ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ស៊ី សង្ឃឹមថា អាមេរិក​និង​កូរ៉េខាងជើង​នឹង​ជួបគ្នា​នៅ​ពាក់កណ្ដាល​ផ្លូវ

យោងតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ពីង​បាន​អះអាង​គាំទ្រ​ដល់​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​នៅក្នុង​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​ជាប់គាំង​ជាមួយ​សហរដ្ឋអាមេរិក​និង​បានបញ្ជាក់​ជាថ្មី​អំពី​តួនាទី​ដ៏​សំខាន់​របស់​ទីក្រុង​ប៉េកាំង​ក្នុង​ដំណើរការ​ដ៏​ទូលំទូលាយ​។​

លោក​គីម​បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ដោយ​រថភ្លើង​ក្នុង​សប្តាហ៍​នេះ ​សម្រាប់​កិច្ចពិភាក្សា​រយៈពេល​ពីរ​ថ្ងៃជា​មួយ​លោក​ប្រមុខ​ស៊ី​ដែល​ដំណើរ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​យុទ្ធសាស្ត្រ​មួយ​មុន​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​រវាង​មេដឹកនាំ​កូរ៉េខាងជើង​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ។

នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​ពួកគេ​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា លោក​គីម​និង​លោក​ត្រាំ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​មិន​ច្បាស់លាស់​មួយ​ដែល​ក្នុងនោះ​លោក​គីម​បាន​សន្យា​ធ្វើការ​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។​

ប៉ុន្តែ​ចាប់តាំង​ពី​ពេល​នោះ​មក ការ​រីកចម្រើន​ត្រូវ​ជាប់​គាំង​ដោយសារ​ទីក្រុង​ព្យុងយ៉ាង​និង​ទីក្រុង​វ៉ាស៊ីនតោន​មិន​យល់ស្រប​គ្នា​អំពី​អត្ថន័យ​របស់​កិច្ចព្រមព្រៀង​នោះ​។​

កូរ៉េខាងជើង​ចង់​ឲ្យ​មានការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ជាច្រើន​ដែល​ដាក់​លើ​ខ្លួន​ដោយសារ​អាវុធ​នុយក្លេអ៊ែ​រ​និង​កម្មវិធី​មី​ស៊ី​ល​ផ្លោង​របស់ខ្លួន​ ខណៈ​សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​ទណ្ឌកម្ម​ត្រូវ​បន្ត​ដាក់​រហូត​ទាល់តែ​កូរ៉េខាងជើង​បោះបង់​អាវុធ​របស់ខ្លួន​ដែល​នេះ​ជា​អ្វីដែល​ក្រុង​ព្យុងយ៉ាង​មិនបាន​សន្យា​ជា​សាធារណៈ។

ប្រទេស​ចិន​ក៏​ចង់​ឲ្យ​ការ​ដាក់ទណ្ឌកម្ម​ត្រូវបាន​បន្ធូរបន្ថយ​ផងដែរ​ហើយ​លោក​ស៊ី​បាន​និយាយថា លោក​សង្ឃឹមថា កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​នឹង​ជួបគ្នា​នៅ​ពាក់​កណ្តាលផ្លូវ​។​

ប្រទេស​កូរ៉េខាងជើង​បាន​បំផ្ទុះ​អាវុធ​នុយក្លេអ៊ែរ​ចំនួន​ប្រាំមួយ​លើក​និង​បាន​បាញ់​កាំជ្រួច​មី​ស៊ី​ល​ដែល​មាន​សមត្ថភាព​ទៅដល់​សហរដ្ឋអាមេរិក​ទាំងមូល​ប៉ុន្តែ​មិនបាន​ធ្វើតេស្ត​បែបនេះ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​និង​បាន​កម្ទេច​ច្រក​ចូល​ទៅ​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​មួយ​ដែល​និយាយថា ខ្លួន​លែង​ត្រូវការ​ទៀតហើយ​។​
ប្រទេស​ចិន​គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​តែមួយគត់​របស់​កូរ៉េខាងជើង​និង​ជា​អ្នកគាំទ្រ​ផ្នែក​ការទូត​ដ៏​សំខាន់​ព្រមទាំង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ផង​ដែរ។ កងទ័ព​របស់​ចិន​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​នៅ​ខាង​កូរ៉េខាងជើង​អំឡុង​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-៥៣៕ AFP