ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការខេត្ត​កណ្តាល​ផ្តន្ទាទោស​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ចំនួន​១៥​ឆ្នាំ និង​បក្សពួក​ប្រាំ​នាក់​ទៀត ក្នុង​ម្នាក់​០៣​ឆ្នាំ

កណ្តាល​ ៖​ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ នៅ​សាលាដំបូង​ខេត្តកណ្តាល​បាន ប្រកាស​សាលក្រម​សំណុំរឿង ក្រុម​ជួញដូរ​គ្រឿងញៀន​និង​កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បង្ក្រាប​បាន​កាលពី​អំឡុង​ខែមិថុនា​ឆ្នាំ​២០១៨​។

ការប្រកាស​សាលក្រម​ផ្តន្ទាទោស​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ​ ធ្វើឡើង​ដោយ​លោក គឹម ម៉េង ជា​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល និង​លោកស្រី ស៊ុន យឺត​ជា​តំណាង​អយ្យការ។

សាលក្រម​បាន សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ហុង រ​ត្ថា ហៅ​(​ឌី​ត​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ចំនួន ១៥​ឆ្នាំ (​ជា​មេខ្លោង​) និង​ជនជាប់ចោទ​ប្រាំ​នាក់​ទៀត​ទី​០១​ឈ្មោះ​ស្រេង សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ទី​០២​ឈ្មោះ ឡុង គីម​ជី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​ទី​០៣​ឈ្មោះ សុបិន រតនា ហៅ​(​ឌឹ​ក​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ទី​០៤​ឈ្មោះ ព្រីង ភឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល និង​ទី​០៥​ឈ្មោះ អៀ អ៊ី​លិ​ង ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែ​កន​រិ​ន ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ក្នុង​ម្នាក់ៗ​០៣​ឆ្នាំ។

សូម​រំលឹក​ថា នៅវេលា​ម៉ោង​១៦​និង​១៥​នាទី ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្អាង និង​ជំនាញ​ខេត្ត បាន​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) នៅ​ចំណុច​ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៤​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​(​ម៉ា​ទឹកកក​) ចំនួន ១៧​កញ្ចប់​(​តូច​១៥ មធ្យម​២) ទូរ​សព្ទ័ ចំនួន ០២​គ្រឿង​ម៉ូតូ ចំនួន ០១​គ្រឿង​កាំភ្លើង​កែច្នៃ ចំនួន​០១​ដើម​សម្ភារៈ​ប្រើប្រាស់ និង វេច​ខ្ចប់​មួយចំនួនទៀត​។

តាម​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ​ឈ្មោះ ព្រីង ភឿន និង​ដោយមាន​ការ​សម្របសម្រួល​នីតិវិធី ​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​ខេត្តតាកែវ នៅវេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង កងរាជអាវុធហត្ថ ខេត្តកណ្តាល សហការ​ជាមួយ កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​បន្ត​ឃាត់ខ្លួន​ជ​នស​ង្ស័យ​ចំនួន​០២​នាក់​ទៀត នៅ​ចំណុច​ផ្ទះ​ឈ្មោះ អ៊ុច ធី​វ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​រវាង ស្រុក​សំរោង ខេត្តតាកែវ បាន​ជន​ស​ង្ស័យ​ឈ្មោះ ហុង រ​ត្ថា ហៅ​(​ឌី​ត​) ភេទ​ប្រុស និង​ឈ្មោះ អៀ អ៊ី​លិ​ង ភេទ​ស្រី បានធ្វើ​ការ​ដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន​(​ម៉ា​ទឹកកក​) ចំនួន​០៣​កញ្ចប់ (​ធំ​០២ មធ្យម​០១)​ជញ្ជីង​ថ្លឹង​ថ្នាំញៀន ចំនួន ០២​គ្រឿង​អាវុធខ្លី​(K៥៤) ចំនួន ០២​ដើម និង បង់​០២ (​គ្រាប់កាំភ្លើង​K៥៤​ចំនួន ០៩​គ្រាប់ គ្រាប់​ឡុ​ក​កែច្នៃ​ចំនួន​១៤​គ្រាប់ គ្រាប់​វាំង​ឌើ​ឡុង​ចំនួន​១៤​គ្រាប់​)​ម៉ូតូ ចំនួន ០១​គ្រឿង​បណ្ណ​បើកបរ ចំនួន ០១​សន្លឹក​អត្តសញ្ញាណ​ខ្មែរ ចំនួន ០២​សន្លឹក​ ប័ណ្ណសម្គាល់​យានយន្ត ចំនួន ០៥​សន្លឹក​ ដាវ ចំនួន ០១​ដើម​ប្រាក់​ដុល្លា​ចំនួន​១០០​ដុល្លារ ប្រាក់​រៀល​ចំនួន​១០​ម៉ឺន​រៀល ​សម្ភារៈ​ប្រើប្រាស់ និង​វេច​ខ្ចប់​មួយចំនួន​ សរុប​ ឃាត់ខ្លួន​ជន​ស​ង្ស័យ ចំនួន ០៦​នាក់ (​ស្រី​១)ចាប់យក​វត្ថុតាង​:​ថ្នាំញៀន​(​ម៉ា​ទឹកកក​) ចំនួន ២០​កញ្ចប់ (​ធំ​០២ មធ្យម​៣ តូច​១៥)​កាំភ្លើង​កែច្នៃ ចំនួន​០១​ដើម ៣-​កាំភ្លើងខ្លី (K៥៤) ចំនួន​០២​ដើម និង បង់​០២ (​គ្រាប់កាំភ្លើង​K៥៤​ចំនួន​០៩​គ្រាប់ គ្រាប់​ឡុ​ក​កែច្នៃ​ចំនួន​១៤​គ្រាប់ គ្រាប់​វាំង​ឌើ​ឡុង​ចំនួន​១៤​គ្រាប់​)​ម៉ូតូ ចំនួន ០២​គ្រឿង ​ទូរ​ស័ព្ទ ចំនួន ០២​គ្រឿង​ប័ណ្ណ​បើកបរ ចំនួន ០១​សន្លឹក​ អត្តសញ្ញាណ​ខ្មែរ ចំនួន ០២​សន្លឹក​ប័ណ្ណ​សម្គាល់​យានយន្ត ចំនួន ០៥​សន្លឹក​ដាវ ចំនួន ០១​ដើម​ប្រាក់​ដុល្លារ​ចំនួន​១០០​ដុល្លា ប្រាក់រៀល​ចំនួន​១០​ម៉ឺន​រៀល​និង​ប្រដាប់​ប្រើប្រាស់​វិច​ខ្ចប់​មួយចំនួន​៕