ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុង​ព្រះវិហារ​ សម្រេច​បាន​១០០​ភាគរយ ក្នុង​ការ​សាងសង់​ផ្លូវភ្លោះ​ រៀបចំសួន ​ពុះ​ទ្រូងផ្លូវ រូ​ម​ទាំង​ការ​ដាំ​ដើមឈើ ដាំ​ស្មៅ និង​បំពាក់​បង្គោល​ភ្លើង

ព្រះវិហារ ​៖ នា​ពេល​បច្ចុប្បន្ន​នេះ ខេត្តព្រះវិហារ មិនមែន​ជា​ខេត្ត​នៅ​តំបន់​ដាច់ស្រយាល​ដូច​មុន​ទៀត​នោះទេ ដោយសារតែ​ខេត្ត​មួយ​នេះ បាន​បង្កើត​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន ពិសេស​គឺ​ផ្លូវ​ត​ភ្ជាប់ ទៅកាន់​ខេត្ត​មួយ​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​។

ជាង​នេះ​ទៀត នៅក្នុង​ទី​រួម​ខេត្តព្រះវិហារ​វិញ​ក៏បាន​រៀបចំ​ឲ្យ​មាន​សោ​ភណ្ឌ​ភាព​គួរ​ជាទី​ទាក់ទាញ​ផងដែរ ដូចជា​ការស្ថាបនា​ឲ្យ​មាន ជា​សួនច្បារ រង្វង់​មូល និង​សួន​កុមារ​ដែល​បំពាក់​ដោយ​ឧបករណ៍​សម្រាប់​អោយ​កូនក្មេង​លេង​ជាដើម​។ ប៉ុន្តែ ប៉ុណ្ណេះ នៅ​មិន​គ្រប់គ្រាន់​ទេ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដឹកនាំ​ដោយ​លោក​សំ លាង​ទ្រី​ជា​ប្រធាន តាម​ការ​ចង្អុល​ណែនាំ​ពី​លោក​អ៊ុន ចាន់​ដា អភិបាល​ព្រះវិហារ បាន​សាងសង់​ផ្លូវភ្លោះ​ក្នុង​ក្រុង​ព្រះវិហារ​មួយ​ខ្សែ​ថែមទៀត ដោយ​រៀបចំ​ឲ្យ​ទៅជា​សួន​ពុះ​ទ្រូងផ្លូវ រូ​ម​ទាំង​ការដាំ​ដើមឈើ ដាំ​ស្មៅ និង​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នៅលើ​សួន​កណ្តាល​ទ្រូង​នេះ​ថែមទៀត ហើយ​ការដ្ឋាន​មួយ​នេះ គិត​មកដល់ពេលនេះ​បានសម្រេច​១០០​ភាគរយ​ហើយ។

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ការដ្ឋាន សាងសង់​ផ្លូវភ្លោះ​ក្នុង​ក្រុង​ព្រះវិហារ​នេះ មាន​ប្រវែង ២១៧០​ម៉ែត្រ ទ​ទឺង​សួន​ពុះ​ចែក​ទ្រូងផ្លូវ​នេះ​មាន​ទំហំ​១​ម៉ែត្រ​៤​តឹក មាន​ដាំ​ដើមឈើ ដាំ​ស្មៅ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​LED និង​មាន​ផ្លូវ​សងខាង​១៨​ម៉ែត្រ រួម​ទាំង​ដាក់​ខឿន​សងខាង នៃ​ចិញ្ចើមផ្លូវ​ផង​ដែរ ហើយ​ការដ្ឋាន​មួយ​នេះ គិត​មកដល់ពេលនេះ​បានសម្រេច​១០០​ភាគរយ​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114