ព័ត៍មានទាន់​ហេតុការណ៏
Search

ស​.​ប​.​ក តែងតាំង​លោក ភា សុភ​ត្រា គ្រូបង្វឹក​ក្លិប​ក្រសួងការពារជាតិ ជា​គ្រូ​ក្រុម Cambodia All Stars

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានបញ្ជាក់​ថា ​នឹង​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​មួយ​រវាង​ក្រុម Cambodia All Stars ជាមួយ​ក្រុមបាល់ទាត់ Muangthong United សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ថៃ ខណៈ​ក្រុម​ទាំង​២​ធ្លាប់បាន​ជួបគ្នា​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​។

ចំណែក​លោក ភា សុភ​ត្រា គ្រូបង្វឹក​របស់​ក្រុម​ក្រសួងការពារជាតិ ត្រូវបាន​ស​.​ប​.​ក តែងតាំង​ធ្វើជា​គ្រូបង្វឹក​បង្គោល​ប្រចាំ​ក្រុម Cambodia All Stars លើក​នេះ​ដើម្បី​ត្រៀម​ក្នុង​ប្រកួត Muangthong United​។ នៅក្នុង​លិខិតផ្លូវការ​នេះ​បាន​បញ្ជាក់​ថា ​លោក ឈូក ពិសិដ្ឋ តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ លោក អ៊ុំ សាវង្ស គ្រូ​ជំនួយ លោក ហោ សុខ​ហេង គ្រូ​ជំនួយ លោក យឿ​ម សារ៉ាន់ គ្រូ​ជំនួយ លោក ស៊ឹម ម៉េង​ហៃ គ្រប់គ្រង​សម្ភារៈ និង​លោក នី លក្ខណា គ្រប់គ្រង​សម្ភារៈ​។

ក្រុម Cambodia All Stars គឺជា​ការ​ប្រមូលផ្ដុំ​កីឡាករ​ល្អៗ​នៅក្នុង​លី​គ​កំពូល​កម្ពុជា ទាំង​កីឡាករ​ខ្មែរ​និង​បរទេស ខណៈ​ក្រុម​នេះ​ធ្លាប់​បាន​ប្រកួត​មិត្តភាព​៥​លើក​រួចមកហើយ​។ លោក ប្រាក់ សុវណ្ណារ៉ា និង លោក ទេព ឡុង​រចនា ក៏​ធ្លាប់​មាន​បទពិសោធន៍​ដឹកនាំ​ក្រុម​មួយ​នេះដែរ​ខណៈ​ចុងក្រោយ​លោក Leonardo Vitorino គឺជា​គ្រូបង្វឹក​ម្តង​។ ក្រុម Cambodia All Stars ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៥ មកម្ល៉េះ​។

តាម​គម្រោង​ក្រុម Muangthong United របស់​ថៃ​នឹង​ប្រកួត​ជាមួយ​ក្រុម Cambodia All Stars នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ ខណៈ​កាលពី​ប៉ះគ្នា​លើក​ទី​២​ក្រុម Muangthong United បាន​យកឈ្នះ​លើ​ក្រុម Cambodia All Stars ដោយ​លទ្ធផល ៤​ទល់​០ ក្នុង​ថ្ងៃអាទិត្យ ទី​១៦ ខែកក្កដា ឆ្នាំ២០១៧ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ គ្រាប់​បាល់​ទាំង​៤​គ្រាប់​របស់​ក្រុម Muangthong United រកបាន​ដោយ​កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល Leandro Assumpcao រក​គ្រាប់​បាល់​៣​គ្រាប់​ឲ្យ​ក្រុម​ភ្ញៀវ​ក្នុង​នាទី​ទី​៨, ១៤, ៨១ ខណៈ​មិត្ត​រួម​ក្រុម​ជនជាតិ​ថៃ Ratchapol Nawanno ជា​អ្នករក​គ្រាប់​បាល់​១​គ្រាប់​ទៀត​ក្នុង​នាទី​២៥​។

គោលដៅ​នៃ​ការប្រកួត​រវាង​ក្រុម Muangthong United និង​ក្រុម Cambodia All Stars កាលពី​លើក​ទី​១​គឺ​ដើម្បី​ដកស្រង់​បទពិសោធន៍ រវាង​ក្រុម​ទាំង​២​ក៏ដូចជា​រឹត​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង ជាពិសេស​គឺ​ដើម្បី​ប្រមូល​ថវិកា​សម្រាប់​សកម្មភាព​ពង្រឹងសមត្ថភាព​កីឡាករ​បាល់ទាត់​វ័យក្មេង​កម្ពុជា​នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ត្រៀមខ្លួន​ឆ្ពោះ​ទៅ​កាន់​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​គ្រោង​ធ្វើ​ម្ចាស់ផ្ទះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114