ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ទៅដល់​ប្រទេស​ថៃ​ស្រប​ពេល​ក្មេង​ជំទង់​អារ៉ាប៊ីសាអ៊ូឌីត​ស្វែងរក​សិទ្ធិ​ជ្រកកោន

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​លោកស្រី Marise Payne កំពុងស្ថិត​នៅក្នុង​ទីក្រុង​បាងកក​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​និយាយ​ថា ខ្លួន​នឹង​ពិចារណា​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​អាយុ​១៨​ឆ្នាំ​ម្នាក់​ដែល​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ដោយ​និយាយថា នាង​ភ័យខ្លាច​ថា ក្រុមគ្រួសារ​របស់​នាង​នឹង​សម្លាប់​នាង​។​

លោកស្រី Payne ក៏ត្រូវ​បាន​គេ​រំពឹង​ផងដែរ​ថា​នឹង​ពិភាក្សា​អំពី​ករណី​កីឡាករ​កីឡាបាល់ទាត់​សញ្ជាតិ​បា​រ៉ែ​ន​ដែលមាន​ឋានៈ​សិទ្ធិ​ជ្រកកោន​អូស្ត្រាលី​ដែល​ត្រូវបាន​គេ​ដាក់ពន្ធនាគារ​នៅក្នុង​ប្រទេស​ថៃ​និង​ប្រឈមមុខ​នឹង​ការធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​បា​រ៉ែ​ន​។​

យុវតី​អារ៉ាប៊ីសាអ៊ូឌីត​ឈ្មោះ Rahaf Mohammed al-Qunun បច្ចុប្បន្ន​កំពុងស្នាក់នៅ​សណ្ឋាគារ​ក្រុង​បាងកក​មួយ​ក្រោម​ការថែរក្សា​របស់​ភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ (UNHCR) ដែល​កំពុងដំណើរការ​ពាក្យសុំ​របស់​នាង​សម្រាប់​ឋានៈ​ជនភៀសខ្លួន​មុនពេល​ការតាំង​ទីលំនៅ​ថ្មី​តាម​ដែល​អាចធ្វើ​ទៅបាន​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​

អាជ្ញាធរ​ថៃ​និយាយថា នាង​បាន​បដិសេធ​ទៅ​ជួប​ឪពុក​និង​បងប្រុស​របស់​នាង​ដែល​បានមក​ដល់ទី​ក្រុង​បាងកក​នៅ​សប្តាហ៍​នេះ​ដើម្បី​ព្យាយាម​នាំយក​នាង​ត្រលប់​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​វិញ​។​
​ពីដំបូង​ឡើយ នាង Qunun ត្រូវបាន​បដិសេធ​ពី​ការចូល​ក្នុងប្រទេស​ថៃ​នៅពេលដែល​នាង​មកដល់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​របស់​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ៍​ដោយមាន​បំណង​ហោះហើរ​ពី​ទីនោះ​ឆ្ពោះទៅកាន់​ប្រទេស​អូស្ត្រាលី​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​។​

បន្ទាប់មក នាង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​ទីក្រុង​បាងកក​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ដោយ​អាជ្ញាធរ​ថៃ​ក្រោយពី​មាន​ភាព​តានតឹង​រយៈពេល​៤៨​ម៉ោង​។ នាង​បាន​បដិសេធ​ឡើង​ជិះ​យន្តហោះ​ឆ្ពោះទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​បាន​បង្ខាំង​ខ្លួនឯង​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ខណៈពេល​ពិភពលោក​បាន​ឃ្លាំមើល​រឿងរ៉ាវ​នេះ​ដែល​ត្រូវ​លាតត្រដាង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

ទស្សនកិច្ច​របស់លោក​ស្រី Payne ក៏​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ករណី​ជនភៀសខ្លួន​ផ្សេងទៀត​ផងដែរ​ដែល​ពាក់​ព័ន្ធ​នឹង​កីឡាករ​បាល់ទាត់ Hakeem AlAraibi ដែលមាន​ឋានៈ​ជា​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​អូស្ត្រាលី​ប៉ុន្តែ​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ​ក្រុង​បាងកក​កាលពី​ឆ្នាំមុន​បន្ទាប់ពី​បាន​មកដល់​ដើម្បី​ក្រេបទឹក​ឃ្មុំ​។​

បច្ចុប្បន្ននេះ លោក AlAraibi កំពុង​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​របស់​ថៃ​ដោយ​រង់ចាំ​លទ្ធផល​នៃ​ដំណើរការ​បត្យាប័ន​ទៅកាន់​ប្រទេស​បា​រ៉ែ​ន​ដែល​នៅ​ទីនោះ​គាត់​ធ្លាប់​ត្រូវបាន​កាត់ទោស​និង​ត្រូវបាន​អាជ្ញាធរ​តាម​ចាប់ខ្លួន​។​

លោកស្រី Payne បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងថា លោកស្រី​នឹង​លើកឡើង​ករណី​របស់ AlAraibi ជាមួយ​រដ្ឋាភិបាល​ថៃ​ដើម្បី​ស្វែងរក​មធ្យោបាយ​សម្រាប់​ការវិល​ត្រលប់​របស់គាត់​មកកាន់​ប្រទេស​អូស្ត្រាលី​ប្រកបដោយ​សុវត្ថិភាព​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114