ព័ត៍មានទាន់​ហេតុការណ៏
Search

សរ រាជសីហ៍ សងសឹក​Masoud ឲ្យ​យុគ​ យក្ស​គី​ល នៅ SEATV

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​មកពី​ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ឡើង​សងសឹក​ជួស​យុគ យក្ស​គី​ល ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ នៅក្នុង​កម្មវិធី​ប្រដាល់​Boostrong Fighter On Fire លើស​ង្វៀន​SEATV នា​ព្រឹក​ថ្ងៃទី១៣​ ខែ​មករា ​ឆ្នាំ​២០១៩​នេះ។​
នោះ​គឺ សរ រាជសីហ៍ អ្នក​ប្រដាល់​ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់​ឈ្មោះ​Masoud Moghimian​។ ពួកគេ​ប្រកួត​គ្នា ​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម។​

នេះ​ជាការ​ជំនួប​ដ៏​តឹងតែង​បំផុត រវាង​សរ រាជសីហ៍ និង Masoud ព្រោះថា​អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ មិន​ធម្មតា​នោះឡើយ។ កាលពី​ថ្ងៃទី​០១ ខែ​ធ្នូ​ ឆ្នាំ​២០១៨​កន្លងទៅនេះ Masoud​ បាន​ផ្ដួល ​យុគ យក្ស​គី​ល ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ​ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៤។​

សរ រាជសីហ៍ គេ​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ស្បែក​ស​ប៉ុន្មាន​នាក់​ហើយ តែ​ពុំ ដែល​ប៉ះ​ជាមួយ Masoud នេះឡើយ។ តែ​យ៉ាងណា កណ្ដាប់ដៃ កែង និង​ជើង​ទាត់​របស់​រាជសីហ៍ វាយ​ចេញ​ខ្លាំង និង​មាន​ទម្ងន់​ធ្ងន់​គួរសម​ដែរ ដូច្នេះ​ការជួប​ជាមួយ Masoud ប្រហែលជា​មិនមាន​បញ្ហា​ចោទ​អ្វី​ឡើយ​។

ជា​អ្នក​ប្រដាល់​ដែល​មិនចេះ​វាយ​បន្ធូរ​ដៃ​នោះទេ ឲ្យ​តែ​គេ​យល់ថា​ដៃគូ​អាច​បង្ក្រាប​បាន គឺ​សរ រាជ​សីហ៍ គេ​មិន​ប្រោះ​ទុក​យូរ​ទេ គេ​ផ្ដួល​យកឈ្នះ​តែម្តង។ និយាយ​ពី​បច្ចេកទេស និង កលល្បិច​នោះ គេ​នៅ​ស្ទើរ​នៅឡើយ តែ​កម្លាំង​កាយសម្បទា​រឹងមាំ​ល្អ។

សរ រាជសីហ៍ ធ្លាប់​ឡើង​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៧​លើក ចាញ់​១២​លើក និង​មិនដែល​ស្មើ។ ចាំ​មើល រវាង Masoud និង សរ រាជសីហ៍ តើន​រណា​ជា​អ្នកឈ្នះ សម្រាប់​ជំនួប​លើកដំបូង​នេះ​? ហើយ​តើ​សរ រាជសីហ៍ អាច​សងសឹក​ឲ្យ​យុគ យក្ស​គី​ល បានសម្រេច​ឬ​អត់​?។

គួរបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា សរ រាជសីហ៍ កាលពី​ថ្ងៃទី​០៨ ខែ​ធ្នូ​ ឆ្នាំ​២០១៨​កន្លងទៅ បាន​ផ្តួល​អ្នក​ប្រដាល់​អ៊ីរ៉ង់​ឈ្មោះ​Aboozar អោយ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣ នៅលើ​សង្វៀន​SEA-TV​នេះ។​

តាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV អោយដឹងថា Masoud នេះ គេ​មក​ប្រកួត​នៅ​សង្វៀន​របស់លោក​ជា​លើក​ទី​២​ហើយ ។ Masoud គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែល​ហ្វឹកហាត់​នៅ​ស្រុកថៃ។ គេ​មាន​ស្នៀត​កណ្តាប់ដៃ កែង​ល្អ ខ្លាំង និង​រហ័ស ហើយ​ចេះ​ស្នៀត​ជង្គង់​ថែមទៀត។

អ្នក​ប្រដាល់​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៤៨​លើក ដោយ​ឈ្នះ​៣៧​លើក និង ចាញ់​១០​លើក មិន​ដែល​ស្មើ។

ចំពោះ លន់ សៀកឡេង អ្នក​ប្រដាល់​ចំណូល​ថ្មី ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ចាន់ វ៉ា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ។ ពួកគេ​ទាំងពីរ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​

គូ​នេះ ក៏​ជា​គូ​ដែលមាន​ការចាប់អារម្មណ៍​និង​ជក់ចិត្ត​ដែរ​។ ចាន់ វ៉ា​រិ​ទ្ធ​ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ព្រោះ​គេ​ធ្លាប់​ត្រូវគេ​ផ្គូ​ឲ្យ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ម្តង​ហើយ​កន្លងមក ហើយ​ពេលនេះ​ផ្គូ​មកជួប​ជាមួយ លន់ សៀកឡេង អ្នក​ប្រដាល់​ចំណូល​ថ្មី ប្រហែលជា​មិន​ពិបាក​ប៉ុន្មាន​នោះទេ។​

យ៉ាងណា លន់ សៀកឡេង ថ្វីត្បិតតែ​ជា​អ្នក​ចំណូល​ថ្មី ប៉ុន្តែ​គេ​វាយ​ល្អ​ និង​ខ្លាំង មិន​ចាញ់​ចាន់ វ៉ា​រិ​ទ្ធ​នោះឡើយ។ ដោយសារតែ​យ៉ាងនេះ​ហើយ ទើប​គេ​ផ្គូ​ឲ្យ​ជួប​ចាន់ វ៉ា​រិ​ទ្ធ​នេះ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា​លន់ សៀកឡេង អាច​យកឈ្នះ ចាន់ វ៉ា​រិ​ទ្ធ បានដែរ​ឬ​អត់​នោះទេ?។
​ ​
ចំពោះ​ពុទ្ធ ភា​រិន្ទ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវគេ​ផ្គូ​ឲ្យជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ហើយ​អ៊ុ​ល សំណាង អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ ត្រូវ​ជួប​ប្រកួត​ជាមួយ ស៊ឹង សំណាង អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114