ព័ត៍មានទាន់​ហេតុការណ៏
Search

ពុទ្ធ ឆាយ​រិទ្ធី ដឹក​ដៃ​ហ៊ីម សេរី ឡើង​សាក​វិជ្ជា​គុន​ជាមួយ​កីឡាករ​ថៃ

ភ្នំពេញ ៖ កីឡាករ​ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​នៃ​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ដឹក​ដៃ​កីឡាករ​ហ៊ីម សេរី អ្នក​ប្រដាល់​របស់​ក្លិប​តា​ព្រហ្ម​មានជ័យ ឡើងសាក​វិជ្ជា​គុន​ជាមួយ​កីឡាករ​ថៃ​នី​វ​វាំង​ច័ន្ទ ប៉ា​កន​ផន​សុរិន្ទ និង​កីឡាករ​គុ​សាក់​គុន​ណ​យ ភី​ត​ឧ​ប៊ុន នា​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នៅលើ​សង្វៀន​ស៊ី​អិន​ស៊ី​។

កីឡាករ​ពុទ្ធ ឆាយ​រិទ្ធី ជួប​ជាមួយ​កីឡាករ​ថៃ​នី​វ​វាំង​ច័ន្ទ ប៉ា​កន​ផន​សុរិន្ទ នេះ​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា ជាច្រើនលើក​មក​ហើយ មាន​ឈ្នះ​ចាញ់​ជាមួយ​កីឡាករ​ជួ​មុខ​របស់​កម្ពុជា ស្នៀត​ខ្លាំង​របស់​គេ​ជើង​ទាត់​កាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្តួល​។

រីឯ​ពុទ្ធ ឆាយ​រិទ្ធី គេ​ជា​អ្នក​ប្រដាល់​ម្នាក់​ដែល​គូប្រកួត​ល្មមៗ​ពិបាក​ក្នុង​ការ​យកឈ្នះ​គេ​ណាស់​ព្រោះតែ​ពុទ្ធ ឆាយ​រិទ្ធី​គេ​ជា​អ្នក​ប្រដាល់​ដែល មាន​ស្នៀត​ជើង​ទាត់ និង​កណ្តាប់ដៃ​ខ្លាំង និង​ធ្ងន់ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត​។ ការ​វាយ​មិន​ដកថយ ដោយ​សម្រុកចូល​វាយ​គំរាម​លើ​គូប្រកួត​នោះ​ជា​ទិច​និ​ច​ដែល​ពុទ្ធ ឆាយ​រិទ្ធី គេ​ធ្លាប់​ប្រើ​បាន​ផល​ជា​ញឹកញាប់​។ តែ​យ៉ាងណា​បើ​ទោះជា​ពុទ្ធ ឆាយ​រិទ្ធី គេ​មាន​ស្នៀត​ប្រកួត​និង​ផ្លែ​ក្នុង​ការ​វាយ​ចេញ​ល្អ​គឺ​ខ្លាំង​ទាំង​ជើង​និង​កណ្តាប់ដៃ យ៉ាងណា​ក៏ដោយ​ប៉ុន្តែ​គេ​អន់​ខាង​កម្លាំង​ស៊ុ​ហ្វ​ផងដែរ ហើយ​គូរ​នេះ​មាន​ភាគរយ​ហាសិប​ម្នាក់​ប៉ុណ្ណោះ​។ ចាំ​មើល​កីឡាករ​កម្ពុជា​ពុទ្ធ ឆាយ​រិទ្ធី ជា​អ្នកឈ្នះ​ឫ​កីឡាករ​ថៃ​នី​វ​វាំង​ច័ន្ទ ប៉ា​កន​ផន​សុរិន្ទ​?

ដោយឡែក​កីឡាករ​កម្ពុជា​ហ៊ឹម សេរី ជួប​កីឡាករ​ថៃ​គុ​សាក់​គុន​ណ​យ ភី​ត​ឧ​ប៊ុន វិញ​ត្រូវបាន​អ្នកតាមដាន​លើកឡើងថា កីឡាករ​កម្ពុជា​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ព្រោះ​កីឡា​ករហឹម សេរី នាពេល​បច្ចុប្បន្ន​នេះ​នរណា​ក៏​ទទួល​ស្គាល់​ថា ជា​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​១​រូប ដែល​កំពុង​ទទួល បានការ​គាំទ្រ​យ៉ាងច្រើន​កុះករ ពី​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​កម្ពុជា ជាមួយនឹង​ការ​ចេះ​ប្រើ​ក្បាច់​គ្រប់​ស្នៀត ដើម្បី​ផ្ដួល​គូប្រកួត​របស់ខ្លួន រួមផ្សំ​ជាមួយ​កម្លាំង​ស៊ុ​ហ្វ​ដ៏​ខ្លាំង​របស់​គេ​ផង​នោះ ធ្វើ​ឲ្យ​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ត្រូវបាន​ចុះចាញ់​ជា​បន្តបន្ទាប់​។

ការ​អះអាង​បែបនេះ​ក៏​ដោយ​សា​ហ៊ឹម សេរី មួយ​រយៈ​ពេល​ចុង​ក្រោយនេះ មានការ​រីកចម្រើន​ជាង​មុន​ច្រើន​ទាំង​ស្នៀតគុន​ទាំង​កម្លាំង​ស៊ុ​ហ្វ ពោល​គឺ​គេ​ហ្វឹកហាត់​បាន​ជាប់លាប់ ធានា​បាន​ក្នុង​ការ​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។ ជាង​នេះទៅ​ទៀត​នោះ​ហ៊ឹម សេរី ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរ​ប្រកួត​ណាស់​ព្រោះ​រូបគេ ប្រកួត​មិនចេះ​លាក់​កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ថែម​ទៀត​ផង ហើយ​មានបទពិសោធន៍​និង​តិច​និក​ក្នុង​ការប្រកួត​ច្រើន ជាមួយ​កីឡាករ​ក្នុងស្រុក​និង​កីឡាករ​បរទេស​ថែមទៀត​។ ចាំ​មើល​ហ៊ឹម សេរី អាច​យកឈ្នះ​លើ​កីឡាករ​ថៃ​គុ​សាក់​គុន​ណ​យ ភី​ត​ឧ​ប៊ុន ដូច​ការអះអាង​របស់​អ្នកតាមដាន​កីឡាប្រដាល់​កម្ពុជា​ដែរ​ឬ​យ៉ាងណា​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114