ព័ត៍មានទាន់​ហេតុការណ៏
Search

លោកឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ហាម​មិន​ឲ្យ​មាន​អន្តរាគមន៍ លើ​ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​

​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​សមត្ថភាព និង​តម្លាភាព​យុត្តិធម៌​ក្នុងការ​ប្រឡង​ជ្រើសរើស​នាយទាហាន ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ឆ្នាំ​២០១៩​នេះ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុគណៈកម្មការ​ប្រឡង បាន​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ណាមួយ ទោះ​ថ្នាក់​ណាក៏ដោយ​ចូល​កិច្ចការ​ប្រកប​ដោយ​យុត្តិធម៌​របស់​គណៈកម្មការ​ប្រឡង​នោះឡើយ​។​

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការជ្រើសរើស​បេក្ខជន​ឲ្យ​ចូល​បម្រើ​កងទ័ព តាមរយៈ​គណៈកម្មការ​ប្រលង​ជ្រើសរើស​នាយទាហាន​នេះ​ធ្វើយ៉ាងណា​រើស​ឲ្យ​បាន​សុក្រឹត រើស​ឲ្យ​បាន​ត្រឹមត្រូវ។ និយាយ​រួម គឺ​មានតែ​គោលការណ៍​មួយគត់​ឲ្យ​អ្នក​ជាប់​ជាប់​ដោយ​សមត្ថភាព និង​មាន​មោទនភាព ហើយ​អ្នកធ្លាក់​ធ្លាក់​ដោយ​អស់ចិត្ត។​ ចំណែក​គណៈកម្មការ​ដែល​មាន​ភាព​ត្រឹមត្រូវ​នោះ​ នឹងមិន​រង​នូវ​ការរិះគន់ ឬ​វាយប្រហារ ហើយ​នេះ គឺជា​ជោគជ័យ​នៅក្នុង​រយៈពេល​៤​ឆ្នាំនេះ​ នៃ​សកម្មភាព​បំពេញភារកិច្ច​របស់​យើង។ មិនតែប៉ុណ្ណោះ​ ការអនុវត្ត​គោលការណ៍​ប្រកប​ដោយ​យុត្តិធម៌ និង​តម្លាភាព​នេះ​ នឹង​ក្លាយជា​បទពិសោធន៍​ នឹង​បន្ត​ជោគជ័យ​នៅ​ឆ្នាំនេះ និង​ឆ្នាំ​ក្រោយៗ​ទៀត។​

លោកឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា ភារកិច្ច​ចម្បង​របស់​យើង​នៅក្នុង​ការ​ជ្រើសរើស​នាយ​ទាហាន​នេះ គឺ​យើង​ជ្រើសរើស​នាយទាហាន​ដែលមាន​សមត្ថភាព​ពិតប្រាកដ​ទៅតាម​វិធានការ​វិធីសាស្ត្រ​តម្លាភាព​ប្រសិទ្ធភាព យុត្តិធម៌ ហើយ​នេះ គឺជា​គោលដៅ​ធំ ដែល​ថ្នាក់​ដឹកនាំ​ប្រគល់​ឲ្យ។ លោក​សង្ឃឹមថា គណៈកម្មការ ​នឹង​ទទួល​បាន​ជោគជ័យ​បន្ថែមទៀត​ ដោយ​សិក្សា​អំពី​ចំណុច​ខ្វះខាត​ពី​ឆ្នាំ​កន្លងទៅ ហើយ​ត្រូវធ្វើ​ផែនការ​ឲ្យ​ច្បាស់លាស់​ទាំង​នីតិវិធី សម្ភារៈ​ពេលវេលា​សំដៅ​យក​សុ​ក្រិត​ភាព និង​ប្រសិទ្ធភាព។

លោក​បន្តថា ការជ្រើសរើស​នាយទាហាន ​នៃ​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០១៩ នេះ​មានការ​កើន​ឡើង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨ កន្លងមក ហើយ​ការកើនឡើង​នេះ គឺ​បាន​កើនឡើង​នៅតាម​បណ្តា​យោធភូមិភាគ​។​

ទន្ទឹម​នោះ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ណែនាំ​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅដល់​ក្រុមការងារ​ថ្នាក់កណ្តាល ​នៃ​អនុគណៈកម្មការ​ប្រឡង​ជ្រើសរើស​ក៏ដូចជា គណៈមេប្រយោគ​អគា​នុ​រក្ស និង​អនុរក្ស និង​ផ្សេង​មិន​ឲ្យ​មានការ​អន្តរា​គម និង​មិន​ត្រូវមាន​មនោសញ្ចេតនា​ចំពោះ​បុគ្គល​តែ​ត្រូវមាន​មនោសញ្ចេតនា​ទូទៅ​ដោយ​ការប្រកួតប្រជែង។ ផ្តើម​ពី​នោះ និង​ត្រូវ​រៀបចំ​ផែនការ​អនុវត្ត​នីតិវិធី​ឲ្យ​បានច្បាស់លាស់ និង​អនុវត្ត​បទបញ្ជា​ឲ្យ​បាន​ម៉ឺងម៉ាត់​នៅក្នុង​ការដឹកនាំ និង​ដំណើរការ​ នៃ​ការប្រលង​ជ្រើសរើស​នាយទាហាន ​នៃ​កង​យោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៩ ឲ្យ​មាន​សុក្រឹតភាព និង​ប្រសិទ្ធភាព។​

គួរ​បញ្ជាក់​ដែរ​ថា ការ​ប្រលង​ជ្រើសរើស​នាយទាហាន​ នៃ​កង​យោធពល​ខេមរភូមិន្ទ វគ្គ​នាយ ទាហាន​សកម្ម​ជំនាន់​ទី​២៣ វគ្គ​នាយទាហាន​ទ័ពជើងគោក​ជំនា​ន់​ទី​១១ វគ្គ​នាយទាហាន​បន្ត វេន​ជំនា​ន់​ទី​១២ និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធា ឆ្នាំ​២០១៩​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៣-១៥ ខែ​មករា ឆ្នាំ​២០១៩ ខាងមុខ ដែលមាន​ចំនួន​៦​មណ្ឌល គឺ​នៅ​មណ្ឌល រាជធានី​ភ្នំពេញ យោធភូមិភាគ ទី​១ ទី​២ ទី​៣ ទី​៤ និង​ទី​៥ ដោយ​ផ្ដោតទៅលើ​វិញ្ញាសា​ចំណេះដឹង​ទូទៅ​ភាសាបរទេស និង​វិញ្ញាសា​កីឡា​កាយសម្បទា៕