ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ចិន​ម្នាក់ ​ដេក​ស្លាប់​អាក្រាត​កាយ មាន​ស្នាមរបួស ប៉ូលិស​ថា​គាំងបេះដូង​

​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ ​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ដោយ​អាក្រាត​កាយ​ និង​មាន​ស្នាម​របួស​នៅលើ​ដងខ្លួន​ផង ប៉ុន្តែ​ខាង​សមត្ថកិច្ច​នគរបាល​ខាង​ធ្វើ​កោសល្យវិច័យ​ត្រួតពិនិត្យ​សា​ក​សព បាន​អះអាង​ថា ស្លាប់​ដោយ​គាំងបេះដូង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩ នៅក្នុង​ក្នុង​អគារ​ផ្ទះល្វែង​មួយ​នៅក្នុង​បុរី​ជីបម៉ុង​ឡៃ ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

​សាកសព​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​តាមរយៈ​លិខិតឆ្លងដែន​របស់​សព​ជនរងគ្រោះ​ខាងលើ​ដែលមាន​ឈ្មោះ កើត​នៅ​ឆ្នាំ​១៩៦៣ នៅ​ខេត្ត Guandong សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ប៉ូលិស​និយាយថា សាកសព​មាន​ស្នាមរបួស​នៅត្រង់​ជង្គង់ ត្រង់​ថ្ពាល់ ​និង​ដៃ និង​ស្លាប់​ដោយ​អាក្រាត​កាយ នៅ​ក្នុង​បន្ទប់​អគារ​ផ្ទះល្វែង​លេខ​១៨១​ ដល់​លេខ​១៨៣ របស់​ក្រុមហ៊ុន សំណង់ ភ្នំ​មាស ភ្នំ​ប្រាក់ ដែល​មាន​ទីតាំង​នៅក្នុង​បុរី​ជីបម៉ុង​ឡៃ​។​

តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​សមត្ថកិច្ច​បាន​វាយ​តម្លៃ​ថា សាកសព​ជនជាតិ​ចិន​រូប​នេះ​ស្លាប់​ដោយ​គាំង​បេះដូង​(​ឬ​ខ្យល់គរ​)​មិនមែនជា​អំពើ​ឃាតកម្ម​នោះ​ទេ​។​

​សាកសព ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​រក្សា​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-រុស្សី ដើម្បីឲ្យ​ខាង​ស្ថានទូត​ចិន​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុកកំណើត​របស់​គេ​តាម​ប្រពៃណី​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114