ព័ត៍មានទាន់​ហេតុការណ៏
Search

មា​ជ សុខ​រ៉ា ជួប កេង​ កាត ឯ ភុំ សា​រ៉ា​យ ជួប ហ្វា ​និមិត្ត នៅ​សង្វៀន​ស្ទឹងមានជ័យ​

មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ និង អ្នក​ប្រដាល់​ជើងចាស់​ភុំ សារាយ សមាគម​កីឡា​ក្រសួងការពារជាតិ ត្រូវ​អ្នករៀបចំ​កម្មវិធី​ប្រដាល់​នៅ​ប៉ុស្តិ៍​បាយ័ន ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស។ ទាំង​២​គូ​នេះ នឹង​ប្រកួត​គ្នា​នាយ​ប់​ថ្ងៃអាទិត្យ​ ទី​១៣ ខែ​មករា​ ឆ្នាំ​២០១៩ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

មា​ជ សុខ​រ៉ា គេ​នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​កេង​កាត វ៉​.​ស៊ូ​ង​នឺ​ន ​(Kengkart Wor. Sung​nuen) ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គ​.​ក្រ។ អ្នក​ប្រដាល់​ថៃ ដែល​មា​ជ សុខ​រ៉ា ត្រូវ​តស៊ូ​ជាមួយ​នោះ ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ ​និង​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ ហើយ​ថែមទាំង​ជា​ជើងឯក​រង​ខ្សែក្រវាត់​Wurkz ទម្ងន់​៦៧​គីឡូក្រាម​ថែមទៀត។​

តាមពិត​កេង​កាត គេ​វាយ​ចាញ់​មា​ជ សុខ​រ៉ា ដោយ​ពិន្ទុ​ម្តង​ហើយ កាលពី​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់ Wurkz ទម្ងន់​៦៧​គ​.​ក្រ​នោះ ដូច្នេះ​ការជួបគ្នា​លើក​នេះ គឺ​ដូចជា​ការជួប​សងសឹក​របស់​កេង​កាត យ៉ាង​ដូច្នេះ​ដែរ។ កេង​កាត គេ​មាន​ប្រវត្តិ​ប្រកួត​១០៨​លើក ដោយ​វាយ​ឈ្នះ​៩៤​លើក ចាញ់​១០​លើក និង​ស្មើ​០១​លើក។​

ចំពោះ មា​ជ សុខ​រ៉ា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​លើក ឈ្នះ​៥៥​លើក ចាញ់​០៩​លើក និង​ស្មើ​០១ លើក។​

កេង​កាត គេ​មក​ប្រកួត​លើកចុងក្រោយ​នៅ​ស្រុក​ខ្មែរ គឺ​ជួប មា​ជ សុខ​រ៉ា នេះឯង ហើយ​ចាញ់​សុខ​រ៉ា​ដោយ​ពិន្ទុ ទាំង​មិន​អស់ចិត្ត។ ​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ផ្លែ​ល្អ​ពិសេស​កណ្តាប់ដៃ ហើយ​ជង្គង់ ​និង​ទាត់ ក៏​ល្អ​ដែរ។
​ ​
យ៉ាងណា កេង​កាត​មិនដឹងថា អាច​យកឈ្នះ​មា​ជ សុខ​រ៉ា បាន​វិញ​ឬ​អត់​នោះទេ​? ព្រោះ​មា​ជ សុខ​រ៉ា ឥឡូវ​គេ​ល្អ​ និង​ខ្លាំង ការប្រកួត​ជាមួយ​ថៃ​ប៉ុន្មាន​នៅក្នុង​ស្រុក គេ​វាយ​ឈ្នះ​ច្រើន​នាក់ ហើយ​ចុង​ក្រោយ​គឺ​ឈ្នះ​កេង​កាត​នេះឯង។

ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​មា​ជ សុខ​រ៉ា និង កេង​កាត​នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ ព្រោះថា​អ្នក​ទាំងពីរ​នាក់​នេះ មាន​ផ្លែ​សម្លាប់​រៀងៗ​ខ្លួន។​

ចំពោះ អ្នក​ប្រដាល់​ជើងចាស់ ភុំ សា​រ៉ា​យ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នឹងត្រូវ​ជួប​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ហ្វា​និមិត្ត ប្រាន​២៦(Fanimit Phran 26 )។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​។ ជា​លើក​ទី​ដំបូង​ហើយ ដែល​សា​រ៉ា​យ​ត្រូវគេ​ផ្គូ​ឲ្យ ជួប​អ្នក​ប្រដាល់​ថៃ​នេះ ក្រោយ​ពី​គេ​បាន​បោះបង់ចោល​សង្វៀន​ប៉ុន្មាន​ឆ្នាំ​មកនេះ។ ភុំ សា​រ៉ា​យ ជា​អ្នក​ប្រដាល់​ជើងចាស់ ធ្លាប់​ហែល​ឆ្លងកាត់​ប្រកួត​ជាមួយ​ថៃ និង​ជាតិ​សាសន៍​ផ្សេងៗ​ទៀត​ជាច្រើន​រាប់មិនអស់។ ​ជាមួយនេះ សា​រ៉ា​យ ក៏​ជា​ជើង​ខ្លាំង​និង​មាន​បោះ​សំឡេង​ដែរ​កន្លងមក។​

អ្នក​ប្រដាល់​ជើងចាស់​អាយុ​ជាង​៤០​ឆ្នាំ ភុំ សា​រ៉ា​យ រូបនេះ ទោះជា​ចាស់​បន្តិច​ហើយ​ក្តី តែ​គេ​នៅ​អាច​ប្រកួត​បាន មិនមាន​បញ្ហា​អ្វី​នោះទេ។ នេះ​បើតាម​សា​រ៉ា​យ​ធ្លាប់​និយាយ​ឲ្យដឹង​កាលពី​ពេល​កន្លងមក ។ ស្នៀត​ទាត់​ផ្កាប់​ចាន​របស់​ សា​រ៉ា​យ គឺ​នៅតែ​ប្រើការ​បាន​ដដែល​ទេ។​

សា​រ៉ា​យ បើតាម​ស្ថិតិ​ចាស់ គេ​មាន​ប្រវត្តិ​ប្រកួត​១៨១​លើក ក្នុងនោះ​វាយ​ឈ្នះ​១៥០​លើក ចាញ់​២៦​លើក និង​ស្មើ​០៥​លើក។ ទោះជា​យ៉ាងណា សម្រាប់​ការជួប​អ្នក​ប្រដាល់​ថៃ ហ្វា​និមិត្ត លើក​នេះ ភុំ សា​រ៉ា​យ ពុំ​ដឹងថា​គេ​អាច​យកឈ្នះ​ឬក៏​ចាញ់​នោះ​ទេ ព្រោះ​ហ្វា​និមិត្ត នេះ គេ​ក៏​ខ្លាំង​គួរសម​ដែរ។​

អ្នក​ប្រដាល់​ថៃ​ហ្វា​និមិត្ត​នេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧១​លើក ឈ្នះ​៥៥​លើក ចាញ់​១៤​លើក និង ស្មើ​០១​លើក។ ចាំមើល រវាង​ភុំ សា​រ៉ា​យ និង ហ្វា​និមិត្ត តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ?។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ គឺ​រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់ ធា នុ​រាជ ក្លិប​មកុដ​រាជសីហ៍ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម។ ​រវាង​ពួកគេ​ពីរ​នាក់​នេះ ទោះជា​ភូ​លូ​ល្អ​ និង​ខ្លាំង​យ៉ាងណា ក៏​ប្រហែល​ជា​មិន​ឈ្នះ​ធា នុ​រាជ ដែរ?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114