ព័ត៍មានទាន់​ហេតុការណ៏
Search

កំណើន​ភ្ញៀវទេសចរ មក​កម្សាន្ត​នៅ​ខេត្តកំពត​ក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ​មានការ​កើនឡើង​ច្រើនជាង​ឆ្នាំ​២០១៧

​កំពត ​៖ ​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​នឹង​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​សម្រាប់​ខេត្តកំពត​វិញ​នៅក្នុង​ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ មាន​ទេសចរ​ជាតិ និង​អន្តរជាតិ បានមក​កម្សាន្ត​ច្រើនជាង​ឆ្នាំ​២០១៧ រាប់ម៉ឺន​នាក់​នេះ​ដោយ​ប្រទេស​មាន​សុខសន្តិភាព សន្តិសុខ សុវត្ថិភាព​សាធារណៈ សណ្តាប់ធ្នាប់​សង្គម​ល្អ។

ដោយ​ផ្អែកលើ​សក្តានុពល​និង​ធនធាន​សម្បូរ​បែប​ទាំងនេះ ​បាន​ធ្វើ​ឲ្យ​ខេត្តកំពត​ក្លាយជា​គោលដៅ​មួយ​ប្រកបដោយ​ភាព​ទាក់ទាញ​បំផុត​នៅក្នុង​ចំណោម​ខេត្ត​ជាប់​សមុទ្រ​ទាំង​បួន​នោះ​ជាក់ស្តែង ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​មាន​ភ្ញៀវទេសចរ​ជាច្រើន​បាន​មក​ទស្សនា​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តកំពត​មាន​ចំនួន​១,៦២៩,៥៣០​នាក់ កើនឡើង​១,៨០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ដែល​ភ្ញៀវ​មាន​ចំនួន​ត្រឹមតែ​១,៦០០,៦២០​នាក់​ប៉ុណ្ណោះ​។ នេះ​បើតាម​របាយការណ៍​ឆ្នាំ​២០១៨ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តកំពត​។

​បើ​យោង​តាម​របាយការណ៍​ដ​ដែល​នោះ បាន​បង្ហាញថា នៅក្នុង​ចំណោម​នោះ ទេសចរ​អន្តរជាតិ មាន​ចំនួន​១៦៧,៧៣៥​នាក់ កើនឡើង ចំនួន​៣,៤៣% ទេសចរ​ក្នុងស្រុក មាន​ចំនួន​១,៤៦១,៧៩៥​នាក់ កើនឡើង ចំនួន​១,៦២% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។

ខេត្តកំពត​មាន​ប្រជាប្រិយភាព​ណាស់ មាន​ទេសចរ​អន្តរជាតិ មក​ទស្សនា​រហូតដល់​៨២​ជនជាតិ ហើយ​ទេសចរ​ជនជាតិ​វៀតណាម មាន​សន្ទុះ​កើនឡើង​ខ្ពស់​ជាងគេ ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​១ គឺ​មាន​ចំនួន​៥៦,៩១៥​នាក់​, អាឡឺម៉ង់​ឈរ​លំដាប់​លេខ​២ មាន​ចំនួន​៦,២៧៦​នាក់​, អង់គ្លេស លេខ​៣ មាន​ចំនួន​៦,១៧១​នាក់​, បារាំង​លេខ​៤ មាន​ចំនួន​៦,០៤៣​នាក់​, ចិន​លេខ​៥ មាន​ចំនួន​៥,២៩០​នាក់​, កាណាដា​លេខ​៦ មាន​ចំនួន​៥,២៨៦​នាក់​, អូស្ត្រាលី​លេខ​៧ មាន​ចំនួន​៥,២២៧​នាក់​, អាមេរិក​លេខ​៨ មាន​ចំនួន​៥,០៩៥​នាក់​, ហូ​ឡង់​លេខ​៩ មាន​ចំនួន​៤,៧១៤​នាក់ និង​រុស្ស៊ី​លេខ​១០ មាន​ចំនួន​៤,៦៧៨​នាក់​។

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរ​ខេត្តកំពត​បាន​ឲ្យ​ដឹងថា ​នៅក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ កំណើន​ភ្ញៀវ​មានការ​កើនឡើង​ក៏​ពិតមែន ប៉ុន្តែ​ចំនួន​នេះ​នៅ​តិច​ណាស់ ហើយ​លោក​សង្ឃឹមថា នៅ​ឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​នឹង​កាន់តែ​កើនឡើង​ច្រើនជាង​ឆ្នាំ​ណាៗ​ទាំងអស់​ព្រោះ ខេត្តកំពត​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ ខណៈ​ការ​អភិវឌ្ឍ​ខេត្ត និង​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​កើនឡើង​យ៉ាង​សំបូរ​បែប​ផងដែរ​នោះ​។

​គួរ​បញ្ជាក់​ថា ​ខេត្តកំពត​មាន​រមណីយដ្ឋាន​ទេសចរណ៍ ចំនួន​១៧​កន្លែង ក្នុង​នោះ​មាន​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​៥​កន្លែង រមណីយដ្ឋាន​វប្បធម៌​២​កន្លែង និង​រមណីយដ្ឋាន​ធម្មជាតិ​១០​កន្លែង ប៉ុន្តែ​ក្នុងនោះ មាន​រមណីយដ្ឋាន​ចំនួន​៣​កន្លែង ពុំ​ទាន់​រៀបចំ​អភិវឌ្ឍន៍​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅឡើយ មាន​កោះសេះ​, កែប​ថ្មី និង​ភ្នំ​ដូង​។

​ក្រៅពី​សំណង់​ចាស់ៗ បន្សល់ទុក​ពី​ជំនាន់​អ​ណា​និគម​បារាំង ដែល​ត្រូវ​បាន​កែលម្អ លាប​ពណ៌ បំពាក់​ភ្លើង​បំភ្លឺ គួរ​ឲ្យ​ទាក់ទាញ ក្រុង​កំពត​បាន​នឹង​កំពុង​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​ជាច្រើន ដូចជា ការបង្កើន​ចំនួន​ទូក​ជិះ​កម្សាន្ត​តាម​ដងព្រែក និង​ជាពិសេស សកម្មភាព​ទេសចរណ៍​លក្ខណៈ​ជា​កីឡា​មាន កីឡា​ជិះ​ក្ដារ​រំអិល​លើទឹក “​ដូង​ទេរ​” ទូក​កា​យ៉ាក់ (Kayaking) ខ្សែ​រ៉ក​ឆ្លង​ព្រែក Zipline “River Park” កីឡា​ប៉ោង​ខ្យល់​បណ្ដែត​ទឹក រមណីយដ្ឋាន​ធម្មជាតិ​កោះ​តា​ដា រមណីយដ្ឋាន​សំបូរ​ព្រៃ​ចាក​ជាដើម ដែល​ទាំងអស់នេះ សុទ្ធតែជា​កន្លែង​ទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​យ៉ាងច្រើន​កុះករ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114