ព័ត៍មានទាន់​ហេតុការណ៏
Search

ការមើលឃើញ​យន្តហោះ​ដ្រូ​ន​បាន​បង្អាក់​ជើងហោះហើរ​នៅ​អាកាសយានដ្ឋាន Heathrow

អាកាសយានដ្ឋាន Heathrow របស់​ទីក្រុង​ឡុង​ដ៍​ដែលជា​មជ្ឈមណ្ឌល​ដ៏​មមាញឹក​បំផុត​របស់​អឺរ៉ុប​បាន​ពន្យារពេល​ការហោះហើរ​ចាកចេញ​ទាំងអស់​របស់ខ្លួន​សម្រាប់​រយៈពេល​ប្រហែល​មួយ​ម៉ោង​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ការមើលឃើញ​យន្តហោះ​ដ្រូ​ន​មួយគ្រឿង​ដែល​រឿងនេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ត្រឹមតែ​បី​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​មួយ​នៅ​អាកាសយានដ្ឋាន Gatwick បាន​បង្ក​ឲ្យ​មាន​ភាពចលាចល​។​

អ្នកនាំពាក្យ​ម្នាក់​បាន​ប្រាប់ AFP ថា ការហោះហើរ​នៅ​អាកាសយានដ្ឋាន​ដែល​ដឹក​អ្នកដំណើរ ២១៣,៦៦៨​នាក់​ក្នុង​មួយថ្ងៃ​មួយ​នេះ​បាន​បន្ត​ឡើងវិញ​បន្ទាប់ពី​មានការ​រំខាន​។​

សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គណនី Twitter របស់​ព្រលានយន្តហោះ​បាន​និយាយថា “​យើង​កំពុង​ឆ្លើយតប​ទៅនឹង​ការមើលឃើញ​យន្តហោះ​ដ្រូ​ន​នៅឯ​អាកាសយានដ្ឋាន Heathrow ហើយ​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប៉ូលិស​ក្រុង​ដើម្បី​ការពារ​ការគំរាមកំហែង​ណាមួយ​ដល់​សុវត្ថិភាព​ប្រតិបត្តិការ​។ ក្នុងនាម​ជា​វិធានការ​ប្រុងប្រយ័ត្ន​ជាមុន យើង​បាន​បញ្ឈប់​ការចេញដំណើរ​ខណៈ​យើង​ធ្វើការ​ស៊ើបអង្កេត​។ យើង​សូមទោស​ដល់​អ្នកដំណើរ​ចំពោះ​ការរអាក់រអួល​នេះ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ យន្តហោះ​ដែល​មកដល់​បាន​បន្ត​ចុះចត​នៅ Heathrow ។​
​ស្របពេល​ជាមួយគ្នា​នោះ លោក Chris Grayling រដ្ឋលេខាធិការ​ក្រសួង​ដឹកជញ្ជូន​បាន​និយាយថា “​កង​យោធា​កំពុង​រៀបចំ​ឧបករណ៍​ដែល​ប្រើ​នៅ​អាកាសយានដ្ឋាន Gatwick មក​ដាក់ពង្រាយ​នៅ​អាកាសយានដ្ឋាន Heathrow យ៉ាង​ឆាប់រហ័ស​ប្រសិនបើ​វា​បញ្ជាក់ថា​មានការ​ចាំបាច់​”​។​

គួរ​បញ្ជាក់ថា ក្រុមហ៊ុន​អាកាសចរណ៍​ប្រមាណ​៨១​កំពុង​បម្រើ​ដល់​ប្រតិបត្តិការ​គោលដៅ​ចំនួន​២០៤​នៅឯ​អាកាសយានដ្ឋាន Gatwick ដែល​ស្ថិតនៅ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍​។​

នៅ​ចន្លោះ​ថ្ងៃទី​១៩​ដល់​២១​ខែធ្នូ ការមើលឃើញ​យន្តហោះ​ដ្រូ​ន​នៅ​អាកាសយានដ្ឋាន Gatwick ដែលជា​មជ្ឈមណ្ឌល​ធំ​លំដាប់​ទី​២​របស់​ចក្រភព​អង់គ្លេស​បាន​បង្ក​ឲ្យ​មានការ​រំខាន​ដល់​ការធ្វើដំណើរ​សម្រាប់​មនុ​ស្សរាប់​ម៉ឺន​នាក់​បន្ទាប់ពី​ជើងហោះហើរ​ត្រូវបាន​ផ្អាក​។​

ការរំខាន​នោះបាន​កើតឡើង​ចំពេល​ដ៏​រវល់​ជាពិសេស​មុន​ពិធីបុណ្យ​ណូអែល​៕ AFP