ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡា​ការិនី​ កែ ឡេង ជា​បេ​ក្ខ​នារី​ក្នុងចំណោម​អត្ត​ព​លិ​ក​២៥​រូប​របស់​ពិភពលោក ​ក្នុងការ​ប្រជែង​យក​ពាន​អន្តរជាតិ​

នៅក្នុង​សន្និសីទកាសែត ​កាលពី​រសៀល​ថ្ងៃ​ទី​១០​មករា លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា​បាន​ថ្លែង​ថា កីឡា​ការិនី​ប៉េតង់​កម្ពុជា កែ ឡេង ដែល​ដណ្ដើម​បាន​មេដាយ​មាស​ពិភពលោក​ចំនួន​៣​លើក​ជាប់​គ្នា​នោះ បាន​ក្លាយ​ជា​បេ​ក្ខ​នារី​ឆ្នើម​របស់​ពិភពលោក​ចំនួន​២៥​រូប​ ដែល​ត្រូវ​ប្រជែង​យក​ពានរង្វាន់​អន្តរជាតិ ដែល​គេ​ប្រសិទ្ធិនាម​ថា The World Games Athlete of The Year 2018។​
​ ​
កីឡាការិនី ​កែ ឡេង ដណ្ដើមបាន​មេដាយមាស​ចំនួន​៣​លើក​ជាប់ៗ​គ្នា លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​(Shooting)​គឺ ឆ្នាំ​២០១៣​ ដណ្ដើម​បាន​នៅ​ប្រទេស​បារាំង​២០១៥ ​ដណ្ដើម​បាន​នៅ​ប្រទេស​ថៃ និង​២០១៧​ ដណ្ដើម​បាន​នៅឯ​ប្រទេស ចិន។ ​កីឡាការិនី​វ័យ​ចំណាស់​រូបនេះ ចាប់ផ្ដើម​លេង​កីឡា​ប៉េតង់​នៅ​ឆ្នាំ​១៩៩៩។ ឆ្នាំ​២០០១​ ចាប់​ផ្ដើម​ចេញ​ប្រកួត​ជាមួយនឹង​ការ​ដណ្ដើម​បាន​ភាពល្បីល្បាញ​ភ្លាមៗ។​

គិត​មកទល់ពេលនេះ​កីឡាការិនី​រូបនេះ ដណ្ដើម​បាន​មេដាយ​ចំនួន​៥៥​គ្រឿង ពី​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ។ ក្នុងចំណោម​មេដាយ​ទាំង​៥៥​គ្រឿង​នោះ មាន​មេដាយ​មាស​២១​គ្រឿង​មេដាយ​ប្រាក់​១៧​គ្រឿង និង​មេដាយ​សំរឹទ្ធ​១៧​គ្រឿង។​
​ ​
លោក​ ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន និង កីឡា​មានប្រសាសន៍​ដែរ​ថា ​ប្រធាន​សហព័ន្ធ​ប៉េតង់​អន្តរជាតិ​ លោក ​ក្លូដ អា​ហ្ស៊ី​ម៉ា​ បាន​សរសេរ​សំបុត្រ​មក​លោក​ស្ដីពី​ការគាំទ្រ​ដល់​កីឡា​ការិនី​កែ ឡេង។​ រង្វាន់​សម្រាប់​ជ័យលាភី​នេះ ​គឺ​ពាន និង​នាឡិកា​ប្រណិត​មួយ​គ្រឿង​ដែល​ផលិត​នៅ​ប្រទេស​ស្វី​ស។​

​សូម​បញ្ជាក់​សមាគម​ហ្គេម​អន្តរជាតិ​( International World Games Association)​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡូ​សាន​ប្រទេស​ស្វី​ស​ជា​អ្នក​រៀបចំ​ការបោះឆ្នោត​តាម​អន​ឡាញ​សម្រាប់​ពានរង្វាន់ The World Games Athlete of The Year 2018។ ​សមាគម​នេះ​ធ្វើ​តែ​លើ​ប្រភេទ​កីឡា​មិនមែន​អូឡាំពិក​តែ​ប៉ុណ្ណោះ។​

ដើម្បី​ដណ្ដើម​បាន​ជោគជ័យ​ជា​កីឡា​ការិនី​ឆ្នើម​របស់​ពិភពលោក គឺ​ប្រជាជន​នៃ​ប្រទេស​របស់ខ្លួន​ជា​អ្នកបោះឆ្នោត​គាំទ្រ។​ ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ចូលរួម​គាំទ្រ​អ្នកស្រី ​កែ ឡេង តាមរយៈ https://www.theworldgames.org/awards/Athlete-of-the-Year-2018-58) ដោយ​គ្រាន់តែ​ចុច​គាំទ្រ​លើ​ពាក្យ ​Vote​ តែប៉ុណ្ណោះ។​ អ្នកចូលរួម​បោះឆ្នោត​ត្រូវតែមាន​អាស័យដ្ឋាន​សារ​អេឡិចត្រូនិក​(Em ail)​របស់​ខ្លួន​ហើយ​រៀងរាល់​២៤​ម៉ោង​ម្ដង​គេ​អាច​បោះឆ្នោត​បាន។​ ការបោះឆ្នោត​គាំទ្រ​នេះ​ នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៩។​
​ ​
លោក ស សុខា ​អះអាង​ថា លោក​នឹង​សុំ​ឲ្យ​សិស្សានុសិស្ស ក្រុមហ៊ុន​នានា បោះឆ្នោត​គាំទ្រ​អ្នកស្រី​កែ​ ឡេង​ ដើម្បី​ឲ្យ​អ្នកស្រី​ក្លាយជា​កីឡា​ការិនី​ឆ្នើម​របស់​ពិភពលោក​នា​ឆ្នាំនេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114