ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រាន់តែ​ភ្ញៀវ​មើលមុខ​ស្រី​ស្រស់​ជា​ប្អូនស្រី​ម្ចាស់​ហាង​ញយ​ដង​ ស្រាប់តែ​ក្រុម​ចុងភៅ​ និង​សន្តិសុខ​ហាង​នោះ ​ស្ទុះ​ទៅ​វាយ​ប្រាវ​​

ភ្នំពេញ ​៖​ ដោយ​គ្រាន់​តែ​ភ្ញៀវ​បាន​មើលមុខ​ប្អូនស្រី ម្ចាស់​ហាង​ញឹក​ពេក ​ក៏ត្រូវ​ក្រុម​ចុងភៅ ​រួម​នឹង​សន្តិសុខ​ហាង​លក់​សាច់​អាំង ​យីហោ​ភ្នំពេញ​(BBQ & Streamboat) ​នាំគ្នា​ទាញ​សោ​ច្រវាក់ ​ទៅ​វាយ​ទៅលើ​បុរស​ដែល​ជា​ភ្ញៀវ​ម្នាក់​នោះ​ បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ភ្ញៀវ​ផ្សេងទៀត​ដែល​បាន​ចូល​ទៅ​ជួយ​ឃាត់​ ក៏​ត្រូវ​ក្រុម​ចុងភៅ និង​សន្តិសុខ​កាន់​ច្រវាក់ ​និង​ទាញ​កែវ​គប់ បណ្ដាល​ឲ្យ​របួស​បែកក្បាល​២​នាក់​ទៀត ហើយ​ភ្លាមៗ​នោះ​ក្រុម​ជនបង្ក​បាននាំគ្នា​រត់​ចូលទៅក្នុង​ហាង​ ដោយ​ទាញ​ទ្វារ​បិទ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ ចុះទៅ​អន្តរាគមន៍​ទាំង​យប់​ផងដែរ​។​

​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ហាង​សាច់​អាំង​យីហោ “​ភ្នំពេញ​សាច់​អាំង BBQ & Streamboat” ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១៣៦ ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​២ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។​

​ខណៈដែល​កំពុងតែ​ខ្ទប់​ឈាម​ក្បាល​របស់​ខ្លួន​បុរសរងគ្រោះ​បាន​ឲ្យ​ដឹងថា ​រូបគាត់​ និង​មិត្តភ័ក្ដិ​បួន​ប្រាំ​នាក់​ទៀត សុទ្ធតែ​ធ្លាប់​ចូលមក​ផឹកស៊ី ក្នុង​ហាង​នេះ​ជាច្រើនលើក​មក​ហើយ ព្រោះ​មិត្តភ័ក្ដិ​របស់​ខ្លួន​ម្នាក់ ក៏​ជា​សន្តិសុខ​យាម​ម៉ូតូ​ក្នុង​ហាង​នោះ​ដែរ ហើយ​រាល់​លើក​ពួកគាត់​មិន​ធ្លាប់​មាន​បញ្ហា​ជា​មួយ​អ្នកណា​នោះទេ លុះ​មកដល់​ពេល​កើតហេតុ រូបគេ​នឹង​មិត្តភ័ក្ដិ​មាន​គ្នា​៤-៥​នាក់ បាន​ចូល​មក ហូប​សាច់​អាំង និង​ផឹកស៊ី​ជួបជុំគ្នា​ក្នុង​ហាង​ខាងលើ​បាន​សើច​សប្បាយ​ជាមួយគ្នា ​រហូត​ផឹកស៊ី​ចប់​ពួកគាត់​បាន​ឲ្យ​បុគ្គលិក​មក​គិតលុយ​ដូច​រាល់ដង ព្រោះ​ចង់​ទៅ​បន្ត​មួយ​កន្លែង​ទៀត​។​

​ជនរងគ្រោះ​រូបនោះ​បន្តថា ​ពេល​គិតលុយ​រួច ពួកគាត់​បាននាំគ្នា​ដើរ​ចេញទៅ​ក្រៅ តែ​គ្រាន់តែ​ដើរ​ដល់​ខាងមុខ​ហាង ស្រាប់តែ​ក្រុម​បុគ្គលិក​មាន​ទាំង​ចុងភៅ និង​សន្តិសុខ​នៅ​ក្នុង​ហាង​បាន​នាំគ្នា​ចេញ​មក​ព្រួត​វាយ​គាត់ មាន​ទាំង​សោ​ច្រវាក់ និង​កែវ​ស្រា បណ្ដាល​ឲ្យ​រង​របួស​បែក​ក្បាល​ជា​ច្រើន​កន្លែង ហូរ​ឈាម​ជោគ​ខ្លួន ទើប​មិត្តភ័ក្ដិ​របស់​គាត់ ក្នុង​នោះ​មាន​ម្នាក់ ក៏​ជា​សន្តិសុខ​ហាង​នោះ​ដែរ បាន​ស្ទុះ​ចូល​មក​ជួយ​ឃាត់ តែ​បែរជា​ទាស់​ពាក្យសម្ដី​គ្នា​ទៀត ធ្វើ​ឲ្យ​ផ្ទុះ​ហិង្សា​ទៅវិញទៅមក ដោយ​ក្រុម​ចុង​ភៅ និង​សន្តិសុខ​ហាង​នោះ​បាន​វាយ​ទាំង​មិត្តភ័ក្ដិ​គាត់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​ទាំងអស់​៤​នាក់​។​

​ក្នុងពេល​មាន​បញ្ហា​ដូច្នេះ​ បើតាម​សម្ដី​របស់​អ្នកគ្រប់គ្រង ហាង​រូប​ស្រស់​បាន​ឲ្យ​ដឹងថា ក្រុម​បុគ្គលិក​ក្នុង​ហាង​របស់គាត់ ក៏​រងរបួស​ដែរ បន្ទាប់ពី​វាយ​គ្នា​ទៅវិញទៅមក ដោយ​មិនទាន់​ដឹង​មូលហេតុ​នោះ បន្ទាប់មក​ពួកគេ​បាននាំគ្នា​រត់​ចូលក្នុង​ហាង​វិញ ទើប​គាត់​ប្រាប់​ឲ្យ​បុគ្គលិក​បិទទ្វារ​ចាក់សោ​សិន ព្រោះ​ខ្លាច​មានការ​វាយ​គ្នា​ម្ដងទៀត កុំ​ឲ្យ​ខូចខាត​សម្ភារៈ​ក្នុង​ហាង ពេលនោះ​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​ទាំង​យប់​។​

​ស្ត្រី​ម្ចាស់​ហាង​រូប​នោះ​បាន​បន្ត​ថា ​ទោះបីជា​យ៉ាងណា ក៏ដោយ ក្នុងនាម​គាត់​ជា​អ្នកគ្រប់គ្រង​ហាង គាត់​នៅតែ​ទទួលខុសត្រូវ តាម​រូបភាព​ជាក់ស្ដែង តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ព្រោះ​ជនរងគ្រោះ​ជា​ភ្ញៀវ ពួកគាត់​បាន​ចូលមក​ហូបចុក លក្ខណៈ​ធម្មតា​ប៉ុណ្ណោះ និង​មិនមែន​មក​អុកឡុក ហាង​អ្វី​ឡើយ​ហើយ​ពេល​ចប់​ពួកគាត់​បានមក​គិតលុយ គ្រប់​ចំនួន​ផងដែរ ដូច្នេះ​គាត់​សុំ​ជួយ​ដោះស្រាយ​សិន។​

ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត ដែលជា​សន្តិសុខ​ហាង​នោះដែរ បាន​ប្រាប់​ថា រឿងនេះ គឺ​កើត​ឡើង​ដោយសារ​ប្រច័ណ្ឌ​ ព្រោះ​គ្រាន់តែ​មិត្តភ័ក្ដិ​របស់គាត់​ដែល​របួស​ក្បាល​នោះ ក្រឡេក​មើល​មុខ​ប្អូនស្រី​ម្ចាស់​ហាង​ញឹកញាប់​ពេក ទើប​ធ្វើ​ឲ្យ​បុគ្គលិក​ហាង​នោះ​ប្រច័ណ្ឌ ទើប​បង្ក​ជា​ហិង្សា​មក​លើ​ពួកគាត់ បណ្ដាល​ឲ្យ​រងរបួស​បែបនេះ​តែម្តង​។​

​បន្ទាប់មក​ ស្ត្រី​ជា​អ្នកគ្រប់គ្រង​ហាង បាន​ចូលមក​សម្របសម្រួល​ជាមួយ​អ្នករងរបួស​ធ្ងន់​ស្រាល​ទាំង​៤​នាក់​នោះ ដោយ​ភាគី​ខាង​ជនរងគ្រោះ សុំ​ទាម​ទារជំងឺចិត្ត​ និង​ថ្លៃ​ព្យាបាល​របួស ព្រោះ​មិន​ចង់ទៅ​ប៉ុស្តិ៍​ដាក់ពាក្យ​បណ្ដឹង​នាំ​វែងឆ្ងាយ​នោះ ​ទើប​ស្ត្រី​ជា​អ្នកគ្រប់គ្រង​ហាង​នោះ​សុំ​សម្រួល​ និង​ព្រម​ចេញ​ថ្លៃ​ព្យាបាល​របួស ចំនួន​៧០០​ដុល្លារ ដោយ​ក្នុង​នោះ​សងជំងឺចិត្ត​ទៅកាន់​អ្នករបួស​ក្បាល​ធ្ងន់​២​នាក់ ៥០០​ដុល្លារ (​ក្នុង​ម្នាក់​២៥០​ដុល្លារ ​) និង​នៅសល់​២០០​ដុល្លារ សម្រាប់​ថ្លៃ​ព្យាបាល​របួសស្រាល​។​

​ជាមួយគ្នានេះដែរ បុរស​ដែលជា​សន្តិសុខ​រងគ្រោះ​ក៏​សុំ​ឈប់​ធ្វើការ​ផងដែរ ចំណែក​អ្នកគ្រប់គ្រង​ហាង​រូប​ស្រស់​រូប​ស្រស់​រូបនោះ ​ក៏​មិនបាន​បង្ខិតបង្ខំ​ ឬ​ដាក់​លក្ខខណ្ឌ​អ្វី​ដល់​សន្តិសុខ​រូប​នោះ​ទេ គឺ​គាត់​សុំ​ឈប់​ពី​ការងារ ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​។​

​ក្រោយ​កើតហេតុ ភាគី​ទាំងសងខាង បាន​យល់ព្រម​សម្របសម្រួល​គ្នា នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌មាន រួមទាំង សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារកណ្ដាល​ទី​២ ដោយ​អ្នកគ្រប់គ្រង​ហាង​សង​ជំងឺចិត្ត ​និង​ថ្លៃ​ព្យាបាល​របួស​ចំនួន​៧០០​ដុល្លារ ទៅ​ឲ្យ​ភាគី​ជនរងគ្រោះ​ទាំង​៤​នាក់​នោះ ដើម្បី​បញ្ចប់​រឿង ដោយ​មិន​មានការ​ប្ដឹងផ្ដល់​អ្វី​នោះ​ទេ គ្រាន់តែ​ធ្វើ​កិច្ចសន្យា​តែប៉ុណ្ណោះ​៕