ព័ត៍មានទាន់​ហេតុការណ៏
Search

លោក គង់ គាំ ដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ចូល​ក្រសួងមហាផ្ទៃ​ហើយ​

ភ្នំពេញ​ ៖ លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​មនុស្ស​ជំនិត​របស់លោក សម រ​ង្ស៉ី ផង​នោះ បានដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ចូល​ក្រសួងមហាផ្ទៃ​ហើយ នៅវេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ នេះ​បើតាម​ការបញ្ជាក់​ពី​លោក គង់ គាំ​។

ការ​ដាក់​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទៅ​ក្រសួងមហាផ្ទៃ​របស់​លោក គង់ គាំ បាន​ធ្វើឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ បាន​ឡាយព្រះហស្ថលេខា ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ កាល​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩ ដែលជា​ការបើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ដែលជា​ប់​បំរាម អាចធ្វើ​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​ឡើងវិញ​។

លោក គង់ គាំ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩​ថា លោក​បានដាក់​ទៅ​ក្រសួងមហាផ្ទៃ​ហើយ នៅ​ចន្លោះ​ម៉ោង​៩​ទៅ​ម៉ោង​១០​ព្រឹក (​លោក​ជាប់​នៅ​ខេត្ត​ហើយ​បាន​ឲ្យ​ជំនួយការ​យក​ទៅ​ដាក់​) ហើយ​ការដាក់​នៅពេលនេះ មានតែ​លោក​ទេ នៅ​មិនទាន់​ដឹង​ថា មាន​អ្នកណាខ្លះ​នោះទេ រង់​ចាំ​មើល​ជាក់ស្តែង​។ លោក​បញ្ជាក់ថា “​បើ​អត់​មាន​សិទ្ធិ​ទេ គឺ​អត់​បានធ្វើ​ទេ ខ្ញុំ​ចង់​ធ្វើ​នយោបាយ​…​ដើម្បី​កុំ​ឲ្យ​ដាច់​សង្វាក់ (​ក្រោយ​ការបោះឆ្នោត​២៩ កក្កដា ២០១៨) របប​ប្រជាធិបតេយ្យ រៀងរាល់​៥​ឆ្នាំ​ម្តង​”​។

ទាក់ទង​នឹង​ការ​គំរាម​របស់លោក សម រង្ស៊ី ដែល​មិន​ចង់​ឲ្យ​មាន​អតីត​ថ្នាក់ដឹកនាំ CNRP ទៅសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នោះ លោក គង់ គាំ អះអាងថា ដោយសារ​តែ​លោក សម រង្ស៊ី សុំ​ក៏​អត់​បានដែរ ដូច្នេះ​ទើប​គាត់​និយាយ​បែបនេះ​។ លោក​បញ្ជាក់​ថា “​ក្រុម​គាត់​ដែល​ល្មើស​សាលដីកា ៥​ឆ្នាំ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ហ្នឹង ហើយ​កំពុងតែ​ជក់ខ្យល់​តាម​មេដឹកនាំ​ក្រៅច្បាប់ និង​អ្នក​ដែល​ជាប់​ខ្សែ​បក្ខពួក​ជាមួយ​ហ្នឹង បើ​សុំ​ក៏​មិនអាច​ទទួល​បាន​សិទ្ធិ​ដែរ ដូច្នេះ​គាត់​ឃាត់ គាត់​រារាំង​អ្នកដទៃ ដើម្បី​ពួកគាត់​បាទ​”​។

តាម​លោក គង់ គាំ ក្រោយពី​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ហើយ​នោះ លោក​នឹង​ធ្វើ​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​មានកូន​របស់​លោក​ជា​ប្រធាន​។ លោក​បញ្ជាក់​ថា “​ដូចដែល​ខ្ញុំ​បាន​ប្រកាស​ជា​សាធារណ​ជា​ហូរហែ​រួច​មក​ហើយ ហើយ​ថ្នាក់ដឹកនាំ​គណបក្ស​ឆន្ទៈ​ខ្មែរ មានបំណង​ជា​ទៀងទាត់ ហើយ​មូលមាត់គ្នា​ថា ចង់​ឲ្យ​ខ្ញុំ​ទៅ​ជួយ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​មាន​កូនប្រុស​ខ្ញុំ​ជា​ប្រធាន​នោះ​បាទ”។

ទាក់ទង​បញ្ហា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មិនអាច​ស្វែងរក​ការ​បញ្ជាក់ នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ ដោយ​ទូរស័ព្ទ​មិន​មាន​អ្នកទទួល ប៉ុន្តែ​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​របស់​លោក គង់ គាំ បាន​ចូល​ដល់​ក្រសួងមហាផ្ទៃ​ហើយ​ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០ និង​៣០ នាទី​ព្រឹក​ថ្ងៃទី​០៩ ខែមករា។

សូម​បញ្ជាក់​ថា សេចក្តី​ស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែលជា​ការបើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ជាប់​បម្រាម អាច​ធ្វើ​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​ឡើងវិញ​នោះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប ហើយ​ត្រូវ​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ និង​ត្រូវ​បាន​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​ដោយ ព្រឹទ្ធសភា កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​។

សេចក្តី​ស្នើច្បាប់​នេះ បាន​បន្ថែម​នូវ​វាក្សខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) គឺ បុគ្គល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់ ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

ក្រៅពី​លោក គង់ គាំ អតីត​តំណាងរាស្ត្រ​ម្នាក់ទៀត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក គង់ បូរ៉ា ក៏បាន​ប្រកាស នឹង​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ផងដែរ​។ លោក គង់ គាំ និង​លោក គង់ បូរ៉ា រួមទាំង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន​១១៨​នាក់ ត្រូវបាន​តុលាការ​កំពូល​ចេញ​សាលដីកា​ប្រកាស​មិន​ឲ្យ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧៕