ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ជា​ប្រវត្តិសាស្ត្រ​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​នឹងមាន​ការប្រគល់អំណាច​ជា​លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល​១៨​ឆ្នាំ​បន្ទាប់ពី​បេក្ខជន​គណបក្សប្រឆាំង​លោក Felix Tshisekedi ត្រូវបាន​ប្រកាស​ដោយ​មន្ត្រី​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​ជា​អ្នកឈ្នះ​បណ្ដោះអាសន្ន​ នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ជា​ប្រវត្តិសាស្ត្រ។

ក្រុម​សង្កេតការណ៍​បោះឆ្នោត​បាន​ប្រឈម​នឹង​សម្ពាធ​យ៉ាងខ្លាំង​នៅក្នុង​និង​នៅក្រៅ​ប្រទេស​សម្រាប់​ការផ្សព្វផ្សាយ​លទ្ធផល​នេះ​បន្ទាប់ពី​ការពន្យារពេល​ម្តង​ហើយ​ម្តងទៀត​បាន​បង្ក​ជាការ​ភ័យខ្លាច​ដល់​ស្ថិរភាព​របស់​ប្រទេស​យក្ស​មួយ​នេះ​។​

លោក Corneille Nangaa ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ (CENI) បាន​និយាយថា “​ដោយ​ទទួលបាន​៣៨,៥៧​ភាគរយ​នៃ​សន្លឹកឆ្នោត លោក Felix Tshisekedi ត្រូវបាន​ប្រកាស​ជា​បណ្តោះអាសន្ន​ថា​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ”។​

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ដែលជា​ប្រទេស​ដ៍​ធំ​និង​ក្រីក្រ​ជាមួយ​ប្រវត្តិសាស្ត្រ​នៃ​ការបង្ហូរ​ឈាម​គឺ​បាន​ស្ថិតនៅក្នុង​វិបត្តិ​រយៈពេល​២​ឆ្នាំ​ពាក់ព័ន្ធ​ការបន្ត​តំណែង​របស់លោក​ប្រធានាធិបតី Joseph Kabila ដែល​បាន​និយាយ​កាលពី​ឆ្នាំមុន​ថា លោក​នឹង​ចុះ​ចេញពី​តំណែង​បន្ទាប់ពី​ធ្វើជា​មេដឹកនាំ​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​។​

ប្រទេស​ដែល​សម្បូរ​ធនធាន​រ៉ែ​មួយ​នេះ​មិនដែល​មានការ​ផ្លាស់ប្តូរ​អំណាច​ដោយ​សន្តិវិធី​ទេ​ចាប់តាំងពី​ខ្លួន​ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​ប៊ែ​ល​ហ្សិ​ក​នៅក្នុង​ឆ្នាំ​១៩៦០​។​

បេក្ខជន​ដែល​លោក Kabila ជ្រើសរើស​ដោយផ្ទាល់​ឲ្យ​ស្នង​តំណែង​ជំនួស​លោក​គឺ​អតីតរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Emmanuel Ramazani Shadary បាន​ជាប់​ចំណាត់ថ្នាក់​ទី​៣​នៅក្នុង​ការបោះឆ្នោត​នេះ​។​

លទ្ធផល​ជា​ផ្លូវការ​បានបង្ហាញ​ថា បេក្ខជន​គណបក្សប្រឆាំង​ដ៏​ធំ​មួយទៀត​ដែលជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង​គឺ​លោក Martin Fayulu បាន​ឈរ​នៅ​លំដាប់​លេខ​២​។​
​យោងតាម​កាលវិភាគ​បឋម​ដែល​កំណត់ដោយ CENI បាន​បង្ហាញថា លទ្ធផល​ច្បាស់លាស់​គឺ​ដល់​ថ្ងៃទី​១៥​ខែមករា​ខណៈ​ការស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​នឹង​ធ្វើឡើង​នៅ​បី​ថ្ងៃ​បន្ទាប់​នោះ​។​

ខណៈដែល​លទ្ធផល​ត្រូវបាន​ប្រកាស​តាម​ទូរទស្សន៍​នៅ​ទូទាំងប្រទេស​នោះ ប៉ូលិស​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទីតាំង​យុទ្ធសាស្ត្រ​ក្នុង​រដ្ឋធានី Kinshasa។ ប្រជាពលរដ្ឋ​ជាច្រើន​បាន​ត្រលប់​ទៅផ្ទះ​ហើយ​បាន​ចាក់សោរ​ផ្ទះ​របស់​ពួកគេ​ខុសពី​ធម្មតា​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114