ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​ប្រពន្ធ​មិន​ទៅជា​មួយ​ ដក​កាំភ្លើង​ភ្ជង់ ​រុញ​អូស​បញ្ចូល​ឡាន​ ត្រូវ​អ្នកស្រុក​ជួយ​អន្តរាគមន៍​​

កណ្តាល ​៖​ នគរបាល​ស្រុក​ស្អាង ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​យក​កាំភ្លើង​ភ្ជង់​ក្បាល​ប្រពន្ធ​អូស​រុញ​បញ្ចូល​ឡាន ​ព្រោះតែ​រឿង​ប្លង់ដី​ក្នុង​រឿង​ក្តី​លែងលះ​គ្នា​។​

អំពើ​ហិង្សា​នេះ​ កើតឡើង​នៅ​ថ្ងៃ អង្គារ ០៣​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី ០៨ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៣៥​នាទី នៅ​ចំណុច ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល។​

លោក​វរសេនីយ៍ឯក សេង សុជាតិ ​អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ ឈ្មោះ នួន ដា​នី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មេផ្ទះ ទីលំនៅ​ភូមិ ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល។​

ជនសង្ស័យ ឈ្មោះ ឆាយ សា​លាភ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំ​នៅ​ភូមិ ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល។ រីឯ វត្ថុតាង​ចាប់យក ១,កាំភ្លើងខ្លី ចំនួន ០១​ដើម មិន​ស្គាល់​ម៉ាក គ្មាន​លេខ បង់​ចំនួន​០១​ មាន​គ្រាប់​ចំនួន​០៤​គ្រាប់​។​ ២,រថយន្ត ចំនួន​០១​គ្រឿង ម៉ាក តូ​យូ​តា ព្រីស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AX – 4029 និង​កូនសោ​រថយន្ត​ចំនួន​០១​។​

បើតាម​លោក​អធិការ​បានឲ្យ​ដឹងថា​ កាលពី​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ឈ្មោះ ឆាយ សា​លាភ (​ប្តី​) និង​ឈ្មោះ នួន ដា​នី (​ប្រពន្ធ​) បាន​ព្រមព្រៀង​ធ្វើ​កិច្ចសន្យា​លែងលះ​គ្នា នៅ​សាលាឃុំ​រកា​ខ្ពស់។​

លុះ​នៅ​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៣៥​នាទី ឈ្មោះ ឆាយ សា​លាភ បាន​ជិះ​រថយន្ត​មួយគ្រឿង ម៉ាក​តូ​យូ​តា​ព្រីស ពណ៌​ទឹកប្រាក់​ពី​ភ្នំពេញ មក​ផ្ទះ​ឈ្មោះ​ នួន ដា​នី ស្ថិត​ក្នុងភូមិ ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល។ ពេលមកដល់​ ឈ្មោះ ឆាយ សា​លាភ បាន​សួរ ឈ្មោះ នួន ដា​នី រក​ប្លង់​ផ្ទះ​ ដែល​ស្ថិតនៅ​បូរី​ចំការ​ដូង ដើម្បី​ដាក់​លក់​ផ្ទះ នៅ​ការិយាល័យ​បូរី​ចំការ​ដូង ពេល​ជាមួយគ្នា​នោះ ឈ្មោះ​ នួន ដា​នី​ មិន​ទៅតាម ​ទើប​ឈ្មោះ ឆាយ សា​លាភ ​កាន់​កាំភ្លើងខ្លី​អា​មេ​បញ្ចូល​គ្រាប់​ភ្ជង់​ ឈ្មោះ ​នួន ដា​នី​ រួច​ចាប់​គ្រៀក ដើម្បីឲ្យ​ចូល​រថយន្ត​របស់ខ្លួន ទន្ទឹមនឹងនោះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ឃាត់​រថយន្ត ហើយ​ដណ្តើមបាន​អាវុធ​ពី​ ឈ្មោះ ឆាយ សា​លាភ និង​ជួយ​ឈ្មោះ នួន ដា​នី​ ចេញពី​រថយន្ត​មកវិញ។ ចំណែក​ឈ្មោះ ឆាយ សា​លាភ បាន​រត់គេចខ្លួន។​

លោក​បញ្ជាក់​ថា​ ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រកា​ខ្ពស់ សហការ​ជា​មួយ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ឃាត់ខ្លួន ឈ្មោះ ឆាយ សា​លាភ ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ។​

នៅ​ចំពោះ​មុខ ​សមត្ថកិច្ច​នគរបាល ឈ្មោះ ​ឆាយ សា​លាភ ​សារភាព​ថា ខ្លួន​បាន​ទិញ​អាវុធ​ខ្លី​នេះ ​ពី​ឈ្មោះ​ រាក់ ​ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ តម្លៃ​៣០​ដុល្លារ នៅ​ចំណុច​វាល​ខ្សាច់ ចាក់អង្រែលើ​ កាលពី​ឆ្នាំ​២០១៦ ​ដើម្បី​ទុក​នៅផ្ទះ​ភូមិ​ព្រែក​ខ្សេវ​ ឃុំ​រកា​ខ្ពស់ ​និង​បាន​ជិះ​រថយន្ត យក​អាវុធ​ខ្លី​ខាងលើ​ភ្ជង់​គំរាម​ឈ្មោះ​ នួន ដា​នី ពិត​ប្រាកដ​មែន​។​

ឈ្មោះ​ ឆាយ សា​លាភ សារភាព​បន្ថែមទៀតថា ខ្លួន​ពិតជា​បាន​ជក់​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​រយៈពេល​០៦​ខែ​កន្លងមកហើយ​៕