ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ៤០ ឆ្នាំ​កម្ពុជា​ប្រែប្រួល​ស្ទើរ​ស្មាន​មិន​ដល់

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានបង្ហាញ​នូវ​មោទនភាព​ចំពោះ​ជោគជ័យ​ដែល​កម្ពុជា​សម្រេចបាន​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងទៅ​នេះ​ អ្វីៗ​បាន​ផ្លាស់ប្ដូរ​ស្មាន​មិន​ដល់​។​ សម្តេច​តេ​ជោ​បាន​ចាត់ទុកថា​ថ្ងៃ​៧​មករា ជា​មហា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​ដែល​បើក​ឡើង​នូវ​ទំព័រ​សករាជ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​ទំនើប​ដែល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​អ្វីៗ​គ្រប់បែបយ៉ាង​នៅថ្ងៃ​នេះ​នឹង​មាន​នូវ​ការជឿជាក់​ចំពោះ​អនាគត​ដ៏​រុងរឿង​របស់​ខ្លួន ដែល​ត្រូវបាន​កត់ត្រា​ទុកជា​រៀង​រហូត​នៅក្នុង​ការ​ចងចាំ​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប គ្រប់ៗ​ជំនាន់ ដែល​ស្រឡាញ់​សន្តិភាព សេរីភាព និង យុត្តិធម៌។

នៅក្នុង​មហា​មី​ទិ្ទ​ញ​រំលឹក​ខួប​លើក​ទី​៤០​នៃ​ទិវា​ជ័យជម្នះ​៧​មករា (៧.១.១៩៧៩ , ៧.១.២០១៩) នា​ព្រឹក ថ្ងៃទី​០៧ ខែមករា ឆ្នាំ ២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៦​ម៉ឺន​នាក់។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើង​ពី​អត្ថន័យ​នៃ​ថ្ងៃ ៧ មករា និង សមិទ្ធផល​ទាំង ឡាយ​ដែល​កើតចេញ​ក្រោយ​ថ្ងៃ ៧ មករា​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា​រយៈពេល ៤០​ឆ្នាំ​កន្លងទៅ​នេះ អ្វីៗ​បាន​ផ្លាស់ប្ដូរ​ស្មាន​មិន ដល់​បាន​ផ្លាស់​ប្តូរ​កម្ពុជា​ដែល​ត្រូវបាន​បំផ្លាញ​ខ្ទេចខ្ទី​អស់​ទៅ​ហើយ​នោះ​បាន​ប្រឹង​ងើបឈរ​ឡើងវិញ និង​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ស្វាហាប់​លើ​មាគ៌ា​នៃ​សុខសន្តិភាព​,​ប្រជាធិបតេយ្យ​,​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ក្នុង​រយៈពេល ៤០ ឆ្នាំ​មកនេះ បើទោះបី​ជា​មាន​ឧបសគ្គ​និង​ការ​លំបាក​ធំ​ប៉ុណ្ណា​ក៏ដោយ​ក៏​កម្ពុជា​នៅតែ​អាច​ពុះពារ​ជម្នះ​បាន​ដោយ​ជោគជ័យ​ធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​ការផ្លាស់ប្ដូរ​ជា​ជំហានៗ និង​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ ដែល សមិទ្ធផល​ទាំងនេះ​ច្បាស់​ណាស់​អាច​សម្រេច​ទៅបាន​អាស្រ័យ​ដោយមាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​កម្លាំង​មហា​សាមគ្គី​របស់​ប្រជាជន​យើង​នៅ​ទូទាំងប្រទេស​ព្រមទាំង​ការជួយឧបត្ថម្ភ​ដ៏​ស្មោះសរ​ពី​សំណាក់​បណ្តា​ប្រទេស​ជា​មិត្ត​មួយចំនួន​។

សម្តេច​តេ​ជោ​បាន​បង្ហាញ​ការប្រៀបធៀប​ថា ​កម្ពុជា​កាលពី​៤០​ឆ្នាំមុន​និង​កម្ពុជា​បច្ចុប្បន្ន។ ពី​អតីតកាល​កម្ពុជា​ត្រូវ​បាន​ញាំញី​និង​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាមរ៉ាំរ៉ៃ​ការ​បែកបាក់​ជាតិ​និង​បែងចែក​ទឹកដី​អសន្តិសុខ​គ្រប់​ទីកន្លែង​។ កម្ពុជា​ពីមុន​ដែល​ជា​វាល​ពិឃាដ​គ្រប់​ដណ្ដប់​ដោយ​អំណាច​ផ្តាច់ការ​ឧក្រិដ្ឋកម្ម​គួរ​ឲ្យ​រន្ធត់​បំផុត​នៃ​របប​ប្រល័យពូជសាសន៍​។

កម្ពុជា​ពីមុន​ត្រូវ​គេ​ប្រមាថមើលងាយ​ត្រូវ​បាន​គេ​ហ៊ុមព័ទ្ធ​និង​ឯកោ​គាំង​ខាង​នយោបាយ​សេដ្ឋកិច្ច​កម្ពុជា​។​កម្ពុជា​ដែល​ពីមុន​ជា​ប្រទេស​ធ្លាប់​ទទួល​បាន​នូវ​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​ កម្ពុជា​ពីមុន​ជា​ប្រទេស​អន់ថយ​បំផុត​ខាង​ផ្នែក​សេដ្ឋកិច្ច​គ្រប់​ដណ្ដប់​ដោយ​ភាព​ក្រីក្រ​និង​មាន​កង្វះខាត​ស្បៀងអាហារ​យ៉ាងធ្ងន់ធ្ងរ​។​តែ​បច្ចុប្បន្ន​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​សន្តិភាព​ពេញលេញ​។ កម្ពុជា​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ទឹកដី​នៃ​សេរីភាព​ដែលមាន​ការគោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស តាមរយៈ​ការរៀបចំ​នៃ​ការបោះឆ្នោត​យ៉ាង​ទៀងទាត់ ដោយ​សេរី​, ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​គោរព​គោលការណ៍ ច្បាប់​ឥត​ងាករេ ហើយ​ប្រជាជន​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ស្មើគ្នា​នៅ​ចំពោះមុខ​ច្បាប់​។ កម្ពុជា​បច្ចុប្បន្ន​ជា​រដ្ឋ​ឯករាជ្យ​មួយ​ដែលមាន​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​ពេញលេញ​ហើយ​កំពុង​ពង្រីក​ការ​ធ្វើ​សមារណកម្ម​ខ្លួន​យ៉ាងសកម្ម ទៅ​ក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម​នៃ​តំបន់​និង​ពិភពលោក ព្រមទាំង​កំពុង​បំពេញ​តួនាទី​យ៉ាងសកម្ម ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ ក្នុង​រាល់​កិច្ចការ​តំបន់​និង​អន្តរជាតិ​។ កម្ពុជា​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ប្រទេស​បញ្ជូន​កងកម្លាំង​រប​ស់​ខ្លួន ទៅ​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។

កម្ពុជា​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ប្រទេស​មួយ​នាំ​ស្រូវ​អង្ករ​ចេញ​ធានា​បាន​យ៉ាង​គត់មត់​នូវ​សន្តិសុខ​ស្បៀង ហើយ​ស្ថិត​ក្នុងចំណោម ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​លឿន​ជាងគេ​លើ​ពិភពលោក​សម្រេច​បាន​នូវ​វឌ្ឍនភាព​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ​និង​កែលម្អ​នៅ​សូចនាករ​ផ្នែក​សង្គមកិច្ច​។

សម្រាប់​អនាគត​របស់​កម្ពុ​ជា ​ស​ម្រា​ប់​គោលដៅ​អនាគត សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អះអាងថា សន្តិភាព សន្តិសុខ​និង​ស្ថេរភាព​នយោបាយ​បាន​បង្កើត​ឱកាស​មាស ដែល​ពុំ​ធ្លាប់​មាន​ដល់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ឲ្យ​សម្រេច​បាន​សមិទ្ធផល​យ៉ាង​ធំធេង​គួរ​ជាទី​មោទនៈ​ក្នុង​រយៈពេល​ជាង​២​ទសវត្ស​ចុងក្រោយ​នេះ​។ ជា​មួយ​គ្នា​នេះ​កម្ពុជា​ទទួល​បានជា​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​លំដាប់ថ្នាក់​ទី​៦ លើ​ពិភពលោក ដោយ​សម្រេច​បាន​កំណើន​ជា​មធ្យម​ជាង ៧​ភាគរយ ក្នុង​១​ឆ្នាំ តាមរយៈ​ការ​រីកចម្រើន​ក្នុង កម្រិត​ខ្ពស់​ជាប់​មិន​ដាច់ នៃ​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និង​ការ​ដឹកជញ្ជូន​។ ជាក់ស្ដែង ផលិតផល​សរុប​ក្នុងស្រុក បាន​កើន​ពី​ប្រមាណ ៣.៦៤៩​លាន​ដុល្លារ នៅ​ឆ្នាំ​២០០០ ដល់​ប្រមាណ ២៤.៦០៥​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨​។ លើស​ពី​នេះ​ទៀត រចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​កំពុង​ផ្លាស់ប្ដូរ ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ដែល​ពឹងផ្អែក​ជា​សំខាន់​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​វិញ​។ ការ​កសាង​ផ្លូវ ស្ពាន បណ្ដាញ​អគ្គិសនី ទឹកស្អាត ប្រព័ន្ធ​ធារាសាស្ត្រ មន្ទីរពេទ្យ សាលារៀន ត្រូវ​បាន​ស្ថាបនា​ច្រើន​ស្អេកស្កះ​ពាសពេញ​ផ្ទៃ​ប្រទេស​។ ចំណែក​រោងចក្រ សហគ្រាស កសិដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប អគារ​ខ្ពស់ៗ​។​ល​។ ត្រូវ​បាន​កសាង និង​ពង្រីក​កាន់តែច្រើន ដែល​បាន​ផ្ដល់​ការងារ​ជូន​ប្រជាជន​រាប់​លាន​នាក់​នៅ​គ្រប់ទិសទី​។ កម្ពុជា​ក៏​ត្រូវ​បាន​មជ្ឈដ្ឋាន​វិនិយោគិន​ក្នុងស្រុក និង​ក្រៅប្រទេស និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា​វាយតម្លៃ​ថា ជា​ប្រទេស​ដែល​មាន​បរិយាកាស​ល្អ​សម្រាប់​ការ​វិនិយោគ និង​ធុរកិច្ច​។ សម្រាប់​រយៈពេល​ខ្លី និង​មធ្យម​ខាងមុខ កម្ពុជា​រំពឹង​ថា ​នៅតែ​អាច​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៧​ភាគរយ ក្នុង​មួយឆ្នាំ និង​ធានា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ​បន្ត​ទៀត​។ លើ​មូលដ្ឋាន​នៃ​សមិទ្ធកម្ម​វិស័យសេដ្ឋកិច្ច​នេះ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ ក៏​ទទួល​បាន​នូវ​ការ​កែលម្អ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ប្រការ​នេះ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ពី​ប្រមាណ ២៨៨​ដុល្លារ​នៅ​ឆ្នាំ​២០០០ ដល់ ១.៥៦៣ ដុល្លារ​នៅ​ឆ្នាំ​២០១៨​។ អត្រា​នៃ​ភាព​ក្រីក្រ​ក៏បាន​ធ្លាក់ចុះ​ពី​ប្រមាណ ៥៣.២​ភាគរយ នៅ​ឆ្នាំ​២០០៤ មក​នៅត្រឹម​ប្រមាណ ១៣.៥​ភាគរយ នៅ​ឆ្នាំ​២០១៤ ដែល​ត្រូវបាន​រំពឹងថា បន្ត​ថយ​ចុះមក​នៅក្នុង​រង្វង់ ១០​ភាគរយ នាបច្ចុប្បន្ន​។ សម្ដេច​តេ​ជោ​បាន​លើកឡើងថា កម្ពុជា​បាន​ឆ្លងកាត់​ដោយ​ជោគជ័យ ពី​ប្រទេស​មាន​ចំណូល​ទាប ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុង​ប្រឹងប្រែង​ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

ស្របគ្នា​ជាមួយនឹង​ការ​កែប្រែ​ដ៏​មិន​នឹកស្មាន​ដល់​ក្នុង​រយៈពេល​៤០ ឆ្នាំនេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​បងប្អូន​ជនរួមជាតិ​កម្ពុជា​ចាត់ទុក​ស្មារតី ៧​មករា ឲ្យ​ស្ថិតនៅ​ជានិច្ច​ក្នុង​ដួងចិត្ត​របស់​យើង ដោយ​ស្មារតី ៧ មករា​គឺជា​កម្លាំង​យ៉ាង​ធំធេង​ដែល​ធ្វើ​ឲ្យ​យើង​យកឈ្នះ​បាន​លើ​គ្រប់​ឧបសគ្គ និង​ការលំបាក​សព្វបែបយ៉ាង​ក្នុង​ការ​កសាង​និង​ការពារ​មាតុភូមិ ស្មារតី ៧ មករា​គឺ​សាមគ្គីភាព​, វីរភាព​និង​ជ័យជម្នះ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា នៅក្នុង​ការដឹកនាំ​នាវា​កម្ពុជា​បន្តទៅ​មុខ​ឆ្ពោះ​ទៅ​រក​ត្រើយ​នៃ​គុណភាព​កាន់តែ​រីកចម្រើន ស្របតាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ជាតិ យើង​នឹងត្រូវ​រួមគ្នា​ពុះពារ​ជំនះ​នូវ​បញ្ហា​ប្រឈម​នឹង​ការ​លំបាក ស្មុគស្មាញ​ជាច្រើន​ថែមទៀត ហើយ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល បានការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​ប្រជាជន សម្តេច​ដឹង​ច្បាស់​អំពី​ទំនួល​ខុសត្រូវ​របស់​សម្ដេច ចំពោះ​ប្រជាជាតិ​ទាំងមូល គឺ​សម្តេច​សន្យា​ថា​នឹង បន្តដំណើរ​ការកែទម្រង់​រដ្ឋ​ស៊ីជម្រៅ​ក្នុង​គ្រប់​វិស័យ​ដែល​ផ្អែកលើ​សាមគ្គីភាព​,​គតិបណ្ឌិត​, ទេពកោសល្យ​, អង់អាច​ក្លាហាន និង​សេចក្តី​ព្យាយាម​ដើម្បី​ជំរុញ​ទៅមុខ​ថែមទៀត​លើ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅក្នុង​សង្គមជាតិ​ឆ្ពោះ​ទៅ​រក​ភាព​កាន់តែ​ចម្រើន​រុងរឿង​និង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​គ្រប់​ស្រទាប់​ជាន់ថ្នាក់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ឥត​ឈប់ឈរ​៕