ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​សុខាភិបាល ស្នើ​ពលរដ្ឋ​ឈប់​ប្រើប្រាស់​ជាបន្ទាន់​នូវ​ផលិតផល​ឱសថ​ និង​គ្រឿងសម្អាង ​ដែល​គ្មាន​ការអនុញ្ញាត

​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ប្រើប្រាស់​ជាបន្ទាន់​នូវ​ផលិតផល​ឱសថ និង​គ្រឿង​សម្អាង​ដែល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​ ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ដល់​សុខភាព។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ក្រសួងសុខាភិបាល​ បាន​ហាមឃាត់​ផលិតផល​ជាង​២០​មុខ ​រាប់​ចាប់ពី​ថ្នាំ​ជំនួយ​សុខភាព គ្រឿង​សម្អាង ថ្នាំ​ធ្វើ​ឲ្យ​ស្បែក​ស និង​ថ្នាំ​ពង្រីក​ដើមទ្រូង​ជាដើម ដែល​គ្មាន​ការ​ចុះ​បញ្ជិកា ប្រតិវេទន៍ គ្មាន​ការពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល កំពុង​ចែកចាយ​ដោយ​គណនី​ហ្វេ​ស​បុក​ឈ្មោះ Family Doctor Cambodia។

នេះ​មិនមែនជា​លើក​ទី​១​មួយ ​ដែល​ក្រសួង​បាន​ហាមប្រាម​បែបនេះ​ជាក់ស្ដែង​គិត​ពី​ ខែ​តុលា ​រហូត​ដល់​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដីជូនដំណឹង​ចំនួន​៦ ហាមឃាត់​គ្រឿង​សម្អាង ថ្នាំ​សម្រក​រាង ថ្នាំ​ប៉ូវ​កម្លាំង និង​ជំនួយ​សុខភាព​ផ្លូវ​ភេទ​បុរស មិន​តិច​ជាង​៥០​មុខ​ទេ ​ដែល​ត្រូវ​បាន​ក្រសួង​ហាមឃាត់​នោះ​។​

ជាមួយគ្នានេះ ​ក្រសួងសុខាភិបាល​ ក៏​ស្នើ​ដល់​ពលរដ្ឋ​ឲ្យ​រាយការណ៍​ពី​ការ​ចរាចរណ៍​ផលិតផល​ទាំង​នោះ​មកកាន់​ក្រសួង​ ដើម្បី​មាន​វិធានការណ៍​ផង​ដែរ​។​

គួរ​បញ្ជាក់ថា​ កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ចុះ​បង្ក្រាប​ក្រុមហ៊ុន​ចែកចាយ​ថ្នាំពេទ្យ​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​ចែកចាយ​ជាង​៧​ឆ្នាំ​ហើយ ដោយបាន​ដកហូត​ជា​បណ្ដោះអាសន្ន​នូវ​ផលិតផល​ឱសថ​ខុស​ច្បាប់ និង​អន់​គុណភាព​បាន​ចំនួន​៤០​តោន​។​

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​ព័ត៌មាន​ក្នុងស្រុក​កន្លង​មក​ថា​ ឱសថ ​ឬ​ថ្នាំ​ប៉ូវ​ដែល​មិន​ស្របច្បាប់​មានន័យថា​គាត់​មិនបាន​ចុះបញ្ជី​នៅ​ក្រសួងសុខាភិបាល​មិនបាន​យក​ឱសថ ឬ​ថ្នាំ​ប៉ូវ​ទាំង​នោះ​មក​ធ្វើតេស្ត​ពិសោធន៍​នៅ​មន្ទីរ​ពិសោធន៍ ហើយ​មិនបាន​បើក​នូវ​លិខិត​ពាណិជ្ជកម្ម​ដើម្បី​ធ្វើ​ជំនួញ​នានា​នោះ​ទេ​។​

លោក​បាន​បន្ត​ទៀត​ថា ​ដើម្បី​ជៀសវាង​ខូច​សុខភាព ក៏ដូចជា​ជៀសវាង​ការ​ចំណាយ​ថវិកា​ដែល​អាច​បាត់បង់​នូវ​ផល​ប្រយោជន៍​របស់​បង​ប្អូន​សូម​បងប្អូន​កុំ​ទិញ​ ឬ​ប្រើប្រាស់​ឱសថ ​ឬ​ផលិតផល​ទាំង​ឡាយ​ដែល​ប្រកាស​ដោយ​ក្រសួងសុខាភិបាល ហើយ​ដើម្បី​ឲ្យ​បងប្អូន​ជួយ​ផ្សព្វផ្សាយ​អំពី​ទីតាំង ​ឬ​កន្លែង​ណា​ដែល​មាន​ការលក់ដូរ​ដែល​មិន​ស្របច្បាប់​ទាំងនេះ។​

លោក​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ក្រសួងសុខាភិបាល​ បាន​ត្រួតពិនិត្យ និង​តម្រូវ​ឲ្យ​ឱសថ​ស្ថាន​ទាំង​អស់​មក​ចុះបញ្ជី និង​សុំ​លិខិតអនុញ្ញាត​ពី​ក្រសួង​អស់ហើយ តែ​អ្វី​ដែល​ជា​បញ្ហា​ថ្មី​នៅពេលនេះ ​គឺ​មាន​និន្នាការ​ នៃ​ការ​លក់​តាម​អន​ឡាញ​ដែល​ពិបាក​ស្វែងរក​ទីតាំង ជាហេតុ​ធ្វើ​ឲ្យ​បញ្ហា​ថ្នាំ​ខូចគុណភាព និង​គ្មាន​ការ​ត្រួតពិនិត្យ​នៅតែមាន​នៅ​កម្ពុជា​។​

លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​រាយការណ៍​នៅពេល​ឃើញ​មាន​អ្នក​ចែកចាយ​ផលិតផល​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទាំងនេះ​ទៅកាន់​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​បង្ក្រាប​។​

លោក យ៉ង់ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព មាន​ប្រសាសន៍​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល ​គួរ​មាន​វិធានការ​រឹត​បន្តឹង​ការត្រួតពិនិត្យ​នៅ​តាម​ព្រំដែន ព្រមទាំង​មាន​វិធានការ​ធ្ងន់ធ្ងរ និង​ជាក់លាក់​ចំពោះ​អ្នក​ដែល​នាំ​ផលិតផល​ទាំងនោះ​ចូល​៕​