ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​ និង​ មន្ត្រី​នគរបាល​៥​នាក់​ទៀត ត្រូវបាន​កម្លាំង​តម្រួត​បទ​បញ្ជា​មក​ឃាត់​ខ្លួន​យ៉ាង​តក់ក្រហល់ ខណៈ​កំពុង​ចុះ​បំពេញការងារ

ភ្នំពេញ​ ៖ មន្ត្រី​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ រួម​និង​មន្ត្រី​នគរបាល​៥​នាក់​ទៀត ជា​កូនចៅ​ត្រូវ​បាន​កម្លាំង​នគរបាល​តម្រួត​បទបញ្ជា​ក្រសួងមហាផ្ទៃ​មក​ឃាត់​ខ្លួន​យ៉ាង​តក់ក្រហល់ ដោយ​ចោទ​ប្រកាន់​ថា ចុះ​មក​ត្រួតពិនិត្យ​រោងចក្រ​និង​ឃ្លាំង​ស្តុក​បារី​ មិនបាន​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន។

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នៃ​ការ​បង្ក្រាប​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១១​កន្លះ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​រោងចក្រ​ផលិត​បារី​មួយកន្លែង​របស់​ក្រុមហ៊ុន​Texas ស្ថិតនៅ តាមផ្លូវ​ភ្នំពេញ​ហាណូយ ក្នុងភូមិ​ចុង​ថ្នល់​ខាង​លិច ចំ​ទល់មុខ​ទីស្នាក់ការ​នគរបាល​រដ្ឋបាល​សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ។

លោក​ឧ​ត្ត​ម​សេនីយ៍​ដែល​ត្រូវ​បាន​គា​ឃាត់ខ្លួន​នោះ​ឈ្មោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ភូ សុផល បម្រើការ​នៅ​អង្គភាព​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហា​នី​ភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុ​វត្ថិភាព​សង្គម​នៃ​ក្រសួងមហាផ្ទៃ​។

បើតាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ គេ​ឃើញ​មាន​កម្លាំង​នគរបាល​មួយ​នោះ និង​មានការ​ចូលរួម ពី​តំណាង មន្ត្រី​តុលាការ​ផង ក្រឡាបញ្ជី​របស់​លោក ងិន ពេជ្រ ព្រះ​រាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ត្រួតពិនិត្យ ឃ្លាំង​ស្តុក​បារី​គ្រប់មុខ​នៅ​ទីនោះ​ដែល​គេ​បាន​ស៊ើបអង្កេត​រក​ឃើញ​ការ​សង្ស័យ​ថា​ មាន​ផលិត​បារី​ក្លែងក្លាយ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ខណៈនោះ​ពួកគេ​មិន​ទាន់​បាន​ចូល ត្រួតពិនិត្យ​ឃ្លាំង នៅឡើយ​ផង ក៏​ស្រាប់​តែ​មាន​កម្លាំង​នគរបាល​មូលដ្ឋាន មក​អញ្ជើញ​ទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ។​ លុះ​ក្រោយមក​ស្រាប់តែ មាន​កម្លាំង​តម្រួត​បទបញ្ជា​ប្រដាប់​ដោយ​កាំភ្លើង គ្រប់​ដៃ​ចំនួន ២​រថយន្ត​មក​នាំខ្លួន​មន្ត្រីនគរបាល​ទាំងនោះ ឡើង រថយន្ត​ដឹកយក​ទៅ​បាត់​។

លោក ឧ​ត្ត​ម​សេនីយ៍​ទោ ទូច យុ​ទ្ធា អនុប្រធាន​លេខាធិការដ្ឋាន និង​ជា​ប្រធាន​ប្រតិបត្តិការ នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​មាន​ហា​នី​ភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុ​វត្តិភាព​សង្គម​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ការ​មក​នាំខ្លួន​មន្ត្រី​នគរបាល​ខាងលើនេះ​គឺជាការយល់ច្រឡំ ប៉ុន្តែ​មន្ត្រីនគរបាល​ដែល​ឃាត់ខ្លួន​នោះ​បាន​ដោះលែង​វិញ​ហើយ​ព្រោះ​ការយល់ច្រឡំ​។

លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ពន្យល់​ឲ្យ​ដឹង​ពី​ដំណើរ​រឿង​នេះ​ថា នៅ​មុនពេល​កើតហេតុ​កម្លាំង ខាង​សមត្ថកិច្ច​របស់លោក​បាន​ទទួល​ព័ត៌មាន​មក​ថា​មាន​រថយន្ត​មួយគ្រឿង ដឹក​បារី​ក្លែង​ចូលក្នុង​ឃ្លាំង​រោងចក្រ​ខាងលើ ដោយ​ដាក់​ការសង្ស័យថា ជាទី​តាំង​ផលិត​បារី​ក្លែងក្លាយ លោក​ក៏បាន​រាយការណ៍​ទៅ​ព្រះ​រា​ជ្ញា​រង​ដើម្បី​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​រួមគ្នា​នៅពេល​មកដល់​ម្ចាស់​បារី​នោះ​មិន​សហការ​ទេ​។ រីឯ​កង​កម្លាំង​របស់​លោក​មិនទាន់​បាន​ចូល​ត្រួតពិនិត្យ​ផង បែរជា​រាយការណ៍​ទៅ​ខាងលើ​ប្រើ​កម្លាំង​មក​ឃាត់​ខ្លួន​ទាំង​បំពាន​បែបនេះ​ទៅវិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114