ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​កីឡាហែលទឹក​ប្តូរ​វិធីសាស្ត្រ​ប្រកួត ដោយ​ផ្តោត​សំខាន់​លើ​យុវជន

ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ​ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ស្ម័គ្រចិត្ត​ បាន​សម្រេច​ប្ដូរ​វិធីសាស្ត្រ ប្រកួត ដោយ​ផ្ដោត​ការ​យកចិត្តទុកដាក់​ទៅលើ​យុវជន​ឲ្យ​បាន​ច្រើន។ នេះ​ជាការ​បញ្ជាក់​ប្រាប់អោយដឹង​ពី លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ស្ម័គ្រចិត្ត។

លោក ហែម គិរី បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា កន្លងមក​ការប្រកួត សហព័ន្ធ​តែងតែ​ធ្វើឡើង​ដោយមាន​កីឡាករ​-​កីឡាការិនី​គ្រប់​វ័យ​ចូលរួម​ប្រកួត តែ​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ លោក​បែងចែក​ការប្រកួត​ឲ្យ​ដាច់ដោយឡែក​ពីគ្នា។ សម្រាប់​យុវជន បង្កើត​ព្រឹត្តិការណ៍​មួយ និង​សម្រាប់​កីឡា​ជំនាញ​ត្រូវមាន​ព្រឹត្តិការណ៍​មួយ​ដោយឡែក។

លោក​អះអាងថា ក្នុង​មួយឆ្នាំ​មានតែ​២​ព្រឹត្តិការណ៍​ប៉ុណ្ណោះ ដែល​ប្រកួត​ដោយ​បើកទូលាយ​ដែល​កីឡា​ជំនាញ និង កីឡា​វ័យក្មេង​ត្រូវ​សហព័ន្ធ​រៀបចំ​ការប្រកួត​ជាមួយគ្នា​នោះ គឺ​ការប្រកួត​ជើងឯក​ជាតិ និង ការប្រកួត​ដណ្ដើម​ពានរង្វាន់​ព្រឹទ្ធាចារ្យ​ហែម ថុ​ន។ ព្រឹត្តិការណ៍​ទាំង​២​នេះ រៀបចំ​ឲ្យ​មានការ​បើកទូលាយ​(Open)​តែម្ដង។​

សូមបញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ក្នុងស្រុក​មាន​ចំនួន​៥។ សម្រាប់​ឆ្នាំ​២០១៩​នេះ​សហព័ន្ធ​បានរៀបចំ​គម្រោង​សម្រាប់​ចំណាយ​លើ​ការប្រកួត​រួចរាល់​ហើយ។​

លោក​បន្តថា សូម្បីតែ​នៅក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​SCG ដែល​គ្រោង​រៀបចំ​នៅ​ពេល​ខាងមុខនេះ ក៏​សហព័ន្ធ​ផ្ដោតទៅលើ​យុវជន​ដែរ។ ព្រឹត្តិការណ៍​នេះ​សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​ចំនួន​៣​ប្រភេទ​អាយុ​គឺ​អាយុ​ក្រោម​១៣​ឆ្នាំ​អាយុ​ក្រោម​១៥​ឆ្នាំ និង អាយុ​ក្រោម​១៨​ឆ្នាំ។​

៣​ប្រភេទ​អាយុ​នេះ សំខាន់​ណាស់​ព្រោះ​ជា​ប្រភេទ​អាយុ​ថ្នាល​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង​ចូលរួម​ព្រឹត្តិការណ៍​SEA School Games និង Asean University Games ។ ពិសេស​នៅ​ចុងខែ​មិថុនា​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​SEA Age ដែលជា​ការប្រកួត​សម្រាប់​អត្តពលិក​វ័យក្មេង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114