ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​ពិភាក្សា​អំពី​បេសកកម្ម​ថ្មី​នៅ​យេ​មែន

អ្នកការទូត​បាន​និយាយ​ថា នៅ​ថ្ងៃ​ពុធ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​ពិភាក្សា​អំពី​សំណើ​មួយ​សម្រាប់​បេសកកម្ម​សង្កេតការណ៍​ថ្មី​មួយ​ទៅកាន់​ប្រទេស​យេ​មែន​ដើម្បី​ឃ្លាំមើល​បទ​ឈប់​បាញ់​និង​ត្រួតពិនិត្យ​លើ​ការ​ដក​កងកម្លាំង​។​

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​គូស​បញ្ជាក់​សំណើ​​នេះ​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​ក្រុមប្រឹក្សា​បន្ទាប់ពី​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​ពួក​ឧទ្ទាម Huthi បាន​ព្រមព្រៀងគ្នា​លើ​បទ​ឈប់​បាញ់​មួយ​ក្នុង​អំឡុង​កិច្ចពិភាក្សា​នៅ​ប្រទេស​ស៊ុយអែត​កាលពី​ខែ​មុន។

យោង​តាម​សំណើ​នេះ​បាន​បង្ហាញ​ថា បេសកកម្ម​ថ្មី​នេះ​នឹង​ផ្តល់​សម្រាប់​ការដាក់​ពង្រាយ​ដំបូង​នៃ​អ្នកសង្កេតការណ៍​រហូត​ដល់​ទៅ​៧៥​នាក់​ទៅកាន់​កំពង់ផែ Hodeida, Saleef និង Ras Isa ដោយមាន​ការ​គាំទ្រ​ពី​សំណាក់​បុគ្គលិក​ផ្នែក​រដ្ឋបាល​និង​សន្តិសុខ​បន្ថែម​ទៀត។

យោង​តាម​ឯកសារ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកសង្កេតការណ៍​អន្តរជាតិ​នឹង​ឃ្លាំមើល​ការអនុលោម​របស់​ភាគី​នៃ​បទ​ឈប់​បាញ់​ក្នុង​តំបន់ Hodeida និង​ការដាក់​ពង្រាយ​កងកម្លាំង​ឡើងវិញ​ពី​ទីក្រុង Hodeida និង​កំពង់ផែ Hodeida, Saleef និង Ras Isa ។​

បេសកជន​អង្គការសហប្រជាជាតិ​លោក Martin Griffiths នឹង​ជូនដំណឹង​ដល់​ក្រុមប្រឹក្សា​នៅ​ថ្ងៃ​ពុធ​ស្តីពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ចុងក្រោយ​របស់​លោក​ដើម្បី​បញ្ចប់​សង្គ្រាម​បន្ទាប់ពី​ការ​ធ្វើ​កិច្ចចរចា​ថ្មី​មួយ​នៅក្នុង​ទីក្រុង Sanaa ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​និង​នៅ​ទីក្រុង Riyadh ។

កាលពី​ថ្ងៃ​អង្គារ លោក Griffiths បាន​ជួប​ជាមួយ​ប្រធានាធិបតី​យេ​មែន​លោក Abedrabbo Mansour Hadi នៅ​ទីក្រុង Riyadh បន្ទាប់ពី​បាន​ជួប​ចរចា​ជាមួយ​មេដឹកនាំ​ក្រុម​ឧទ្ទាម Huthi នៅ​ទីក្រុង Sanaa ។​

សង្គ្រាម​រវាង​ក្រុម Huthi និង​កងទ័ព​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​បាន​ផ្ទុះឡើង​កាន់តែខ្លាំង​នៅ​ខែមីនា​ឆ្នាំ​២០១៥​នៅ​ពេល​ ដែល​លោក​ប្រធានាធិបតី Hadi ភៀសខ្លួន​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​ហើយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​ទីក្រុង Riyadh ចូល​ធ្វើ​អន្តរាគមន៍​។​

យោងតាម​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ជម្លោះ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក​ដោយ​ប្រជាជន​យេ​មែន​ចំនួន​១៤​លាន​នាក់​កំពុង​រងគ្រោះ​ដោយ​គ្រោះ​ទុរ្ភិក្ស​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114