ព័ត៍មានទាន់​ហេតុការណ៏
Search

ដាក់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ឃាត់​រថយន្ត​ដឹក​ទំនិញ​ជាច្រើន​គ្រឿង​ ដែល​ចេញ​ចូល​ក្រុង​ខុស​ម៉ោង​កំណត់

ភ្នំពេញ ​៖​ កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​គោលដៅ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ឃាត់​រថយន្ត​ដឹកទំនិញ​ចេញ​ចូល​ម៉ោង​ខុសច្បាប់​ជាច្រើន​គ្រឿង​។

ប្រតិបត្តិការ​នេះ​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩​នេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក សែម គ​ន្ធា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ ហាណូយ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

លោក​វរសេនីយ៍ឯក សែម គ​ន្ធា បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃនេះ កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ច្បាប់ ចរាចរណ៍ ទៅលើ​រថយន្ត​ធុន​ធំ ដែល​មិន​អនុញ្ញាត​ឲ្យ​ចូល​រាជធានី​ភ្នំពេញ ក្នុង​នោះ​កម្លាំង​ជំនាញ​របស់​លោក បាន​ដាក់​ពង្រាយ​ចំនួន ៣​គោលដៅ​ធំៗ គឺ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ ហាណូយ ក្នុង​ខណ្ឌ​សែន​សុខ​, ផ្លូវ​លេខ​៥៩៨ និង​ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌ​ឫស្សី​កែវ​។ ការ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​តាម​គោលការណ៍ បាន​ធ្វើ​ឡើង​តាមច្បាប់​របស់​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា ក្រសួងមហាផ្ទៃ ដែល​បាន​ចេញ​នៅ​អនុ​ក្រឹត្យ​នេះ​ផង​ដែរ​។​

លោក​វរសេនីយ៍ឯក សែម គ​ន្ធា បាន​បន្តថា នៅក្នុង​ការ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍ ក៏ដូចជា ការ​ត្រួត​ពិនិត្យ​ទៅលើ​រថយន្ត​ធុន​ធំ​នេះ គឺ​ចាប់ផ្ដើម​តាំងពី​ព្រឹក​រហូតដល់​ល្ងាច ដោយ​កម្លាំង​នគរបាល​ជំនាញ​របស់​យើង បានធ្វើ​ការឃាត់​រថយន្ត​ធុន​ធំ​បាន​ចំនួន​៩៦​គ្រឿង ដោយ​យក​មក​តាម​គោលដៅ​ចំនួន​៣​ផ្សេង​គ្នា​។​

ដោយឡែក ចំពោះ​រថយន្ត​ដែល​កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើ​ការ​ឃាត់​នោះ នឹង​សុំ​គោលការណ៍​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឧត្ដមសេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ ធ្វើការ​ពន្យល់​ណែនាំ​ដល់​ម្ចាស់​អាជីវករ ដែល​បើក​មុខ​របរ​រថ​យន្ត​ដឹកទំនិញ​ធុន​ធំ​ទាំង​ឡាយ ស្ដីអំពី​ច្បាប់​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ ចេញចូល​មាន​ម៉ោង​កំណត់​ត្រឹមត្រូវ​។​

លោក​បាន​បញ្ជាក់ទៀតថា ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ទាំងអស់ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៤​ខណ្ឌ​រួមមាន​ ៖ ខណ្ឌ​៧​មករា​, ខណ្ឌ​ដូនពេញ​, ខណ្ឌ​ទួលគោក និង​ខណ្ឌ​ចំការមន​។ ចំណែក រថយន្ត​ដឹកទំនិញ​ធុន​ធំ ដែល​អនុញ្ញាត​ឲ្យ​ចេញចូល​បាន​នៅ​តំបន់​ជាយក្រុង​រួមមាន​ ផ្លូវ​ទំនប់​កប់​ស្រូវ​, ផ្លូវជាតិ​លេខ​៥, ផ្លូវជាតិ​លេខ​៤, ផ្លូវ​វេ​ង​ស្រេង និង​ផ្លូវ​២៧១​។​

ជាមួយគ្នានេះ​ លោក សែម គ​ន្ធា បាន​សំណូមពរ​ដល់​ម្ចាស់​អាជីវករ​ទាំងអស់ សូម​មេត្តា​គោរព​នៅ​ច្បាប់​ចរាចរណ៍ ដែល​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​នូវ​សេចក្ដីណែនាំ​ទាំង​អស់​តាម​ការកំណត់​នេះ​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114