាន់តែ​ជា​សាក្សី​ទេ អ្វីដែល​ចៅក្រម​ស៊ើបសួរ​ចង់ដឹង ហើយ​ខ្ញុំ​ដឹង ខ្ញុំ​នឹង​ជម្រាប​គាត់ ហើយ​អ្វីដែល​ខ្ញុំ​មិនបាន​ដឹង ខ្ញុំ​នឹង​ប្រាប់​ចៅក្រម​ថា ខ្ញុំ​មិនបាន​ដឹង​ទេ​បាទ​”​។​

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចាប់ និង​ឃុំខ្លួន​ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ យោងតាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ​។ តែ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នៅវេលា​ទៀបភ្លឺ ​ឈានចូល​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព​របស់លោក បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។​

ការដោះលែង​ លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​សម្រាប់​អតីត​មេបក្ស​ប្រឆាំង​នេះ ដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ព្រំប្រទល់ ​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិន​ត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល ​ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង និង​មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​៕