ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Paulo Victor របស់​ភ្នំពេញ​ក្រោ​ន អាច​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​ហើយ​ក្រោយ​ជា​ពីរ​បួស

​ខ្សែបម្រើ​ប្រយុទ្ធ​ចំណូល​ថ្មី Paulo Victor របស់​ក្លិប​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជាថ្មី​ម្តងទៀត​ថ្មីៗ​នេះ​ក្រោយ​រងរបួស​សាច់ដុំ​ជើង​កំឡុងពេល​ហ្វឹកហាត់​កាលពី ២​សប្តាហ៍​មុន ខណៈ​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ក្រុម​ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ខាងមុខ​។

យោងតាម​បញ្ជាក់​ពី​លោកគ្រូ​បង្វឹក​ក្រុម​ឈុត​ធំ Leonardo Vitorino បាន​បញ្ជាក់​ថា ​កីឡាករ Paulo បាន​ធូរស្រាល​ហើយពី​បញ្ហា​របួស រូបគេ​ក៏​ត្រៀម​ចូលរួម​ហ្វឹកហាត់​ជាថ្មី​ម្តងទៀត​ដែរ ហើយ​សង្ឃឹមថា​នៅ​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ​គេ​នឹង​បាន​ចូលរួម​លេង​ជាមួយ​ក្រុម​។ ខ្សែបម្រើ​ប្រយុទ្ធ​ថ្មី​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន កាលពីដើម​ខែធ្នូ​កន្លងទៅ ហើយ​រូបគេ​បានធ្វើការ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ជាធម្មតា​នោះ​ទេ ប៉ុន្តែ​រូបគេ​ក៏បាន​រងរបួស​សាច់ដុំ​ក្នុង​កំឡុងពេល​ហ្វឹកហាត់ ដែល​ធ្វើ​ឲ្យ​គេ​ខក​ខាត​មិនបាន​ចូលរួម​ប្រកួត​ក្នុងការ​ប្រកួត​មិត្តភាព​ពីរ​លើក​កន្លងមក​នេះ​។

កីឡាករ Paulo Victor វិញ​កើត​នៅ​ថ្ងៃ​១៣ ខែកញ្ញា ឆ្នាំ​១៩៩៤ នៅ​ទីក្រុង São Luís នៃ​ប្រទេស​ប្រេ​ស៊ី​ល​។ រូបគេ​លេង​ក្នុងតួនាទី​ជា​ខ្សែបម្រើ​ប្រយុទ្ធ ហើយ​រូបគេ​បានចាប់ផ្តើម​អាជីព​បាល់ទាត់​ឲ្យ​ក្លិប Atlético Sorocaba ក្នុង​ឆ្នាំ​២០១៣ នៅ​ឆ្នាំ​២០១៤ បាន​បន្ត​ទៅលេង​នៅ​ក្លឹប América-RN ហើយ​បន្ត​ទៅលេង​នៅ​ក្លឹប Goyang Zaicro របស់​ប្រទេស​កូរ៉េខាងត្បូង នៅ​ឆ្នាំ​២០១៦ និង​ថ្មីៗ​នេះ​រូបគេ​ក៏​ត្រលប់​ទៅលេង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​វិញ​គឺ​ក្លិប Nacional Atl. Muriaé​។

​យោងតាម​ការកំណត់រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់ថា​ ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ប៉ុន្តែ​ដាច់ខាត​ក្នុង​នោះ​ត្រូវ​តែ​មាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ ចំណែក​កីឡាករ​បរទេស​៥​រូប​របស់​ក្លិប​កីឡាករ Paulo Victor ខ្សែបម្រើ​ប្រយុទ្ធ​,​អ្នកចាំទី Leonardo Oliveira Tavares,​កីឡាករ​កូរ៉េខាងត្បូង​Kim Tae-woong កីឡាករ​ប្រេ​ស៊ី​ល Darlan Martins Benvido និង​Jhonata Sant’anna da Silva៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114