ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​៣​ជា​បេក្ខភាព​តែ​១​ក្រុម​ត្រៀម​ចូល​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ក្នុង​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ថ្មី​

យ៉ាងហោចណាស់​មាន​ក្លិប​បាល់ទាត់​ចំនួន​៣​ក្រុម ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) នឹង​ជ្រើសរើស​ជា​បេក្ខភាព​តែ​១​ក្រុម ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League)​រដូវ​កាល​ឆ្នាំ​២០១៩ ខាងមុខ ជំនួស​ក្រុមបាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ ដែល​ប្រកាស​រំសាយ​ក្រុម​កាល​ពី​ពេល​ថ្មីៗ ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​។

លោក ឆាំង ពិសិដ្ឋ លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ បាន​ឲ្យ​ដឹង​ថា «​ដោយ​យោង​តាម​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ថ្មីៗ​នេះ​ក្លិប​ដែល​ជា​បេក្ខភាព​ត្រូវ​ឡើង​មក​លេង​លី​គ​កំពូល​ឆ្នាំ ២០១៩ គឺ​ក្រុម​ដែល​ប្រកួត​ជម្រុះ​ពី​ក្របខ័ណ្ឌ​ក​១ ប៉ុន្តែ​ដោយសារ​អត់​មានការ​ប្រកួត យើង​ត្រូវ​មើល​លើ​ការ​ដាក់​ពាក្យ​របស់​ក្លិប Forza របស់ ខេត្តសៀមរាប​, ខេត្តកំពង់ចាម និង គីរីវង់​សុខ​សែន​ជ័យ​»​។ ដូច្នេះ​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នឹង​ពិនិត្យ​ជាក់ស្ដែង​អំពី​លទ្ធភាព ចំពោះ​ក្រុម​ទាំង ៣ ខាងលើ តើ​ក្រុម​ណា​អាច​បំពេញ​តម្រូវ​ការ​លេង​នៅ​លី​គ​ឆ្នាំ ២០១៩​បាន​។

សូម​រំលឹក​ថា ​កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​គឺ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​ឲ្យ​ក្រុម​ខ្លាំង​ចំនួន​២​មកពី​លី​គ​លំដាប់​ទី​២ ឡើង​ទៅលេង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ដែល​ជម្រុះ​ក្រុម​បាត​តារាង​ចំនួន​២​ក្រុម​ចេញ​។ ប៉ុន្តែ​ដោយ​ឆ្នាំ​២០១៩ នេះ​មិន​មាន​រៀបចំ​កម្មវិធី​ប្រកួត​ក្របខណ្ឌ​លី​គ​លំដាប់​ទី​២ ទើប​មិន​មាន​ជម្រុះ​ក្រុម តែ​ដោយ​ចៃដន្យ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដកខ្លួន​ចេញ​ក៏​សម្រេច​រក​ក្រុម​ថ្មី​ដើម្បី​ជំនួស​តែម្តង​។

សូមបញ្ជាក់​ថា ​ក្រុម​ដែល​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បានចាប់ផ្តើម​ប្រមូល​ផ្តុំ​កីឡាករ​ឡើងវិញ​ក្រោយ​សម្រាក​មួយ​រយៈ​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ក្នុង​រដូវ​កាល​ចាស់ ហើយ​នេះ​ជា​ដំណាក់​កាលដែល​ក្រុម​ទាំងអស់​ត្រូវ​តាមដាន​និង​ត្រួតពិនិត្យ​សមត្ថភាព​កូនក្រុម​របស់​ខ្លួន​ឡើងវិញ​ទាំង​សមាជិក​ចាស់ និង​សមាជិក​ថ្មីៗ​ទាំង​ខ្មែរ​និង​បរទេស ឬ​កីឡាករ​ខ្លះ​ទើបតែ​ជ្រើសរើស​ចេញពី​ក្រុម​ថ្នាល​យុវជន ព្រមទាំង​កីឡាករ​មួយចំនួន​ដែល​កំពុង​ស្ថិត​ក្នុងដំណាក់កាល​ធ្វើតេស្ត​សាកល្បង​មុននឹង​សម្រេច​បញ្ចូល​ពួកគេ​ទៅក្នុង​ក្រុម​ឈុត​ធំ​ឬ​យ៉ាងណា​នោះ មុន​រដូវ​កាល​ឆ្នាំ​២០១៩ មកដល់​។

ចំណែក​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ​នៅ​មិនទាន់មាន​ការ​ជូនដំណឹង​ណាមួយ​ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​នោះទេ ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ដែល​មាន​សមាជិក​ចំនួន​១២ ក្រុម​និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវ​ជម្រុះ​ក្រុម​មកពី​តាម​តំបន់​ជុំវិញ​ប្រទេស​កម្ពុជា​៕