ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​ក្រុម​ជើងឯក​បី​សម័យកាល​បឹងកេត និយាយ​ពី​ការត្រៀមខ្លួន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩

ក្រុម​បឹង​កេត តែងតែ​បង្ហាញខ្លួន​ថា​ ជា​បេក្ខភាព​មួយ​មិនអាច​មើល​រំលង​បាន​ក្នុង​ការ​ដណ្តើម​ជើងឯក​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) នា​ពេល​កន្លងមក ខណៈ​នៅពេលនេះ​លោក ហៅ សុជាតិ ដែលជា​គ្រូបង្វឹក​កំពុង​ប្រមូល​ផ្តុំ​កូនក្រុម​ឡើងវិញ​បូក​ទាំង​កីឡា​ករចាស់​និង​កីឡាករ​ថ្មី​មិន​ថា​ខ្មែរ​ ឬ​ បរទេស​ដើម្បី​ត្រៀមខ្លួន​ប្រកួត​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ​។

បើ​យោង​តាម​វិ​ប​សាយ​របស់​ក្លិប​លោក ហៅ សុជាតិ បាន​បញ្ជាក់​ពី​ស្ថានភាព​របស់​ក្លិប​ថា «មកដល់ពេលនេះ​ឆ្លងកាត់​ការប្រកួត​មិត្តភាព​កន្លងមក​យើង​សង្កេតឃើញថា យើង​នៅ​មាន​ចន្លោះ​ខ្វះខាត​ច្រើន​ទាំង​ការពារ និង ប្រ​យុ​ទ្ធ​ដោយសារ​កីឡាករ​មួយចំនួន មិនទាន់​យល់​ពី​ទំរង់​លេង ហើយ​មកដល់ពេលនេះ​យើង​ពេល​ឃើញ​ការយល់​ចិត្ត​គ្នា រវាង​កីឡាករ​ថ្មី និង​កី​ឡ​ករចាស់ៗ បាន ៦០ ទៅ ៧០​ភាគរយ​ហើយ​»​។

គ្រូបង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា «​យើង​មើលទៅ​ក្លិប​មួយចំនួន ដែល​យើង​បាន​ប្រកួត​មិត្តភាព​ជាមួយ​គឺ​ការរៀបចំ​របស់​ពួកគាត់ មានការ​រីកចម្រើន​ជាង​មុន​ច្រើន ហើយ​ចំពោះ​ក្លិប​មួយចំនួន​ដែល​ក្នុងពេល Pre-season ចេញ​ទៅលេង​នៅ​ក្រៅ​ប្រទេស គឺ​វា​ជា​ចំនុច​ល្អ​មួយ​ដែរ​សំរាប់​ពួកគាត់ ហើយ​មកដល់ពេលនេះ យើង​មិនទាន់​អាច​និយាយ​បាន​ទេ​ថា តើ​ការប្រកួតប្រជែង​វា​នឹង​ទៅជា​យ៉ាងណា ដោយសារ​យើង​មិនទាន់​ដឹង​ពី​សមត្ថភាព​ក្លិប​មួយចំនួន​ច្បាស់​នៅឡើយ តែ​អ្វី​ដែរ​សំខាន់​គឺ​យើង​ត្រូវតែ​រៀបចំ​ក្លិប​របស់​យើង​ឲ្យ​បាន​ល្អ​ជាង​ឆ្នាំមុន​»​។

ក្រុម​បឹងកេត បាន​ប្រមូល​ផ្តុំ​កីឡាករ​ឡើងវិញ​កាលពីពេល​ថ្មីៗ ព្រមទាំង​បាន​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​សម​ជើងបាន​ចំនួន ៥​ប្រកួត​ហើយ ក្នុង​នោះបាន​ប្រកួត​ស្មើ​ជាមួយ​អគ្គិសនី​កម្ពុជា ដោយ​លទ្ធផល​១-១ តែ​ឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដោយ​លទ្ធផល​៣-២ បន្ត​ឈ្នះ​ក្រុម​ក្រសួងការពារជាតិ ដោយ​លទ្ធផល​២-១ តែ​ចាញ់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ដោយ​លទ្ធផល​៣-៤ និង ចុងក្រោយ​ថ្មីៗ​នេះ​បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ដោយ​លទ្ធផល ១-១៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114