ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​២​នាក់ ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​ស្ត្រី​ម្នាក់​របួស​ធ្ងន់

រតនគិរី​ ៖​ ម៉ូតូ​ហុងដា​ឌ្រីម​២​គ្រឿង​ពន្លះ​គ្នា​នៅ​កណ្ដាល​ប្រ​លាន​យន្តហោះ​ចាស់​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៣​នាក់ ​បាន​រង​របួស​ធ្ងន់​ និង​ស្រាល។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ​ថ្ងៃ​ព្រហស្បតិ៍​៥​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ប្រលាន​យន្តហោះ​ចាស់ ស្ថិត​ក្នុង​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បាន​ឃើញ​ស្រី​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ទិសដៅ​ពី​កើតមក​លិច ខណៈ​​មកដល់​ត្រង់​ចំណុច​កើតហេតុ​ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​ត្បូង​ទៅ​ជើង​បម្រុង​បត់​ទៅ​ទិស​ខាងលិច​ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​ស្ត្រី​ម្នាក់​កំពុង​ធ្វើ​ចរាចរណ៍​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទាំងសងខាង។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឡា​បាន​សៀក​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ស​ម្ភ​ស្ស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ របួស​ធ្ងន់​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រដ្ឋ ១៤ ១-០៣៤៩។

រីឯ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី ១A-៦៦៩៤ អ្នកបើកបរ​មានឈ្មោះ ចែម សុ​វ​ត្តី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ល្អឺ​ន ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី របួសស្រាល។

អ្នក​រួម​ដំណើរ​ឈ្មោះ​លី ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ឥស្លាម ​មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ របួសធ្ងន់​បែក​ក្បាល​ហូរ​ឈាម​ពេញ​ខ្លួន។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ​បាន​រង​ការខូចខាត​ទាំងសងខាង។

ក្រោយ​កើតហេតុ​ អ្នក​រង​របួស​ទាំងសងខាង​ ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ព្យាបាល​របួស។

ដោយឡែក​មធ្យោបាយ​ទាំង​២​គ្រឿង​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​រឹបអូស​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕