ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មវិធី​«​សប្បុរសធម៌​ស្ដីពី​កីឡាបាល់ទាត់​» នៅ​ខេត្តព្រៃវែង​របស់​ក្រុម​វិសាខា​បញ្ចប់​ដោយ​ជោគជ័យ

ក្លិប​កីឡាបាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បានរៀបចំ​កម្មវិធី “​សប្បុរសធម៌ ស្ដីពី​កីឡាបាល់ទាត់​” នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០៥ ខែមករា ឆ្នាំ​២០១៩ ថ្មីៗ​នេះ​នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង ដោយមាន​កុមារា​-​កុមារី និង​ក្មេងៗ ប្រមាណ​ជិត​៣០០​នាក់​ចូលរួម​។

​ក្លិប​បាន​បញ្ជាក់​ក្រោយ​រៀបចំ​កម្មវិធី “​សប្បុរសធម៌ ស្ដីពី​កីឡាបាល់ទាត់​” លើក​ទី​៣ នេះ​ថា​គឺ​បានបញ្ចប់​ដោយ​ជោគជ័យ ជាមួយ​ស្នាមញញឹម និង​អនុស្សាវរីយ៍​ជាច្រើន ដោយមាន​សិស្សានុសិស្ស និង​ក្មេងៗ​ជិត​៣០០​នាក់ មកពី​តាម​បណ្តា​សាលា និង​អង្គការ​ក្នុង​ក្រុង​ព្រៃវែង​ចូលរួម កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩​។ កម្មវិធី​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​លោកជំទាវ កែ សួន​សុ​ភី ប្រធាន​ក្លិប​កីឡាបាល់ទាត់ វិសាខា​, លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង និង​ឯកឧត្តម ខៀវ ភា​រិ​ទ្ធ តំណាង​រាស្ដ្រ​មណ្ឌល ខេត្តព្រៃវែង និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​-​ខេត្តព្រៃវែង​។

ក្លិប​បាន​បញ្ជាក់​ថា ​កម្មវិធី​នេះ​រៀបចំឡើង ក្នុង​គោលបំណង​ផ្សារភ្ជាប់​សកម្មភាព​កីឡា ទៅ​នឹង​ការងារ​សង្គម តាមរយៈ​ការ​ចែករំលែក​នូវ​បច្ចេកទេស​បាល់ទាត់​ដល់​កុមារ និង​ក្មេងៗ ដោយមាន​ការចូលរួម​ពី​សំណាក់​គ្រូបង្វឹក និង​កីឡាករ​ទាំងអស់ នៃ​ក្លិប​កីឡាបាល់ទាត់​វិសាខា ដើម្បី​បង្កើន​នូវ​ភាព​ស្និទ្ធស្នាល មិ​ត្ដ​ភាព សុខភាព និង​បណ្ដុះ​ស្មារតី​ជា​ក្រុម ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ នា​ថ្ងៃ​អនាគត។

សូម​បញ្ជាក់​ថា ថ្មីៗ​នេះ ថ្នាក់ដឹកនាំ​ក្លឹប​វិសាខា បានសម្រេច​ប្តូរ​សមាសភាព​ដឹកនាំ​ថ្មី​ដោយ​ចាប់ពី​រដូវ​កាល​ឆ្នាំ​២០១៩ តទៅ​ដោយ​ប្រគល់​តួនាទី​ជា​ប្រធាន​ក្លិប​ជូន​លោកជំទាវ កែ សួន​សុ​ភី ស សុខា វិញ ស្រប​ពេល​ប្រធាន​ក្លិប​ចាស់ លោក​ស សុខា មិន​មាន​ពេលវេលា​គ្រាប់​គ្រាន់​ដើម្បី​ដឹកនាំ​ក្លិប ព្រោះ​លោក​កំពុង​មមាញឹក​ជាមួយ​តំណែង​ដែល​ទើប​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

ក្រុម​វិសាខា បាន​បង្កើត​ឡើង​ពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​លោក ស សុខា នៅ​កាលនោះ​។ បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​ជាង​៣០​នាក់ ដែល​មាន​លោក ហុក សុចិត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរ​តួ​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​។ ក្រុម​វិសាខា បាន​បញ្ចប់​រដូវ​កាល​ចាស់​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២ ក្រោយ​ប្រកួត​២២​លើក ឈ្នះ​បាន​១៤​លើក ហើយ​ស្មើគ្នា​៣​លើក និង​ចាញ់​៥​លើក​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​វិសាខា បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ចាញ់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ២​ទល់​១៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114