ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ប្រុស​ជំទង់​ពីរ​នាក់​ ជិះ​ម៉ូតូ​ទៅ​បុក​ឡាន​ដឹក​ដី​ទាំង​កំរោល​ស្លាប់​ម្នាក់

ភ្នំពេញ ​៖ ​ក្មេង​ប្រុស​ជំទង់​ពីរ​នាក់​ បាន​ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​ចំ​ពីមុខ​ទាំង​កំរោល បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ​នឹងកន្លែង​កើតហេតុ​ ហើយ​ម្នាក់ទៀត​រង​របួស​ធ្ងន់​ ចំណែក​តៃកុង​ឡាន​ដឹក​ដី​ឃើញ​សភាព​បែបនេះ​ បាន​ចុះ​ពីលើ​ឡាន​គេចខ្លួនបាត់ កាលពី​វេលា ម៉ោង​៦​និង​៥០​នាទី​ព្រលប់ ថ្ងៃ ទី​៩ ខែមករា ឆ្នាំ​២០១៩​ស្ថិតនៅ​តាមផ្លូវ​បេតុង ក្នុងភូមិ​បឹង​ធំ​ទី​៣ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍សែន​ជ័យ។

ម៉ូតូ រងគ្រោះ​ម៉ាក​ស៊ុយ​ហ្សុ​យ​គី និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CU-5073 ជិះ​គ្នា​២​នាក់ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត។ ចំណែក រថយន្ត ម៉ាក​នីសា​ន់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-0368​បើកបរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច។

ជនរងគ្រោះ ​ដែល​ស្លាប់​មានឈ្មោះ ទិ​ត្យ ប៊ុនលី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្លាប់​ភ្លាមៗ​នៅ​កន្លែង ​និង​អ្នកបើកបរ ឈ្មោះ សុខ ម៉េង​សឺ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ជា​សិស្ស មាន​ទីលំនៅ ភូមិ​បឹង​ធំ​ទី​១ សង្កាត់ បឹង​ធំ ខណ្ឌ​ពោធិ៍សែន​ជ័យ រង​របួស​ធ្ងន់។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូឌុប​គ្នា​ក្នុង ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​បេតុង ពី​លិច​ទៅ​កើត នៅ​ពេល​មកដល់​ចំណុច​កើតហេតុ​បាន​ជ្រុល ទៅ​បុក​ជាមួយ​រថយន្ត ចំ​ពីមុខ បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ អ្នកបើកបរ​ម៉ូតូ បុក​ផ្ទប់​កញ្ចក់​រថយន្ត រង​របួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ រីឯ​អ្នករួមដំណើរ ជិះ​ខាងក្រោយ​ខ្ទាត​ផ្លោង​ទៅបុក​ផ្ទប់​លូ​ដា​ក់នៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ បាក់ក​ស្លាប់ ភ្លាមៗ​នៅ​កន្លែង ដោយ​បែក​ទាំង​លូ​ផង​។ ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង​។​ ចំណែកឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ចំហៀង​ខាងស្តាំ​កំពិត​កាង និង​បែក​ចង្កៀង​​ភ្លើង​បំភ្លឺ​ផ្លូវ​អស់​មួយ​ចំហៀង​។ ក្រោយពី​បុក​ហើយ ​តៃកុង​រថយន្ត បាន​បើកទ្វារ​ចុះ​រត់​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

ក្រោយមក​ក៏មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​ ហើយក៏​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​មក​វាស់វែង​យក ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ចំណែក​សាកសព​ត្រូវបាន សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ រួច​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕