ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​សហជីព​ទាំងអស់​បញ្ឈប់​ជា​បន្ទាប់​នូវ​ការ​ញុះញង់​ឲ្យ​កម្មករ​ទាមទារ​ថៅកែ​បើក​ផ្តាច់​ប្រាក់​អតីតភាព​ផ្តាច់​ត្រឹម​ឆ្នាំ​២០១៨

តាកែវ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​មេ​សហជីព​ទាំងអស់​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ញុះញង់​ឲ្យ​កម្មករ​ទាមទារ​ឲ្យ​ថៅកែ​បើក​ផ្តាច់​ប្រាក់​អតីតភាព​ផ្តាច់​ត្រឹម​ឆ្នាំ​២០១៨ ដោយ​សម្តេច​លើក​ហេតុផល​ថា ការ​ទាមទារ​នេះ​នឹង ​ជំរុញ​ឲ្យ​រោងចក្រ​ប្រមាណ​ជា​២​ភាគ​៣ ឬ​ស្មើនឹង​ប្រមាណ​៨០០ ត្រូវ​បង្ខំចិត្ត​បិទទ្វារ​ឈប់​ដំណើរការ​។

គួរ​កត់​សំគាល់​ថា ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លងមក​នេះ​ កម្មករ​រោងចក្រ​កាត់ដេរ​នៅ​រាជធានី​ភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ បាន​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់​ទាមទារ​ទៅ​ថៅកែ​របស់​ខ្លួន​ឲ្យ​ទូទាត់​ប្រាក់​ទាំងអស់​សម្រាប់​ឆ្នាំ​ចាស់​ជូន​ពួកគេ​ទាំង​ប្រាក់​អតីតភាព​ការងារ​និង​អត្ថប្រយោជន៍​ផ្សេងៗ ដោយ​ថា​ពួកគេ​បារម្ភ​ខ្លាច​ថៅកែ​គេចវេស​មិន​ទូទាត់​ឲ្យ​ពេល​អនុវត្ត​ច្បាប់​ថ្មី ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា «​ពូ​អត់​នឹក​ដល់​ថា​ស្រាប់​តែ​មាន​រោងចក្រ​ប្រហែលជា ៦​រោងចក្រ នៅ​ទីក្រុង​ភ្នំពេញ ៣ នៅ​តាកែវ​២ និង កំពង់ស្ពឺ​១ បែរជា​សុំ​ទូទាត់​នៅ​ខែមករា​ហ្នឹង​ផ្តាច់​តែម្តង »។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​សួរ​បញ្ជាក់​ត្រឡប់​ទៅវិញ​ថា តើ​ទុក​ឲ្យ​រោងចក្រ​នេះ​ក្ស័យធន​តាមរយៈ​ការ​ប្រមូល​ទុន​ទាំងអស់​យក​មក​បើក​ឲ្យ​កម្មករ កម្មការិនី តែ​ក្នុង​មួយពេល រួចហើយ​បិទ​រោងចក្រ​ឬ​យ៉ាងណា​?​ សូម​ក្មួយៗ​ពិចារណា​មើលទៅ​ព្រោះ​រោងចក្រ​ទាំងអស់នោះ​នឹង​ចូល​ដល់​កម្រិត​ក្ស័យធន ដូច្នេះ​អ្នក​ដែល​ខាតបង់​គឺ​កម្មករ​-​កម្មការិនី​យើងទាំងអស់គ្នា​តែប៉ុណ្ណោះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ «​ពីមុន​នេះ បី​បួន​ឆ្នាំ​មិនទាន់​នឹង​ទូទាត់​ផង បី​បួន​ឆ្នាំ​ទាល់តែ​គេ​បញ្ឈប់​បាន​គេ​ទូទាត់​ឲ្យ អី​ឡូ​វ​នេះ​តើ​មាន​ក្រុម​ញុះញង់​មកពីណា​ទៅ ដែល​បង្កើត​ឲ្យមាន​ស្ថានភាព​បើក​ផ្តាច់​នៅក្នុង​ខែមករា​ឆ្នាំ​២០១៩»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ត​ថា ប្រសិនបើ​ធ្វើតាម​ការ​ទាមទារ​រប​ស់កម្មករ កម្មការិនី​នេះ នឹង​ធ្វើ​ឲ្យ​រោងចក្រ​ប្រមាណ​២​ភាគ​៣​នឹងត្រូវ​បិទទ្វារ ព្រោះ​ផែនការ​បង្វិលទុន​រប​ស់​ម្ចាស់​រោងចក្រ កាលពី​ពេលមុន​គឺ​អនុវត្ត​តាម​ច្បាប់​ចាស់​មិនមែន​អនុវត្ត​តាមច្បាប់​ថ្មី​នោះ​ទេ ដូច្នេះ​ផែនការ​បង្វិលទុន​រប​ស់​ថៅកែ​រោងចក្រ គឺ​ធ្វើតាម​ផែនការ​បង្វិល​របស់​ពួកគេ​ផងដែរ​។

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​រិះរក​ដំណោះស្រាយ ឈ្នះ ឈ្នះ ដោយ​មិន​ទុក​ឲ្យ​កម្មករ​-​កម្មការិនី​ចាញ់ មិន​ទុក​ឲ្យ​ថៅកែ​ចាញ់ ហើយក៏​មិន​ទុក​ឲ្យ​រាជរដ្ឋាភិបាល​ចាញ់​នោះ​ដែរ។ ដោយសារតែ​កន្លងមក​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​អស់ ២២ លាន​ដុល្លារ ដើម្បី​សង​ចំពោះ​កម្មករ​-​កម្មការិនី​ដែល​ថៅកែ​រត់ចោល​។

​សម្តេច​បន្ត​ថា មេ​សហជីព​ម្នាក់​ដែល​ដឹកនាំ​ធ្វើបាតុកម្ម​នេះ​ក៏​ជា​មេ​សហជីព​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​បែរជា​មិន​យល់​គោលការណ៍​របស់​គណបក្ស​ក្នុង​ការ​ជួយ​កម្មករ​ទៅវិញ។ សម្តេច​បញ្ជាក់​ថា «​នេះ​ហើយ​ជា​ចំណុច​ដែល​ខ្ញុំ​ចង់​អំពាវនាវ ព្រោះ​ខ្ញុំ​ឮសូរ​រឿង​នេះ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ធ្វើបាតុកម្ម ហើយ​អ្នកដឹកនាំ​ធ្វើបាតុកម្ម​នោះ គឺជា​សហជីព​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅទៀត​អីចឹង​»។

សម្តេច​នាយក​រដ្ឋមន្ត្រី​បន្ត​ថា «​យើង​ជា​អ្នក​បំផ្លាញ​ការងារ​ដោយ​ខ្លួនឯង ដែល​មិន​គូរ​ឲ្យ​មាន​ទេ។ រឿង​នេះ​វា​នឹង​រីក​រាលដាល​ហើយៗ បើ​ធ្វើ​ទៅលើ​រោងចក្រ​មួយ រោងចក្រ​ដទៃ​នឹង​ធ្វើ​ទាំងអស់​។ នេះ​ជា​ការ​ពន្យល់​ហេតុផល​ដែល​មុន​នេះ​ទាល់តែ​គេ​បញ្ឈប់​យើង ទើប​គេ​បើ​ប្រាក់​អត្ថប្រយោជន៍​។

ប៉ុន្តែ​ឥឡូវនេះ ច្បាប់​បាន​កែសម្រួល​ហើយ ៦​ខែម្តង​បាន​បើក គេ​ហៅថា ដោះស្រាយ​ម្តង​តាម​ដំណាក់ៗ របស់​វា​»​។ សម្តេច​តេ​ជោ​បន្ត​ថា ការទាមទារ​បែបនេះ​វា​ក៏​ផ្ទុយទៅនឹង​ច្បាប់​ផងដែរ។

សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​អំពាវនាវ​ទៅដល់​កម្មករ​-​កម្មការិនី​ថា បើ​មាន​សហជីព​ណា​ដឹក​នាំទៅរក​ស្ថានភាព​អាក្រក់ កុំ​ជឿ​តាម​ការអូសទាញ​របស់​សហជីព​នោះ និង​សុំ​អំពាវនាវ​ដល់​សហជីព​ដែល​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម កុ​ដក​ម្ម ទៅលើ​បញ្ហា​នេះ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព ដែល​ឈាន​ចូល​ទៅដល់​ស្ថានភាព​ជ្រុលនិយម​នេះឯង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ទៀត​ថា ស្ថិតក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម​សេរី​បណ្តា​ប្រទេស​មួយចំនួន​បាន​នាំ​ទំនិញ​មក​កម្ពុជា​ថយ​ពន្ធ ហើយ​កម្ពុជា​ក៏​នាំចូល​ទំនិញ​ទៅ​គេ​វិញ​ថយ​ពន្ធ​ប៉ុណ្ណឹង​ដូចគ្នា​ផង​ដែរ។ រៀងរាល់​ឆ្នាំ​កម្ពុជា​បាន​កាត់បន្ថយ​ពន្ធគយ​ពិត​ហើយ​ការកាត់បន្ថយ​ពន្ធគយ​នៅ​តាម​ក្របខណ្ឌ​របស់​អា​ស៊ាន​និង​ក្របខណ្ឌ​សេរី​ជាមួយ​ប្រទេស​ដទៃ​មិនបាន​ធ្វើ​ឲ្យ​ប្រាក់ចំណូល​ពន្ធគយ​កម្ពុ​ជា​ថយ​នោះ​ទេ ផ្ទុយទៅវិញ​ពន្ធគយ​កម្ពុជា​មានការ​កើនឡើង​ទៅវិញ៕