ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ដាក់​ចេញ​នូវ​វិធានការ​ដើម្បី​កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា​របស់​សិស្ស​នៅ​គ្រប់​កម្រិត

ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​បាន​ឲ្យ​ដឹងថា​ ក្រសួង​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា​របស់​សិ​ស្ស​នៅ​គ្រប់​កម្រិត​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ ដែល​ជួយ​ធានា​ឲ្យ​សិស្ស​ទទួល​បាន​ការអប់រំ​ប្រកបដោយ​សមធម៌​ និង​ពេញ​មួយជីវិត​។​

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​មានប្រសាសន៍​កាលពី​ថ្ងៃទី​១១ ​ខែមករា​ឆ្នាំ​២០១៩​ថា ​វិធាន​ទាំងនោះ​រួមមាន​កា​រ​ពង្រឹង​ការចូលរួម​ពី​អ្នក​ពាក់ព័ន្ធ ការដឹកនាំ​គ្រប់គ្រង​តាម​សាលារៀន ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្តល់​អាហារូបករណ៍ លើកទឹកចិត្ត​និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​បង្រៀន​និង​រៀន លើកកម្ពស់​ការអប់រំ​ដល់​អាណាព្យាបាល​សិស្ស​ពី​គុណ​តម្លៃ​នៃ​ការសិក្សា​និង​ការ​យកចិត្តទុកដាក់​ទៅលើ​ជីវភាព​របស់​គ្រូបង្រៀន​ដើម្បី​កាត់បន្ថយ​អត្រា​ការបោះបង់​ការសិក្សា​របស់​សិស្ស​ពិសេស​នៅ​កម្រិត​វិទ្យាល័យ។

លោក​បាន​បន្ត​ថា ​ការ​ដាក់ចេញ​វិធានការ​ទាំងនេះ​គឺ​ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ​ អត្រា​បោះបង់​ការសិក្សា​របស់​សិ​ស្ស​ចាប់ពី​កម្រិត​បឋមសិក្សា​រហូត​ដល់​កម្រិត​វិទ្យាល័យ​នៅ​ប្រទេស​កម្ពុជា​នៅមាន​កម្រិត​ខ្ពស់​នៅឡើយ​ដែល​បណ្តាលមកពី​កក្តា​គ្រួសារ កត្តា​សិស្ស កត្តា​សាលារៀន​និង​កត្តា​សង្គម​។​

យោងតាម​ទិន្នន័យ​ទូទាំងប្រទេស​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្នុង​ឆ្នាំ​២០១៧-២០១៨​បាន​ឲ្យ​ដឹងថា ​អត្រា​​​បោះបង់​ការសិក្សា​របស់​សិ​ស្ស​នៅ​មធ្យមសិក្សា​បឋមភូមិ​មាន​១៦,៦​ភាគរយ ស្រី​មាន ១៤,២​ភាគរយ​។​ ចំណែក​ការបោះបង់​ការសិក្សា​នៅ​មធ្យមសិក្សា​ទុតិយភូមិ​មាន​១៩,៧​ភាគរយ​ស្រី​មាន​១៧​ភាគរយ​និង​នៅ​កម្រិត​បឋមសិក្សា​មាន ៤,៧​ភាគរយ​ស្រី​មាន ៣,៥ ភាគរយ ។​

អ្នកនាំពាក្យ​ដដែល​នោះ​បាន​ឲ្យ​ដឹង​ទៀតថា​ ដើម្បី​ដោះស្រាយ​ការបោះបង់​ការសិក្សា​របស់​សិស្ស​នេះ​ក្រសួង​ក៏​នឹង​ពង្រឹង​គុណភាព​គ្រូបង្រៀន ពង្រីក​សាលារៀន​នៅ​គ្រប់​កម្រិត​ ពង្រឹង​អធិការកិច្ច​គ្រប់​ជ្រុងជ្រោយ​តាម​សាលារៀន ការ​អភិវឌ្ឍ​កម្មវិធីសិក្សា​និង​សៀវភៅ​សិក្សា​គោល​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ​ដើម្បី​ធានា​បាន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព សមធម៌ បរិ​យា​ប័ន្ន ​និង​លើកកម្ពស់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំង​អស់​គ្នា​។​

ជាមួយគ្នានេះដែរ​លោក​បាន​បន្ថែមទៀតថា​ ក្រសួង​នឹង​ខិតខំ​បង្កើន​ការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ចាប់ពី​កម្រិត​បឋមសិក្សា​រហូត​ដល់​មធ្យមសិក្សា​ដោយ​សិស្ស​បឋម​និង​អនុវិទ្យាល័យ​ម្នាក់​ទទួលបាន​២៤​ម៉ឺន​រៀល​និង​សិស្ស​វិទ្យាល័យ​៣៦​ម៉ឺន​រៀល​ដើម្បី​ឲ្យ​ពួកគេ​បាន​បន្ត​ការសិក្សា​ជា​បន្ត​ទៀត​យ៉ាងហោចណាស់​រៀន​ចប់​ត្រឹម​ថ្នាក់​ទី​៩​ដែរ​។​

លោក យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​បាន​គាំទ្រ​ចំពោះ​វិធានការ​របស់​ក្រសួង​អប់រំ​នេះ​ព្រោះ​បាន​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ទទួល​បាន​ការសិក្សា​បាន​កាន់តែ​ច្រើន។​

ទន្ទឹមនឹងនេះ​លោក​បាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំ​គួរតែ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ឲ្យ​ចំ​ទិសដៅ​និង​មាន​តម្លាភាព​ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​លទ្ធភាព​បា​នប​ន្ត​ការសិក្សា​ជា​បន្តទៀត​ផងដែរ​។​

យ៉ាងណាក៏ដោយ​លោក​បានស្នើ​ឲ្យ​ក្រសួង​អប់រំ​គួរតែ​ពង្រីក​សាលារៀន​ឲ្យ​បាន​ទៅដល់​តំបន់​ជនបទ​ដាច់ស្រយាល​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្ស​ពិសេស​សិស្ស​ក្រីក្រ​បាន​ទៅ​សាលារៀន​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ខណៈ​នៅ​តំបន់​ខ្លះ​សាលារៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ឲ្យ​សិស្ស​បោះបង់​ការសិក្សា​ពិសេស​សិស្ស​ស្រី៕