ព័ត៍មានទាន់​ហេតុការណ៏
Search

ខេត្ត​ព្រះវិហារ ទោះបីជា​ខេត្ត​ដាច់ស្រយាល តែ​មាន​សមិទ្ធផល ស្អេកស្កះ​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មក​នេះ

ព្រះវិហារ ​៖ ​ខេត្ត​ព្រះវិហារ គឺជា​ខេត្ត​មួយ​ ដែល​បាន​រំដោះ ពី​របប​ប៉ុលពត​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា​ ឆ្នាំ​១៩៧៩ ពោល​គឺជា​ខេត្ត​ដែល​បានជា​ខេត្ត​មួយ​រំដោះ​ក្រោយ​គេ ។ ខេត្ត​មួយ​នេះ​ទោះបីជា​ខេត្ត​ដាច់ស្រយាល តែ​មាន​សមិទ្ធផល​ច្រើន ស្អេកស្កះ​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មក​នេះ។

នេះ​បើតាម​ប្រសាសន៍​របស់​លោក ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុម ការងារ ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ពុធ ៥​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ ក្នុង​ពិធី​មហា​មិ​ទ្ទីង អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ​៧​មករា (៧​មករា​១៩៧៩-៧​មករា​២០១៩) នៅ​ពហុកីឡាដ្ឋាន​ខេត្ត​ព្រះវិហារ ដោយមាន​វត្តមាន​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត ព្រះ វិហារ លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ និង​មាន​មហាជន​ចូលរួម​ប្រមាណ ៣​ពាន់​នាក់ ហើយ​ពិធី​នោះ​មានការ​ដង្ហែ​ក្បួន​ដោយ រថយន្ត​យ៉ាងច្រើន​ដែល​លម្អ​ដោយ​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បដា​ពាក្យស្លោក​យ៉ាងច្រើន​ផងដែរ។

លោក ទេសរដ្ឋមន្ត្រី មាស សុភា បាន​មានប្រសាសន៍​លើកឡើង​ទៀតថា ការ​ប្រារព្វ​ពិធី​នេះ​ឡើង​គឺ​ក្នុង​គោលបំណង រំលឹក​ពី​ការ​ដឹងគុណ ចំពោះ​ថ្នាក់ដឹកនាំ អ្នកស្នេហាជាតិ ដែល​បាន​បូជា សាច់​ស្រល់​ឈាម​ស្រស់ ក្នុងការ​ប្រទេសជាតិ​ចេញពី​របប​ប៉ុល​ពត។ ធ្វើឡើង ដើម្បី​វាយ​តម្លៃ សមិទ្ធផល​នានា​ដែល​បាន​កើតមានឡើង​ស្អេកស្កះ​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មកនេះ។ ជាង​នេះ​ ទៅ​ទៀត​ការ​ប្រារព្វ​ពិធី​នេះ ក៏​ធ្វើឡើង​ដើម្បី​ដកស្រង់​បទពិសោធន៍ មេរៀន ដើម្បី​អោយ​កូនចៅ​ជំនន់​ក្រោយ​បាន​យល់ដឹង។

លោក​បន្ត​ថា ក្រោម​ការ​ដឹក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កម្ពុជា​បាន​ធ្វើ​ការ​កសាង និង​អភិវឌ្ឍ​​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​តាំងពី​បាតដៃ​ទទេ រហូតមកដល់​ពេល​បច្ចុប្បន្ន។ ជាក់ស្តែង​សម្រាប់​ខេត្តព្រះវិហារ ដែល​ជា​ខេត្ត​ដាច់​ស្រយាល ក៏បាន​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ផង​ដែរ​។ ត្រូវ​ចាំ​ថ្ងៃ​៧​មករា រហូត ដោយ​ថ្ងៃនេះ​ជា​មិត្ត យើង​មាន​សត្រូវ​តែមួយគត់ នោះ​គឺ​របប​ប៉ុល ពត ដូច្នេះ​ទេ យើង​ត្រូវ​និយាយ​អោយ​ក្មេង​បាន​យល់​ពី​ក្មេង​ជំនន់​ក្រោយ​បាន​យល់​ពី​អត្ត​ន័យ​និង​គុណ​៧​មករា​អោយ​បាន​ច្បាស់លាស់។

លោក​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​ដែល​ពីមុន​ធ្លាប់​ត្រូវ​បាន​គេ​ប្រមាថ​មើលងាយ ត្រូវ​បាន​គេ​ហ៊ុមព័ទ្ធ និង​ឯកោ​ទាំង​ផ្នែក​នយោបាយ ទាំង​សេដ្ឋកិច្ច។ ក៏ប៉ុន្តែ​ឥឡូវនេះ កម្ពុជា​ក្លាយទៅជា​រដ្ឋ​ឯករាជ្យ​មួយ ដែលមាន​អធិបតេយ្យ បូរណភាព​ទឹកដី​ពេញលេញ ហើយ​កំពុង​ពង្រីក​ការ​ធ្វើ​សមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម នៅ​ក្នុង​រចនាសម្ព័ន្ធ​ក្នុង​តំបន់ និង​ពិភពលោក ព្រមទាំង​បំពេញ​តួនាទី​យ៉ាងសកម្ម ដោយ​ស្មើភាព ស្មើ​សិទ្ធិ រាល់​កិច្ចការ​ក្នុង​តំបន់ និង​អន្តរជាតិ។

ការ​ប្រារព្ធ ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវា​ជ័យជម្នះ ៧​មករា​នេះ​ឡើង គឺ​ដើម្បី​រម្លឹក​ដល់​ថ្ងៃកំណើត​ទី​ពីរ​នៃ​ការ​រស់​មានជីវិត​ឡើងវិញ បន្ទាប់ពី​កម្ពុជា​ត្រូវបាន​រំដោះខ្លួន ចេញពី​ការកាប់សម្លាប់​របស់រ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត។

កាលពី​៤០ ឆ្នាំមុន ទឹកដី​កម្ពុជា​ត្រូវ​បាន ពួក​ប៉ុល ពត ឆក់​ប្លន់​យក​ទាំងស្រុង​នូវ​សមិទ្ធផល សិទ្ធិសេរីភាព និង​ជីវិត​ប្រជាជន​កម្ពុជា ដ៏​ឃោរឃៅ​យង់ឃ្នង​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ ធ្វើឱ្យ​ទឹកដី​កម្ពុជា​ទាំងមូល ក្លាយ​ជា​គុក​ឥត​ជញ្ជាំង និង​ជា​វាល​ពិឃាដ​ជោកជាំ​ដោយ​ឈាម និង​ទឹកភ្នែក ហើយ​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ៣​លាន​នាក់ ត្រូវ​សម្លាប់​យ៉ាង​អាណោចអាធ័ម និង​អយុត្តិធម៌​បំផុត​។ ប៉ុន្តែ​ក្រោយមក​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បាន​បង្កើត​ឡើង​នា​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ដឹកនាំ​ដោយ​សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង​ឥស្សរជន​ស្នេហា​ជាតិ​ជា​ច្រើនរូប​ទៀត រួម​និង​កម្លាំង​សាមគ្គី​ពី​ប្រជាជន​កម្ពុជា ទាំងមូល​បាន​ធ្វើ​ការ​ប្រឆាំង​តស៊ូ​ពី​របប​ប្រល័យពូជសាសន៍ ព្រមទាំង​ទទួល​បាន​ការ​ជួយ ឧបត្ថម្ភ​គាំទ្រ​ដ៏​ស្មោះសរ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​កងទ័ព​ស្ម័គ្រ ចិត្ត​វៀតណាម និង​ការ​គាំទ្រ​ពី​កម្លាំង​ស្នេហា​សន្តិភាព យុត្តិធម៌​នានា​នៅ​លើ​ពិភពលោក បាន​វាយ​ផ្តួល​រំលំ​របប​ប្រល័យពូជសាសន៍​សម្រេច​បាន​មហា​ជ័យជម្នះ ដ៏​ត្រចះត្រចង់​ជា​ប្រវត្តិ សាស្ត្រ នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។

លោក អ៊ុន ចាន់​ដា អភិបាលខេត្ត ព្រះ វិហារ បាន​មានប្រសាសន៍​លើកឡើងថា រាជរដ្ឋាភិបាល​មាន​សត្រូវ​តែមួយគត់ នោះ​គឺ​របប​ប៉ុល ពត​នេះឯង ពោលគឺ​យើង​ប្រឆាំង​ដាច់ខាត​ចំពោះ​របប​ដ៏​ខ្មៅ​ងងឹត​នេះ បើទោះបី​ជន​អគតិ​មួយ​ចំនួន​បាន​លើក​ឡើង​និង​និយាយ​បំផ្លើស​ខុស​ពី​ការពិត​ពីរបប​ដ៏​ឃោរឃៅ​នេះ​យ៉ាង​ណាក្តី​។ យើង​ត្រូវ​រួមគ្នា​ពង្រឹង​ដាច់ខាត មិន​អោយ​គ្រោះ​មហន្តរាយ​ដោយ​សង្គ្រាម​នេះ​កើត​មាននៅ​កម្ពុជា​ទៀត​ទេ​។ ប្រឆាំង​ដាច់ ចំពោះ​អង្គការ សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែល​យក​លេស សិទ្ធិមនុស្ស ប្រជាធិបតេយ្យ បម្រើ​អោយ​មហិច្ឆតា​បរទេស នាំ​អោយ​ប្រទេសជាតិ​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម។

គួរ​បញ្ជាក់​ថា ក្បួន​រថយន្ត​ដង្ហែ​ របស់​ខេត្ត​ព្រះ​វិហារ អបអរសាទរ​ខួប​ទី​៤០​ទិវា​ជ័យជម្នះ​៧​មករា ជ័យជម្នះ​៧​មករា​១៩៧៩-២០១៩ បែងចែក​ជា​បី​ផ្នែក ក្បាល ដងខ្លួន និង​កន្ទុយ​នាគ ដែល​បាន​បង្កប់​នូវ​អត្ថន័យ​ដ៏​ស៊ីជម្រៅ ពាក់ព័ន្ធ​នឹង​ថ្ងៃ​រំដោះ​៧​មករា និង​ការ​រីកចម្រើន​របស់​ប្រទេសជាតិ​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ។

ខាង​ក្រោម​នេះ​ ជា​សេចក្ដី​អត្ថាធិប្បាយ​ ក្បួន​រថយន្ត​ដង្ហែ​ របស់​ខេត្ត​ព្រះវិហារ អបអរសាទរ​ខួប​ទី​៤០​ទិវា​ជ័យជម្នះ​៧​មករា​១៩៧៩-២០១៩ ដែល​មាន​អត្ថន័យ​ដូចតទៅ​៖
១/ នាគ​ក្បាល​ប្រាំពីរ​ក្នុង​រចនាប័ទ្ម​ប្រាសាទ​ព្រះវិហារ កំពុង​​បើក​ពពារ​ដ៏​មាន​ឫទ្ធ​អំណាច​ដឹកនាំ​ក្បួន​រថយន្ត​ខេត្តព្រះវិហារ​ភ្ជាប់​ជាមួយ​ផែន​នៃ​ក្បូរក្បាច់​រចនា​យ៉ាង​ល្អ​ប្រណិត​រំលេច​រូបថត​សម្តេច​ទាំង​២ ដែល​ជា​វីរជន​​ឆ្នើម​ក្នុង​ការ​រំដោះ​ជាតិ​ទឹកដី និង​នាំមក​នៅ​សុខ​ស​និ្ត​ភាព ហែហម​អម​មក​ជាមួយ​​ជើង​ពានមាស​ទម្រ​ស្លាក​សញ្ញា​ខួប​ទី​៤០​នៃ​ថ្ងៃ​ជ័យជម្នះ​៧​មករា ដែល​មាន​រយៈពេល​៤​ទសវត្ស​ប្រកបដោយ​ជោគជ័យ​កន្លងទៅ​ក្នុង​ដំណើរ​ ឆ្ពោះទៅមុខ​ក្នុង​អត្ថន័យ​ខ្ពង់​ខ្ពស់បំផុត​។ នា​គ​ជា​និមិត្តរូប​នៃ​ភាព​ត្រជុំ​ត្រជាក់ ភាពរឹងមាំ​អមតៈ​នៃ​ការការពារ និង​ថែរក្សា​ប្រកប​សុខសន្តិភាព ដោយ​តេ​ជៈ​មហិទ្ធិឫទ្ធិ និង​ជា​តំណាង​អោយ​ភាព​គង់​វង់​យូរ​អង្វែង​នៃ​ការដឹកនាំ​ប្រកបដោយ​ភាព​អង់អាច​ក្លាហាន។ ២/ ផ្នែក​ទី​២ ដងខ្លួន​នាគ​ជា​ទម្រ​​យ៉ាង​រឹងមាំ​កំពុង​ទ្រទ្រង់​ភ្នំ​២​បន្តបន្ទាប់​គ្នា​គឺ​ភ្នំ​ត្បែងមានជ័យ និង​ភ្នំ​ដងរែក ដែល​កាន់តែ​អស្ចារ្យ​ទៅទៀត​នោះ​គឺ​នៅ​លើ​កំពូលភ្នំ​ទាំង​២​មាន​អច្ឆរិយ្យ​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ​គឺ​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ដែល​បាន​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ដោយ unesco និង​ភ្ជាប់​ដោយ​មហា​កំផែង​ដ៏​អស្ចារ្យ​នៃ​រាជធានី​ចាស់​កោះកែរ ដែល​នៅ​លើ​កំពូល​នៃ​ប្រាសាទ​មាន​ព្រាប​ស​កំពុង​ហោះ​ត្រដាងស្លាប​ក្នុង​អត្ថន័យ​សិរី​ភាព សុខ​សន្តិភាព បរិបូរណ៍​នៃ​ប្រទេស​កម្ពុជា ​បង្កើត​អោយមាន​ក្តី​សុខ​សប្បាយ​ក្រោម​ការចូលរួម​យ៉ាងសកម្ម​ពី​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ កម្មករ កសិករ បញ្ញវន្ត ជនជាតិ​​ដើម​ភាគតិច យុវជន យុវនារី ព្រះសង្ឃ ដែល​សមាសភាព​ទាំង​អស់​នេះ​ជា​កម្លាំង​ស្នូល​យ៉ាង​សំខាន់​នាំ​អោយ​មាន​អ្វីៗ​គ្រប់យ៉ាង​ក្រោយពី​ជ័យជម្នះ​៧​មករា ដែល​តំណាង​ដោយ​នារី​ចំនួន​៧​នាក់​មាន​សម្លៀកបំពាក់ ៧​ពណ៌​តំណាង​អោយ​សិរី​សួស្ដី​ទាំង​៧​ថ្ងៃ។ នៅ​ជុំវិញ​ខ្លួន​នាគ​នាំ​រថយន្ត​ក៏មាន​ការ​​ ​បង្ហាញ​រូបថត​ចំនួន​១៤​ផ្ទាំង​ដែល​បង្ហាញ​ពី​វិវឌ្ឍនៈ​ភាព​រីកចម្រើន​​លើ​គ្រប់​វិស័យ​ក្នុង​ទឹកដី​ខេត្តព្រះវិហារ​ក្នុង​រយៈពេល ៤០​ឆ្នាំ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​បង្ហាញអក្សរ​ថា ខេត្តព្រះវិហារ​អបអរសាទរ​ខួប​លើក​ទី​៤០​ទិវា​ជ័យជម្នះ​៧​មករា ១៩៧៩-២០១៩។ ៣/ ផ្នែក​កន្ទុយ​នាគ ដែលមាន​ដាក់​បញ្ឈរ​ឡើង​ដោយ ទង់ជាតិ ទង់​សាសនា ទង់​ព្រះមហាក្សត្រ ក្នុង​អត្ថន័យ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​ឯករាជ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​៕ ​

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114